ដោយៈ ប.ខុន / ភ្នំពេញៈ បទល្មើសនេសាទត្រី ដោយប្រើឩបករណ៍ឆក់ នៅក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង ពីមុន ក៏ដូចពេលនេះ គឺនៅតែមាននៅកន្លែង ដែលអាជ្ញាធរមូលដ្ឋាន មិនបានចូល រួមធ្វើការទប់ស្កាត់ និងតំបន់មិនមានសហគមន៍នេសាទ ជួយការពារ។ អ្នកនេសាទត្រី ដោយប្រើឧបករណ៍ឆក់ម្នាក់ ត្រូវបានឃាត់ខ្លួន ដោយនគរបាល ប៉ុស្តិ៍រដ្ឋបាលកន្សោមអក បញ្ជូនឱ្យរដ្ឋបាលជលផលព្រៃវែង ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ថាៈ បទល្មើសឆក់ត្រី នៅតាមបឹងវាលស្រែ ក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង ពេលនេះ នៅតែមានដូចពេលមុន នៅកន្លែងដែលអាជ្ញាធរមូលដ្ឋាន មិនចូលរួម ជួយធ្វើការទប់ស្កាត់ និងតំបន់ដែលមិនមានសហគមន៍នេសាទ ជួយការពារ។

នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ អ្នកនេសាទត្រី ដោយប្រើ ឧបករណ៍ឆក់ ដែលឃាត់ខ្លួនបានកន្លងទៅ ភាគច្រើន មានជីវភាព មិនសូវធូរធារទេ តែបើយើងមិនធ្វើការទប់ស្កាត់នោះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងធ្វើការរិៈគន់មកលើ ផ្នែកជំនាញ។ នៅមូលដ្ឋាន ដែលមានការជួយអប់រំពីអាជ្ញាធរ គឺមិនសូវមានបទល្មើស កើតឡើងទេ។

លោក អូន ស៊ីណាត បាននិយាយឱ្យដឹងទៀតថាៈ ករណីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កន្សោមអក បង្ក្រាបបានអ្នកនេសាទត្រី ដោយប្រើឧបករណ៍ឆក់ កាលពីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា យើង (អូន ស៊ីណាត) កំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការហើយ។ កន្លងទៅ នៅពេលមានការចាប់បញ្ជូន អ្នកនេសាទខុសច្បាប់ ទៅតុលាការបែបនេះ តែងធ្វើឱ្យបទល្មើស មានការស្ងប់ស្ងាត់មួយរយៈ។

កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា លោក វរសេនីយ៍ត្រី វ៉ា ណារ៉ា នាយប៉ុស្តិ៍ និងមន្ត្រី នៅក្នុងការចុះ ល្បាតពេលយប់ ដល់ចំណុចវាលស្រែ ស្ថិតក្នុងភូមិជ្រួល ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានជួបប្រទះ ឈ្មោះ អៀង ជា ភេទប្រុស អាយុ ៤៣ ឆ្នាំ នៅភូមិជ្រួល ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងធ្វើសកម្មភាពឆក់ត្រីក្នុងស្រែ ហើយក៏ បានឃាត់ខ្លួន ជាមួយនឹងវត្ថុតាង រួមមាន អាគុយ ៤០ អំពែ ចំនួនមួយគ្រឿង ដុំអាំងវ័ទ័រឆក់មួយ ក្បាលពិលមួយ ទ្រុងត្រីចំនួនមួយ និងត្រីមួយចំនួន៕/V