ដោយៈ​ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ ក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមរាប់លានគ្រាប់ ។ ជាមួយនឹងការអភិវឌ្ឍ ដ៏លឿននេះ យើងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»។
ការបោសសម្អាតមីនមនុស្សធម៌ ទ្រង់ទ្រាយធំនៅកម្ពុជា បានចាប់ផ្តើមតាំងពី ឆ្នាំ១៩៩២ មកម្លេះ ។ ជាក់ស្តែង​តំបន់អតីតសមរភូមិជាច្រើន បានប្រែក្លាយ ទៅជាដីកសិកម្ម ដ៏មានជីជាតិ, ទៅជាដីភូមិឋាន ដ៏មានសុភមង្គល, ជាដីតំបន់អភិវឌ្ឍរោងចក្រ និងជាដីតំបន់ឧស្សាហកម្ម ដ៏មានសក្តានុពល ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ការបញ្ជាក់នេះ ក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា និងការប្រមូលថវិកា ជួយដល់គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទាំងនេះ ក៏បានអនុញ្ញាតឱ្យបុត្រាបុត្រី ក្មួយៗរាប់ម៉ឺននាក់ អាចចូលសាលារៀន ដោយក្តីសប្បាយរីករាយ, មិនមានក្តីកង្វល់ពីសុវត្ថិភាព, មិនខ្វល់ខ្វាយពីអាយុជីវិត ឬការឈឺចាប់ពីគ្រាប់មីន ។ ទោះជាមានកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ យ៉ាងណាក៏ដោយ, ក៏កម្ពុជានៃយើង នៅសល់ផ្ទៃដីប្រមាណ ២.០០០ គីឡូម៉ែត្រក្រឡា ដែលមិនទាន់បានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទាំងស្រុង។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថាៈ ជាមួយនឹងបេសកកម្ម បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់, កម្ពុជាបានប្តេជ្ញាចិត្តថា នឹងសម្រេចឱ្យបាននូវ ចក្ខុវិស័យ «កម្ពុជា មួយគ្មានមីន ឆ្នាំ២០២៥», តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ជាមួយមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលមាន សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាប្រធាន និងដឹកនាំគ្រប់គ្រង ក្រោមកិច្ចសម្របសម្រួល ដោយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន (CMAA) និងមានការគាំទ្រពី កងយោធពលខេមរភូមិន្ទ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធនានា ផ្សេងទៀត៕/V-PC