ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ បេសកជនពិសេស នៃប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា សូមស្វាគមន៍​ការដោះលែង អ្នកទោសទ្រង់ទ្រាយធំ នាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សា រដ្ឋបាលរដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោក ច ទិនស្វេ អតីតរដ្ឋមន្ត្រី ការិយាល័យទីប្រឹក្សារដ្ឋ អ្នកស្រី ឡី ឡី ម៉ អតីតអភិបាល​តំបន់តានីនតាយី (Tanintharyi) លោក ម្ញា អៃ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ជំនាន់ ៨៨៨៨ បណ្ឌិត ម្ញោ ញុនត៍ សមាជិក គណៈកម្មាធិការកណ្តាល និងជាអ្នកនាំពាក្យ នៃបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) លោក ថេន អ៊ូ សមាជិកគណៈកម្មាធិការកណ្តាលបក្ស NLD លោក ច ហូ ទីប្រឹក្សាច្បាប់បក្ស NLD សាស្រ្តាចារ្យ ម៉ោង តាឆូ និងព្រះតេជគុណ ស្វ៊ែ ញ៉ាវ៉ារ លោកស្រី វីគី បូម៉ែន អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅ​មីយ៉ាន់ម៉ា និងស្វាមី លោកសាស្រ្តាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សានយោបាយសេដ្ឋកិច្ច របស់លោកស្រី អោង សាន់ស៊ូជី លោក តូរូ គូបូតា ជាអ្នកកាសែត និងផលិតករភាពយន្តជប៉ុន និងលោក ច ថេ អ៊ូ ជាពលរដ្ឋ​អាមេរិក។

បេសកជនពិសេស ចាត់ទុកការដោះលែង អ្នកទោសទ្រង់ទ្រាយធំនេះថា ជាកាយវិការ ដ៏សំខាន់ ក្នុងទិសដៅ​ត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផល សម្រាប់ចាប់ផ្តើម ដំណើរការសន្ទនា ក្នុងចំណោមភាគី​ពាក់ព័ន្ធ​ទាំងអស់ នៅប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាសញ្ញា បង្ហាញពីសុឆន្ទៈ ក្នុងការស្វែងរកដំណោះស្រាយ ដោយ​សន្តិវិធី ចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នា នៃកិច្ចព្រមព្រៀង ជាឯកច្ឆ័ន្ទ ៥ ចំណុច ដែលសំរេចក្នុងកិច្ចប្រជុំ មេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១។

ក្នុងបំណងបន្តកិច្ចប្រឹងប្រែង ដែលបានធ្វើតាំងតែពីដើមអាណតិ្ត ជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយ​ឲ្យមីយ៉ាន់ម៉ា វិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ បេសកជន ពិសេស នឹងធ្វើដំណើរ​ទស្សនកិច្ច លើកទី៣ ដូចបានគ្រោងទុក កន្លងមក នៅប៉ុន្មានសប្តាហ៍ ខាងមុខនេះ ដោយសង្ឃឹមថា នឹងអាច​សម្រេចបាននូវ វឌ្ឍនភាពបន្ថែមទៀត លើអាទិភាព ចំនួនបី នៃកិច្ចព្រមព្រៀង ជាឯកច្ឆ័ន្ទ ៥ ចំណុច គឺការបញ្ចប់អំពើហិង្សា ការសម្របសម្រួល ការចែកជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់កិច្ចសន្ទនាសន្តិភាព ប្រកបដោយបរិយាប័ន្ន៕/V-PC