​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អនុ​ប្រធានាធិបតី​អាម៉េរិក កា​ម៉ា​ឡា ហារី​ស និង​មេដឹកនាំ​មកពី​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែ​លសេ​ឡង់ និង​កាណាដា បាន​ប្តេជ្ញា​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ខណៈ​ពួកគេ​បាន​ជួបពិភាក្សា​ជាបន្ទាន់​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​វិច្ឆិកា​ស្តីពី​ការបាញ់​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​។​

​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ដែល​ជប៉ុន​និយាយថា​មាន​សមត្ថភាព​វាយប្រហារ​ដីគោក​អាម៉េរិក លោកស្រី​ហារី​ស​បាន​ជួប​ជាមួយ​មេដឹកនាំ​នៃ​ដៃគូ​ជិតស្និទ្ធ​របស់​សហរដ្ឋ​អាម៉េរិក​នៅ​​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក (APEC)​នៅ​ទីក្រុង​បាងកក​។​

​លោកស្រី​ហារី​ស​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ពេល​ចាប់ផ្តើម​កិច្ចចរចា​ថា “​យើង​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ទាំងនេះ​ហើយ​យើង​អំពាវនាវ​ម្តង​ទៀត​ឱ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​ខុស​​ច្បាប់​និង​បង្ក​អស្ថិរភាព​បន្ថែមទៀត​”​។​

​លោកស្រី​បាន​និយាយថា “​ក្នុងនាម​សហរដ្ឋ​អាម៉េរិក ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការប្តេជ្ញា​ចិត្ត​រឹង​ដូច​ដែកថែប​របស់​យើង​ចំពោះ​សម្ពន្ធភាព​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​យើង​”​។​

“​បណ្តា​ប្រទេស​តំណាង​នៅ​ទីនេះ​រួម​គ្នា​នឹង​បន្ត​ជំរុញ​ឱ្យ​កូរ៉េខាងជើង​ប្តេជ្ញាចិត្ត​ចំពោះ​ទំនាក់ទំនង​ការទូត​ដ៏​មាំទាំ​និង​មាន​និរន្តរភាព​”​។​

​ជប៉ុន​បាន​និយាយថា មី​ស៊ី​ល​បាន​ធ្លាក់​ក្នុង​ដែនទឹក​របស់ខ្លួន​។ ការបាញ់​មី​ស៊ី​ល​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​កើនឡើង​ជាច្រើន​សប្តាហ៍​ជាមួយ​កូរ៉េ​ខាងជើង​ដែល​ទីភ្នាក់ងារ​ស៊ើប​ការណ៍​​សម្ងាត់​អាម៉េរិក​ជឿ​ថា​កំពុង​ត្រៀម​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ បាន​ព្រមាន​ថា “​មាន​លទ្ធភាព​ដែល​កូរ៉េ​ខាងជើង​នឹង​បាញ់​មី​ស៊ី​ល​បន្ថែមទៀត​”​។​

​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក ហាន ឌុ​ក​ស៊ូ (Han Duck-soo) បាន​ហៅ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ថា​ជា “​ការ​បង្កហេតុ​ដ៏​ធំ​សម្បើម​”​ដែល​បំពាន​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការសហប្រជាជាតិ​។​

​លោក​ហាន​បាន​និយាយថា “​យើង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទង្វើ​ដ៏​គឃ្លើន​នេះ ហើយ​ចង់​បញ្ជាក់ថា សកម្មភាព​ខុសច្បាប់​បែប​នេះ​របស់​កូរ៉េខាងជើង​នឹង​មិន​មាន​ការអត់ឱន​នោះឡើយ ហើយ​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​”៕

​អនុ​ប្រធានាធិបតី​អាម៉េរិក កា​ម៉ា​ឡា ហារី​ស ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​សម្ពន្ធមិត្ត​បន្ទាប់​ពី​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សុក្រ