​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក ស៊ី ជីន​ភីង បាន​ទាត់ចោល​ជំនួប​ទ្វេភាគី​ជាមួយ​លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី​ដោយសារ​​តែ​ចក្រភព​អង់គ្លេស​គាំទ្រ​តៃវ៉ាន់​។​

​កាសែត Global Times​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន បាន​និយាយ​នៅក្នុង​បទ​វិចារណកថា​មួយ​ថា ប្រជុំ​នេះ​មិន​ដំណើរការ​ទៅ​មុខ​ទេ​ដោយសារ​ស៊ូ​ណា​ក់​មិន​បាន​ច្រាន​ចោល​ការបញ្ជូន​ជំនួយ​យោធា​​ដើម្បី​ជួយ​ការពារ​តៃវ៉ាន់​។ ជំហរ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេ​សត្រូវ​បានគេ​រាយការណ៍​ថា​បាន​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹងសម្បា​ផង​ដែរ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួល​បន្ទុក​គោលនយោបាយ​ពាណិជ្ជកម្ម​លោក ហ្គ្រេ​ក ហ៊ែ​ន (Greg Hands) ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​។​

​កាសែត​នេះ​បាន​និយាយថា «​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​គួរតែ​ពិចារណា​សារ​នៅ​ពីក្រោយ​សេចក្តីថ្លែងការណ៍​បែបនេះ​ក៏​ដូចជា​ប្រទេស​ដទៃ​ទៀត និង​កងកម្លាំង​ដែល​ព្យាយាម​លេង “​សន្លឹក​បៀរ​តៃវ៉ាន់​”​ដើម្បី​​គំរាមកំហែង​ដល់​អធិបតេយ្យភាព​របស់​ចិន​»​។​

“​ដរាបណា​ទីក្រុង​ឡុង​ដ៍​មិន​បញ្ឈប់​អាកប្បកិរិយា​បង្កហេតុរ​បស់​ខ្លួន​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​បន្ទាត់​ក្រោម​របស់​ទីក្រុង​ប៉េកាំង នោះ​គ្មាន​សង្ឃឹម​សម្រាប់​ការកែលម្អ​ទំនាក់ទំនង​ទ្វេភាគី​នោះឡើយ​។​ចក្រភព​អង់​​គ្លេ​ស​បាន​សម្លាប់​លទ្ធភាព​នៃ​ការសន្ទនា​ជាមួយ​ចិន​ហើយ​”​។​

​កាសែត Global Times បាន​រាយការណ៍​ថា អ្នកនយោបាយ​នៅក្នុង​ប្រទេស​ចិន​បាន​ស្នើ​ឱ្យ​ចក្រភព​អង់គ្លេស​”​បញ្ឈប់​ការបញ្ជូន​សញ្ញា​ខុស​ទៅ​កាន់​កងកម្លាំង​អបគមន៍​តៃវ៉ាន់​និង​ងាក​មក​គាំទ្រ​គោល​​ការណ៍​ចិន​តែមួយ​”​។​

​ទន្ទឹមនឹងនេះ​ដែរ រដ្ឋាភិបាល​អង់គ្លេស​បាន​អះអាងថា កិច្ចប្រជុំ​រវាង​លោក​ស៊ី​និង​លោក​ស៊ូ​ណាក់​ត្រូវ​បាន​លុបចោល​ដោយសារតែ​ការផ្លាស់ប្តូរ​កាលវិភាគ​បន្ទាប់​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​ប្រទេស​ប៉ូឡូញ និង​កិច្ចប្រជុំ​បន្ទាន់​របស់​មេដឹកនាំ G7 និង ណា​តូ​។​

​ជំនួប​របស់​លោក​ស៊ូ​ណា​ក់​និង​លោក​ស៊ី​បានគ្រោង​នឹង​ក្លា​ជា​ជំនួប​ទ្វេភាគី​លើកដំបូង​រវាង​ចក្រភព​អង់គ្លេស​និង​ចិន​ក្នុង​រយៈពេល ៥០ ឆ្នាំ និង​ជា​ការជជែក​លើកដំបូង​រវាង​ប្រទេស​ទាំង​ពីរ​ចាប់តាំងពី​ឆ្នាំ ២០១៨​។​

​លោក​ស៊ូ​ណា​ក់​បាន​គ្រោង​ជំរុញឱ្យមាន​ទំនាក់ទំនង “​ស្មោះត្រង់​និង​ស្ថាបនា​” ជាមួយ​មហាអំណាច​អាស៊ី​មួយ​នេះ ប៉ុន្តែ​កិច្ច​ពិភាក្សា​ត្រូវ​បាន​លុបចោល​ភ្លាមៗ​៕

​លោក​ស៊ី​លុបចោល​ជំនួប​ជាមួយ​លោក​ស៊ូ​ណាក់​នៅក្រៅ​កិច្ចប្រជុំ G20