ដោយ:សុខុម/ស្ទឹងត្រែង៖ មួយគ្រួសារមានប្តីជាកងទ័ពកំពុងបំពេញភារកិច្ចការពារព្រំដែនកម្ពុជាឡាវកំពុងជួបទុក្ខជាន់លើគំនរទុក្ខដោយសារតែកូនស្រីម្នាក់បានស្លាប់កំពុងធ្វើបុណ្យនៅឯផ្ទះបងស្រី។ចំណែកប្រពន្ធកំពុងរង់ចាំសម្រាលកូនដេកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

តាមការរៀបរាប់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា គ្រួសារនេះមានប្ដីឈ្មោះ ឡូ រំដែន អាយុ ២៩ ឆ្នាំ ជាយោធាព្រំដែនប្រចាំនៅកោះទន្សាយ នៅក្បែរព្រំដែនកម្ពុជាឡាវនិង ប្រពន្ធឈ្មោះ ធី គាង អាយុ៣១ឆ្នាំ រស់នៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ខណៈនេះស្ត្រីជាប្រពន្ធកំពុងឈឺពោះសម្រាកនៅមន្ទីបង្អែកខេត្តស្ទឹងត្រែងរង់ចាំសម្រាលកូន។ឯប្តីកំពុងធ្វើបុណ្យសពឱ្យកូនស្រីទើបមានអាយុបីឆ្នាំដែលបានស្លាប់ដោយសារជំងឺរលាកផ្លូវដង្ហើមឬរលាកសួត។

តាមការឱ្យដឹងទៀតថាបុណ្យសពបានធ្វើនៅផ្ទះបងស្រីរបស់គ្រួសារក្រីក្រ នៅចំណុចកំពង់ចម្លងចាស់(កន្ទុយគោ)នៅភូមិហាងឃូសួន សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ដោយទុកផ្ទះចោលជាបណ្ដោះអាសន្ននៅឃុំកោះស្នែង។។
តាមការបញ្ជាក់ពីសាច់ញាតិបានប្រាប់ថាគ្រួសារក្រីក្រនេះមានកូនចំនួនបីនាក់ក្នុងនោះប្រុសពីរនាក់ស្រីម្នាក់។កូនប្រុសច្បងក៏កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យផងដែរដោយមានជំងឺគ្រុនឈាម។ពេលនេះគ្រួសារក្រីក្រដែលមានជីវភាពខ្វះខាតកំពុងជួបទុក្ខធំនេះ ហើយកំពុងជំនួយពីសប្បុរសជនជិតឆ្ងាយដើម្បីជួយសម្រាលទុក្ខក្នុងជីវភាព៕សរន-PC