​ដោយៈ ប​.​ខុន​/​ភ្នំពេញៈ ទំនប់​បង្ហៀរ ១​មករា នៃ​អាង​ស្ទឹង​ជី​និ​ត ដែល​បាក់​ដាច់​អស់​៥០​ម៉ែត្រ ដោយ​ទឹក​ហូរ​ច្រោះ​គ្មាន​អ្នកណា​ដឹង​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា​នោះ មកដល់​ថ្ងៃទី​១៨ ខែ​វិច្ឆិក នៅ​មិនទាន់​ទប់​ជាប់​នៅឡើយ​ទេ ដោយសារ​ចរន្តទឹក​ហូរ​ខ្លាំង​នៅពេល​កន្លែង​បាក់​បិទ​នៅសល់​មុខទឹក​ហូរ​កាន់តែ​តូច ត្រូវ​ប្រើ​កញ្ចប់​ថ្ម និង​បុកគ្រឹះ​មុននឹង​ចាក់ និង ដី​បិទ​ភ្ជិត ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង និង​ទឹក​ប្រើប្រាស់​នៅពេល​ខាងមុខ​។

​លោក ជា សុខ នី នាយករង​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០២២​ថា ទំនប់​បង្ហៀរ​១​មករា​នៃ​អាង ស្ទឹង​ជី​និ​ត ដែល​បាន​បាក់​ដាច់​ដោយសារ​ទឹក​ហូរ​ច្រោះ​កាលពី​ថ្ងៃទី​១២​ខែវិច្ឆិកា​ហើយ​ត្រូវបាន​លោក​រដ្ឋមន្ត្រី​ដឹកនាំ​ក្រុមការងារ​ចាត់វិធានការ​ទប់​វិញ​នៅពេល​ព្រឹក​ថ្ងៃ​ដដែល​នោះ មកដល់​ថ្ងៃទី​១៨​ខែវិច្ឆិកា​នេះ នៅ​មិនទាន់​ទប់​ជាប់​នៅឡើយ​ទេ ដោយសារ​ពេល​បិទ​មុខទឹក​កន្លែង​ដែល​បាក់​នៅសល់​កាន់តែ​តូច​សម្ពាធ​ទឹក​ហូរ​កាន់តែខ្លាំង​ចាក់ដី និង​ថ្ម​ចូលទៅ​នៅតែ​មិន​ជាប់​។​

​នាយករង​ខុ​ទ្ធ​កាល័យ​ក្រសួង​ជំនាញ​ខាងលើ​បាន​និយាយ​ឱ្យដឹងទៀតថា នៅពេលនេះ​លោក​រដ្ឋមន្ត្រី​បានសម្រេច​ឱ្យប្រើ​គ្រប់​វិធី​ដូចជា​កញ្ចប់​ថ្ម សំណាញ់​ដែក និង​បុកគ្រឹះ​រួច​ចាក់​ថ្ម និង​ដី​កិន​បង្ហាប់ ។ ក្រោយពេល​បុកគ្រឹះ​រួច​ការងារ​ចាក់ដី​បំពេញ​បិទ​ភ្ជិត​ទំនប់​បង្ហៀរ​១​មករា​នៃ​អាងទឹក​ស្ទឹង​ជី​និ​ត​នេះ​នឹង មានទឹក​ពេញ​វិញ ដោយសារ​អាង​នេះ​មាន​ប្រភពទឹក​ស្ទឹង​រស់ ដែល​ពេលនេះ​នៅមាន​ទឹក​ហូរ​ចុះមក​ច្រើន​នៅឡើយ​។​

​ករណី​បាក់​ទំនប់​បង្ហៀរ​១​មករា​នៃ​អាង​ស្ទឹង​ជី​និ​ត​នេះ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ពិនិត្យ​និង​ដឹក នាំ​បញ្ជា​ផ្ទាល់​ឲ្យ​ក្រុមការងារ​ជួសជុល​ទំនប់​អាងទឹក​ខាងលើ​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ច្រើន​គ្រឿង​ធ្វើការ​ជួសជុល​ទំនប់​ឱ្យ​រួច​ក្នុង​រយៈពេល​ខ្លី​ដើម្បី​រក្សា​ទឹក​ទុក​ក្នុង​អាង​ស្ទឹង​ជី​និ​ត​ឲ្យ​បាន​បរិមាណ​៤០​លាន​ម៉ែត្រគូប​ដូចដើម​វិញ ។​

​គួរ​រំលឹក​ឱ្យដឹងថា​សំណង់​ខាងលើ នេះ ជា​ប្រភេទ សំណង់​ចាស់​តាំង ពី ជំនាន់ ប៉ុលពត ហើយ​ត្រូវបាន​ជួសជុល និង កែលម្អ​សម្រាប់​ប្រើប្រាស់​ឡើងវិញ នៅ​ឆ្នាំ​២០០៤​មាន​ប្រវែង ៧៥០​ម៉ែត្រ និង​ត្រូវបាន​ដឹកនាំ​ធ្វើការ​ជួសជុល​ម្តងទៀត​កាលពី​រដូវប្រាំង​ឆ្នាំ ២០២០ ដោយ​លោក​ចាន់ ស៊ី​ណាត កាលនោះ​នៅ​ជា​អនុរដ្ឋលេខាធិការ​ធ្វើ​លើ​ផ្នែក​តួ​ទំនប់​បង្ហៀរ​មួយ​កំណាត់​ដើម្បី​ឱ្យបាន​ប្រើប្រាស់​បណ្តោះអាសន្ន​ជា​បណ្តើរៗ​ដោយ រងចាំ​ការ ធ្វើ ទំនើបកម្ម លើ ប្រព័ន្ធ ធារាសាស្ត្រ​ស្ទឹង​ជី​និ​ត ដែល​កំពុង​ស្ថិតនៅក្នុង​តំណាក់កាល​ដេញថ្លៃ និង ឈានទៅ អនុវត្ត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ក្រោម​ហិរញ្ញប្បទាន​ពី IAIP-ADB ។​

​ទំនប់​បង្ហៀរ​ខាងលើ​ត្រូវ​ទឹក​ហូរ​ច្រោះ​បាក់​ដាច់​អស់​ប្រវែង​៥០​ម៉ែត្រ ជម្រៅ​៤​ម៉ែត្រ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ប​ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ក្នុងពេល​លែងមាន​ទឹកជំនន់ ។ ការហូរ​ច្រោះ​បាក់​ដាច់​ទំនប់​នេះ ពុំ​រង​ផលប៉ះពាល់​ដល់ផ្ទះ​សម្បែង អាយុជីវិត​ប្រជាពលរដ្ឋ​និង​សត្វពាហនៈ​ទេ ៕​