ដោយៈ ចាន់តូ / ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២២ បានបង្ហាញមុខជនសង្ស័យ ធាក់ប្លន់ និងលួចម៉ូតូ ព្រមទាំងអ្នកទទួលផលចោរកម្ម ចំនួន ៦ នាក់, ក្នុង ២ ករណីផ្សេងគ្នា រួចបញ្ជូន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថាៈ ជនសង្ស័យទាំង ៦ នាក់ ដែលបង្ហាញមុខ ក្នុងនោះ ករណីប្លន់ ១នាក់ , លួចចំនួន ៣នាក់ និងអ្នកទទួលផលចោរកម្ម ចំនួន ២នាក់ រួមមាន៖
១.ឈ្មោះ ឈិត ណាវី ហៅពៅ ប្រុសអាយុ ១៨ ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ, ២ .ឈ្មោះ យន់ សំអឿន ហៅឌឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរកម្មកររោងចក្រ, ៣. ឈ្មោះ ធា វីរៈ ហៅ ជ័យ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៤.ឈ្មោះ ហួរ សិលា ហៅហើម ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរចុងភៅ, ៥ .ឈ្មោះ ឆែម សំបូរ ហៅដា ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ និង៦.ឈ្មោះ ប៉ោ ឆាយ ភេទប្រុស អាយុ ៤៩ ឆ្នាំ ជាមន្រ្តីយោធា។

ប្រភពដដែល បានឲ្យដឹងថាៈ ជនសង្ស័យ ទាំង ៦ នាក់ មាន ២ ករណីផ្សេងគ្នា ក្នុងនោះ ករណីអំពើហិង្សា (ធាក់ប្លន់ យកម៉ូតូម៉ាក ហុងដា ស្តុបពី)  ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាល ស្រាវជ្រាវ ឃាត់ខ្លួន បានជាបន្តបន្ទាប់ ចំនួន ២នាក់ ជនសង្ស័យ ប្លន់ម្នាក់ និងអ្នកទទួលផលចោរកម្ម កាលពីថ្ងៃទី១៥ និង ១៦ ខែវិឆ្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ម៉ាកហុងដា ស្កុបពី ពណ៌ស ពាកស្លាកលេខ ភ្នំពេញ ១H០៩៧៣ មួយគ្រឿង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចបុរី វីអាយភី ភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយឡែក ករណីទី២  ជនសង្ស័យ លួចចំនួន ៣ នាក់ និងអ្នកទទួលផលចោរកម្ម ១នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ ១១និង៣០នាទី ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា មួយគ្រឿង កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំង លក់រថយន្តមួយកន្លែង នៅតាមបណ្ដោយផ្លូវ ២៦៥ ក្រុម ២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានសម្រេច។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ឈានទៅឆែកឆេរលំនៅឋាន ដកហូតបានស្លាកលេខ រថយន្ត  ២ បន្ទះ ដែលមានស្លាកលេខ ភ្នំពេញ ២AL៨១២៦ ព្រមទាំងសម្ភារសម្រាប់កាច់កម៉ូតូ មួយ ចំនួនផងដែរ៕/V-PC