ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្រូវផ្ការំដូល ឡើងថ្លៃមិនក្រោម ១.០៤០ រៀល / គ.ក្រ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ។ នេះជាគោលការណ៍ឯកភាពមួយ ដែលសម្របសម្រួល ដោយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច សមាគមរោងម៉ាស៊ីន ខណ:ស្រូវរដូវវស្សា បានទុំ ហើយត្រូវសម្រុកច្រូតកាត់ព្រមៗគ្នា។

កសិករ បាននិយាយថាៈ តម្លៃនេះ បានងើបឡើងថ្លៃបន្តិច ។ ជាការអន្តរាគមន៍​បន្ទាន់ និងបន្ត លើការទទួលខុសត្រូវ តាមតួនាទីភារកិច្ចរបស់ខ្លួន នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោក លឿង សុភក្តិ អភិបាលស្រុក លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក ងិន សុទ្ធី មេឃុំស្វាយចេក និងមន្ត្រីពាក់ព័ន្ធ បានចុះជួបផ្ទាល់ នៅកន្លែងប្រមូលផ្តុំទិញស្រូវ (ដែលរៀបចំដោយ ក្រុមការងារចម្រុះ) ឈ្មួញ និងប្រជាកសិករ នៅក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ពាក់ព័ន្ធនឹងសភាពការណ៍នេះ និងបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ថាៈ ក្រុមការងារ បានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយក នៃរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនបៃតង លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍ កសិកម្ម និងជនបទ លោក លោកស្រី អភិបាលស្រុក មេឃុំ តំណាងរោងម៉ាស៊ីន កិនស្រូវ និងអ្នកប្រមូលទិញស្រូវ ផ្គត់ផ្គង់ទៅរោងម៉ាស៊ីនកិនស្រូវ។

ប្រភពព័ត៌ មានបន្តថាៈ ដើម្បីធានាស្ថិរភាពតម្លៃស្រូវ ក្រោយកិច្ចប្រជុំ ជាលទ្ធផល លោកឧកញ៉ា ភូ ពុយ បានសម្រេច ” ប្រកាសកំណត់យកថ្លៃគោល ” សម្រាប់ ស្រូវផ្ការំដួល ប្រភេទលេខ១ (ស្រូវសើម) មិនក្រោម ៩ បាត ឬ ១.០៤០ រៀល / ក្នុង១គីឡូក្រាម នៅនឹងកន្លែងដូចនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយបានអំពាវនាវ ដល់ម្ចាស់រោងម៉ាស៊ីនស្រូវ និងឈ្មួញប្រមូលទិញស្រូវ ក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ឱ្យចុះប្រមូលទិញ ដោយអនុវត្តតាមថ្លៃ ដែលបានកំណត់ ចាប់ពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។

ប្រភពបានបន្តថាៈ ការអនុវត្ដ នឹងចាប់ផ្តើមពីគោលដៅ ចំនួន ៨ ទីតាំង រួមមាន ១ទីតាំងនៅស្រុកភ្នំស្រុក , ១ទីតាំងនៅស្រុកព្រះនេត្រព្រះ , ៣ទីតាំងនៅស្រុក ស្វាយចេក និង ៣ទីតាំងនៅស្រុកថ្មពួក។ ពេលបានលទ្ធផលនេះ ប្រជាកសិករ ជាអ្នកទទួលផល គ្រប់គោលដៅទាំងអស់ បានសាទរ និងថ្លែងអំណរគុណ ទៅនឹងការអនុវត្តថ្លៃគោលនេះ។

មន្ត្រីចម្រុះ និងក្រុមហ៊ុនបៃតង បានព្រមានថាៈ ” ក្នុងករណីអ្នកទិញ មានបញ្ហា ដែលអនុវត្តមិនត្រឹមត្រូវ ប្រជាកសិករ អាចទាក់ទងជាមួយមេឃុំ ឬមន្ត្រី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ តាមរយៈទូរស័ព្ទ លេខ ០១២ ៨៣៨ ៩៣៧ ដើម្បីទទួលបានការអន្តរាគមន៍ ” ។

បញ្ហានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ ស្រូវ រដូវវស្សា នៅក្នុងខេត្តបន្ទាយមានជ័យ ស្រូវដែលប្រជាកសិករ បាននឹងកំពុង សម្រុក ប្រមូលផលដ៏មមាញឹក នាពេលនេះ មានលើផ្ទៃដីស្រែ ប្រមាណ ១០ ម៉ឺនហិកតា។ ប៉ុន្តែមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ការប្រមូលអស់ប្រមាណ ២ ម៉ឺនហិកតា ហើយនៅសល់ចន្លោះពី ៧ ទៅ ៨ ម៉ឺនហិកតាទៀត។

លោកបានទៀតថាៈ ចំពោះមុខ ក្រុមការងារចម្រុះខេត្ត ដែលមានមន្ត្រីកសិកម្មខេត្ត ពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនបៃតង បាននឹងកំពុងជួយសម្រប សម្រួលជាប្រចាំ ជាមួយឈ្មួញ និងប្រជាកសិករ តាមគោលដៅ ដែលបានរៀប ចំទុក ។ ចំណែកជើងកំពង់ នៃតម្លៃស្រូវ ប្រភេទផ្សេងទៀត សូមជូនតារាង ដូចខាងក្រោម ៕/V