ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា ក្រសួងការបរទេស និង​ស្ថានទូត​កម្ពុជា​នៅ​វ៉ាស៊ីនតោន និង​ញូវយ៉ក កំពុងធ្វើការ​សំរបសំរួល​តាម​ច្រក​ការទូត និង​តាមផ្លូវ​ច្បាប់ ដើម្បី​ការពារ និង ស្វែងរក​យុត្តិធម៌​ជូន​លោក គ្រី ម៉ះ​ផល ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ ត្រូវបាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ច​ន អេ​ហ្វ កេ​ណ្ណ​ឌី ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេល​លោក​កំពុង​រង់ចាំ​បន្តដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អនុសញ្ញា​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ CITES (​សាយ​តេស​) នៅ​ប្រទេស​ប៉ា​ណា​ម៉ា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ​ថា «​ចំពោះ​ករណី​មន្ត្រី​របស់​យើង​ត្រូវ​ឃាត់ខ្លួន​នៅ​ញី​វ​យ៉​ក ខ្ញុំ​សូមជម្រាបថា ក្រសួងការបរទេស និង​ស្ថានទូត​កម្ពុជា​នៅ​វ៉ាស៊ីនតោន និង​ញូវយ៉ក កំពុងធ្វើការ​សម្របសម្រួល​តាម​ច្រក​ការទូត និង​តាមផ្លូវ​ច្បាប់ ដើម្បី​ការពារ និង ស្វែងរក​យុត្តិធម៌​ជូន មន្ត្រី​របស់​យើង ដែល​ត្រូវបាន​ឃាត់ខ្លួន ក្នុងពេល​កំពុង​បំពេញបេសកកម្ម​ផ្លូវការ ។ ក្នុងពេល​ជាមួយគ្នានេះ ស្ថានទូត​យើង​ក៏​កំពុង​ស្វះស្វែង​ដើម្បី​បាន​ចូលជួប​សាមីខ្លួន ហើយក៏​កំពុង​រក​មេធាវី​ការពារ​ក្តី​នេះ​ផងដែរ​»៕​