​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជាង​៣០ ឆ្នាំ​បន្ទាប់ពី​ជញ្ជាំង​បែរ​ឡាំង​បាន​ដួលរលំ វាំងនន​ដែក​ថ្មី​កំពុង​ចាប់ផ្តើម​កើតឡើង​ពាសពេញ​ទ្វីបអឺរ៉ុប​។​

​ខណៈ​ដែល​ការវាយប្រហារ​ដ៏​ជូរចត់​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅលើ​អ៊ុយ​ក្រែន​នៅតែ​បន្ត បណ្តា​ប្រទេស​នៅ​អឺរ៉ុប​បានចាប់ផ្តើម​ពង្រឹង​ព្រំដែន​របស់​ពួកគេ​ជាមួយ​រុស្ស៊ី​និង​សម្ពន្ធមិត្ត​របស់ខ្លួន បេឡា​រូស ចំ​ពេល​មាន​ការបារម្ភ​ថា​ទឹកដី​របស់​ពួកគេ​អាច​ត្រូវ​ជោរជន់​ដោយ​ជន​ចំណាកស្រុក​។​

​យុទ្ធវិធី ដែល​មន្ត្រី​លោកខាងលិច​ហៅថា “​ការយក​ជន​ចំណាកស្រុក​ធ្វើ​ជា​អាវុធ​” និង “​សង្គ្រាម​កូនកាត់​” ត្រូវបាន​ប្រើប្រាស់​ដោយ​រុស្ស៊ី​និង​បេឡា​រូស​តាំងពី​មុន​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ចាប់ផ្តើម​ក្នុងខែ​​កុម្ភៈ​ទៅទៀត​។​

​ក្នុង​ឆ្នាំ ២០១៥ និង ២០១៦ រុស្ស៊ី​បាន​នាំ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​រាប់ពាន់​នាក់​ដែល​ភាគច្រើន​មក​ពី​មជ្ឈិមបូព៌ា​ទៅកាន់​ច្រក​ព្រំដែន​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វាំង​ឡ​ង់​។​

​បន្ទាប់មក​នៅ​ឆ្នាំ ២០២១ សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់​លោក​លូ​កា​សិនកូ​ថា​អន្ទង​ជន​ចំណាកស្រុក​ទៅកាន់​ប្រទេស​របស់​គាត់​លើ​ការសន្យា​មិន​ពិត​អំពី​ការឆ្លង​ចូលទៅក្នុង​ទ្វីប​អឺរ៉ុប​មុនពេល​រុញ​ពួក​​គេ​ទៅ​កាន់​ព្រំដែន​ប៉ូឡូញ និង​បង្ខំ​ពួកគេ​ឱ្យ​ឆ្លងដែន​ខុសច្បាប់​។​

​ជា​ការឆ្លើយតប ប៉ូឡូញ​បាន​សាងសង់​ជញ្ជាំង​ដែក​និង​របងលួស​បន្លា​ប្រវែង ១១៥ គីឡូម៉ែត្រ​នៅ​តាម​ព្រំដែន​របស់​ខ្លួន​។​ប៉ុន្តែ​ឥឡូវនេះ នៅពេល​ដែល​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​លោក​ខាងលិច​នៅតែ​​បន្ត​កើនឡើង ហើយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ជិតឈាន​ដល់​ខែ​ទី​ប្រាំបួន មេដឹកនាំ​អឺរ៉ុប​ជាច្រើន​ទៀត​បាន​ចាប់ផ្តើម​ពង្រឹង​ព្រំដែន​របស់​ពួកគេ​។​

​នាយករដ្ឋមន្ត្រីហ្វាំង​ឡង់​លោកស្រី សាន​ណា ម៉ា​រី​ន (Sanna Marin)​បានប្រកាស​ផែនការ​ពង្រឹង​ព្រំដែន​ប្រវែង ១.៣៣៥​គីឡូម៉ែត្រ​របស់​ប្រទេស​លោក​ស្រី ដែល​ជា​ព្រំដែន​វែង​ជាង​គេ​ជាមួយ​រុស្ស៊ី​ដោយ​​អះអាងថា ការពង្រឹង​បន្ទាត់​ព្រំដែន​នឹង​ជួយ​ការពារ​ប្រទេស​ប្រឆាំងនឹង “​ការគំរាមកំហែង​កូនកាត់​” នៃ​ការធ្វើ​ចំណាកស្រុក​ទ្រង់ទ្រាយ​ធំ​និង​មិន​ទៀងទាត់ ដែល​រៀបចំ​ដោយ​វិមាន​ក្រឹម​ឡាំង​។​

​រដ្ឋ​នៅ​តំបន់​បាល់​ទិក​គឺ​ឡេតូ​នី លី​ទុយ​អា​នី និង​អេ​ស្តូ​នី នឹង​ធ្វើ​តាម​ដែរ ខណៈ​ប៉ូឡូញ​កាលពី​ខែ​មុន​ថែមទាំង​បានចាប់ផ្តើម​ដំឡើង​របងលួស​បន្លា​តាម​បណ្ដោយ​ព្រំដែន​របស់​ពួកគេ​ជាមួយ​ដែនដី​កាលី​នី​ន​ហ្គ្រា​ដ (Kaliningrad) របស់​រុស្ស៊ី ដែល​ស្ថិតនៅ​ចន្លោះ​ប៉ូឡូញ​និង​លី​ទុយ​អា​នី​។​

​នៅ​ត្រឹម​ឆ្នាំ ២០២៥ របាំង​ថ្មី​នេះ​នឹង​មាន​ប្រវែង​សរុប ២.១០៦ ម៉ា​យ (៣.៣៩០ គីឡូម៉ែត្រ​)៕

ទាហាន​ប៉ូឡូញ​ដំឡើង​លួស​បន្លា​នៅតាម​បណ្តោយ​ព្រំដែន​ប៉ូឡូញ​ជាមួយ​តំបន់​កាលី​នី​ន​ហ្គ្រា​ដ​របស់​រុស្ស៊ី ក្បែរ​ភូមិ Szyliny ភាគ​ឦសាន​ប្រទេស​ប៉ូឡូញ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២