ដោយៈ ចាន់តូ​/​ភ្នំពេញៈ ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ម្នាក់​បានសម្រេច ហើយ​គេចខ្លួន​បាន​ត្រឹម​ពីរ​ម៉ោង​ប៉ុណ្ណោះ​។ ហេតុការណ៍​ឆក់​កាបូប​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧:១០​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ស្ពាន​អាកាស​ចោមចៅ ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ជ្រុ​ន ស្រី​ង៉ា អាយុ​២៨​ឆ្នាំ មុខរបរ​ពេទ្យ មាន​ស្រុកកំណើត​នៅ​ភូមិ​ដើម​ដូង ឃុំ​ដើម​ដូង ស្រុក​អង្គរជ័យ ខេត្តកំពត​។​ដោយឡែក​ជនសង្ស័យ​ទី​១. ឈ្មោះ​ប្រាក់ សុខ​សេ​វី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​២. ឈ្មោះ​ហា សុខ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ សំភារៈ​បាត់បង់​មាន ខ្សែដៃ​មាស​ចំនួន​មួយ​ខ្សែ ច​ញ្ជៀ​ន​មាស​មួយ​វង់ ក្រវិល​ប្លា​ទីន ចំនួន​មួយគូ និង​ប្រាក់រៀល​ចំនួន ៦០​ម៉ឺន​រៀល ។​

​តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ បំណង​ទៅ​មន្ទីរពេទ្យ​កាលម៉ែត ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​ចោមចៅ ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជន​ង្ស័​យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ុ​យ​គី និ​ច មកពី​ក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​បានសម្រេច​ច​គេចខ្លួនបាត់ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​​កំណត់​ស្លាក​លេខ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ដែលមាន​ស្លាក​លេខ ភ្នំពេញ ១JT-៨០២៩ និង ភ្នំពេញ ១II-៤២០៨ ។ ក្រោយ​កើតហេតុ​រយៈពេល ប្រហែល​ពីរ​ម៉ោង​កំលាំង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ល្បាត ក៏​ប្រទះឃើញ​ម៉ូតូ​ដែលមាន​ភិនភាគ​ខាងលើ​ទើប​ដេញ ឃាត់ខ្លួន​បាន​ចំនួន ពីរ​នាក់ ។

​ក្រោយ​សាកសួរ ជនសង្ស័យ​ទាំងពីរ​នាក់​នោះបាន​សារភាពថា​ពួកគេ និង​បក្សពួក​ប្រហែល​១០​នាក់​ទៀត​ពិតជា​បានធ្វើ​សកម្មភាព ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​នោះ​មែន រួច​យក​គ្រឿងអលង្ការ​ទាំងនោះ​ទៅ​លក់​នៅ​ផ្សារ​ពោធិ៍ចិនតុង បាន​ប្រាក់​ចំនួន ១.៣០០ ដុល្លារ ចែកគ្នា​បាន​ម្នាក់​ចំនួន ១០០ ដុល្លារ ៕​