ដោយៈ សុខុម / ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការខេត្តស្ទឹងត្រែង បានសម្រេចចេញដីកាឃុំខ្លួន បុរសពីរនាក់ ក្នុងនោះមានខ្មែរម្នាក់ និងឡាវម្នាក់ ដោយចោទប្រកាន់ ពីបទរក្សាទុកឧបករណ៍ឆក់ត្រី ខុសច្បាប់ ដោយដាក់ក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេត ទៅតាមនីតិវិធីច្បាប់។

លោក យាម សាវុធ នាយផ្នែករដ្ឋបាលជលផលសេកុង នៃខណ្ឌជលផលខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថាៈ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ កម្លាំងនគរបាល ប៉ុស្តិ៍អន្លង់ឈើទាល និងនគរបាលវរៈការពារ ព្រំដែន លេខ៧០១ ឆ្នាំទន្លេ បានចុះល្បាត ក្នុងភូមិសាស្ត្រឃុំព្រះរំកិល ក៏ប្រទះឃើញទូក ជនសង្ស័យមួយគ្រឿង មានដឹកត្រី ព្រមទាំងមានអាគុយ ១គ្រឿង វត្ថុតាងរួមផ្សំបម្រើឱ្យ បទល្មើសនេសាទ។ ខណៈនោះ កម្លាំងសមត្ថកិច្ច ក៏បានឃាត់សួរនាំ និងបាននាំជនសង្ស័យ ដកហូតរក្សាទុក ឧបករណ៍ឆក់ បញ្ជូនមករដ្ឋបាលជលផលខេត្ត ជាបន្ត។

លោក យាម សាវុន បានបញ្ជាក់ថាៈ ជនសង្ស័យទាំង ២ នាក់ ខាងលើ មានៈ ១. ឈ្មោះ មីណយ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិកោះល្ង ឃុំព្រះវិកិល ស្រុកបុរីអូរស្វាយ សែនជ័យ។ ជនសង្ស័យទី២. ឈ្មោះ ម៉ៃ បួលៀន ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីកន្លែង កំណើត នៅភូមិកោះស្ពឺ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។

វត្ថុតាងដកហូតបាន រួមមាន ទូកក្ដារអេវក្បាលកំបុត ប្រវែង ៥ ម៉ែត្រ ១គ្រឿង ម៉ាស៊ីនម៉ាក
ហុងដា កំលាំង ៦សេស ១គ្រឿង ក្បាលដាក់ (ពណ៌ក្រហម ចំនួន ១ គ្រឿង អាគុយពណ៌ខ្មៅ កម្លាំង ១២០ អំពែរ ចំនួន ១ គ្រឿង៕/V