ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ វិស័យកាត់ដេរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីគ្រាដំបូង ដែលប្រទេសកម្ពុជា សម្រេចបាននូវសន្តិភាព ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
គិតត្រឹមខែតុលា ឆ្នាំ ២០២២, ចំនួនរោងចក្រកាត់ដេរ ដែលចុះបញ្ជី មានចំនួន ១.៣១៣ រោងចក្រ ដែលបានផ្តល់ការងារ ដល់កម្មករ-និយោជិត ចំនួន ៩០១.៦២៩ នាក់ ។ ដោយសារសមិទ្ធផល ពីវិស័យកាត់ដេរទាំងអស់នេះហើយ ទើបយើង អាចសម្រេចបាន នូវកំណើនសេដ្ឋកិច្ច ក្នុងអត្រាជាមធ្យម ប្រមាណ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ ទសវត្សរ៍ ចុងក្រោយនេះ និងបានកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាមួយ គួរជាទីមោទនៈ។

នេះជាការបញ្ជាក់របស់លោក បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រ កាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោង សម្តេចតេជោ សម្រាប់សកម្មភាពមីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ចំពោះ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា ហៅកាត់ថា GMAC ដោយបានប្តូរថ្មី ទៅជា សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា ហៅកាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ ដើម្បីជួយពង្រីកវិសាលភាព របស់សមាគម និងបង្ហាញពីគោលដៅរបស់ រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្ម វិស័យកាត់ដេរ និងវិស័យឧស្សាហកម្ម ជាទូទៅ សំដៅទាក់ទាញបន្ថែម នូវសកម្មភាពផលិតកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ដែលជាមូលដ្ឋានថ្មី នៃការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច ទៅថ្ងៃអនាគត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះ GMAC ឬ TAFTAC ដែលបានខិតខំ ប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានចូលរួមក្នុងកិច្ចការសង្គម នានា ប្រកបដោយបេះដូង និងស្មារតីសប្បុរសធម៌ខ្ពស់។ ជាក់ស្តែង ក្នុងអំឡុងវិបត្តិនៃជំងឺ កូវីដ-១៩, GMAC ឬ TAFTAC បានចូលរួមបរិច្ចាគជាថវិកា និងសម្ភារបរិក្ខារជូនរាជរដ្ឋាភិបាល កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបានជួយដោះស្រាយ ដល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេស បានកៀរគរសមាជិករបស់ខ្លួន ដើម្បីជួយ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្នុងការជួលអគារសម្រាប់ធ្វើ ជាមណ្ឌលសម្រាប់ព្យាបាល និងសង្គ្រោះជីវិត អ្នកជំងឺកូវីដ-១៩ ។ ខណៈនេះ, GMAC ឬ TAFTAC បានរួមសហការគ្នា ប្រមូលថវិកាសម្រាប់ជួយដល់ “គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន” នៅក្នុងពិធីប្តូរឈ្មោះរបស់សមាគម ។ ការណ៍នេះ បង្ហាញយ៉ាងច្បាស់ អំពីស្មារតីយកចិត្តទុកដាក់ខ្ពស់ មួយទៀតរបស់ GMAC ឬ TAFTAC ក្នុងការចូលរួម ដោះស្រាយ បញ្ហាគ្រាប់មីន នៅកម្ពុជា ដែលនៅជាហានិភ័យនៅឡើយ ចំពោះសុខសុវត្ថិភាព របស់ប្រជាជនកម្ពុជា ប្រមាណជាង ១ លាននាក់ ដែលរស់នៅតាមតំបន់ ដែលសង្ស័យថា មានមីននៅឡើយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់ការទុកចិត្ត និងជ្រើសរើសយកកម្ពុជា ជាគោលដៅ ក្នុងការវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីភាពចម្រុងចម្រើន ទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ លើលពីនេះ ក៏ជាការរួមចំណែក ក្នុងការកាត់បន្ថយនូវ ភាពក្រីក្រតាមរយៈ ការបង្កើតឱកាសការងារ ដើម្បីជួយលើកកម្ពស់ ដល់ជីវភាពផ្ទាល់របស់ ប្រជាពលរដ្ឋ មានជាអាទិ៍ ការទទួលបានបៀវត្ស ដើម្បីចិញ្ចឹមជីវិត និងក្រុមគ្រួសារ ការគាំពារសុខុមាលភាព ល្អប្រសើរ និងភាពចម្រុងចម្រើន ជាលំដាប់៕/V-PC