​ដោយៈ ប​.​ខុន​/​ភ្នំពេញៈ សម្ពាធ​ទាប​នៅលើ​ប្រទេស​ហ្វីលីពីន​ដែល​កំពុង​រំកិល​ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង​នឹង​មកដល់​ក្រុង​ហូជីមិញ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​នៅលើ​ផ្នែក​ខាងក្រោម (​ត្បូង​) ប្រទេស​កម្ពុជា​នៅ​យប់​នេះ និង​ព្រឹកស្អែក ហើយ​ចាប់ពី​ថ្ងៃទី​២០ ខែវិច្ឆិកា ទៅ​ភ្លៀង​ធ្លាក់​រាយប៉ាយ​អាច​រុញ​ទៅដល់​តំបន់​ខ្ពង់រាប​ដោយសារ​ចលនា​ខ្យល់​ក្តៅ រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​។ លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​តឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​យ៉ាង​ដូច្នេះ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​ជាមួយនឹង​សម្ពាធ​ទាប​ដែល​នឹង​ដើរ​ចូលមក​កៀក​នឹង​ក្រុង​ហូជីមិញ​នេះ នៅ​ផ្នែក​ខាងលើ​(​ជើង​)​ក៏មាន​ចលនា​ពពក ភ្លៀង​រុញ​ជា​បន្តបន្ទាប់​មកពី​សមុទ្រ​ចិន​ខាងត្បូង​នាំឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ទៅដល់​តំបន់​ខ្ពង់រាប ចាប់ពី​ថ្ងៃទី​២០ វិច្ឆិកា រហូតដល់​ដើម​សប្តាហ៍​ក្រោយ​ក៏​នៅ តែ​ឃើញ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ថែម​កទៀត​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា​ថា នៅ ក្នុង​មួយ​សប្តាហ៍​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ការជួប​ប្រសព្វ​គ្នា​នៃ​ជ្រលង​សម្ពាធ​ទាប​ក្នុង​កម្រិត​បង្គួរ​ដែល​រុញ​ទូល​មកពី​សមុទ្រ​ចិន​ខាងត្បូង និង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ក្នុង​កម្រិត​ខ្សោយ បង្ក​ឱ្យ​រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម​(​ត្បូង​)​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។​ចំណែក បណ្តា​ខេត្ត​នៅ​ភាគ​ខាងជើង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។

​ស្ថានភាព​អាកាសធាតុ​បែប​ខាងលើ​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។ រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម​ត្បូង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។

ចំណែកឯ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងជើង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។
​សម្រាប់​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤​ទៅ​៣៦​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។​

​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ ។ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​៕​