ដោយៈ សុផល / ភ្នំពេញ៖ ភាគីពាក់ព័ន្ធ បានបើកកិច្ចប្រជុំស្ដីពី វឌ្ឍនភាពគម្រោង ធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដើម្បីដោះស្រាយបញ្ហា ដែលនៅសេសសល់ សំដៅបញ្ចប់ការសាងសង់ នាពេលខាងមុខ។

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយមានការចូលរួម ពីសមាជិក​នៃអង្គភាពគ្រប់គ្រងគម្រោង (PMU) និងអង្គភាពអនុវត្តគម្រោង (PIU) ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ផងដែរ។

បើតាមក្រសួងសាធារណការ បានឱ្យដឹងថាៈ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យលើ វឌ្ឍនភាពនៃការសាងសង់ គម្រោងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ និងពិនិត្យដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ដែលនៅសេសសល់ ក្នុងគម្រោង ក្នុងទិសដៅពន្លឿន ការអនុវត្តការងារ សាងសង់ ឱ្យបានសម្រេចរួចរាល់ តាមផែនការ ដែលបានគ្រោងទុក។

នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋលេខាធិការប្រចាំការ បានណែនាំឱ្យអង្គភាព គ្រប់គ្រងគម្រោង (PMU) និងអង្គភាពអនុវត្តគម្រោង (PIU) រួមជាមួយនឹងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស សហការចុះទៅពិនិត្យបញ្ហាប្រឈម នៅទីតាំងការដ្ឋានផ្ទាល់ ដើម្បីស្វែង រកដំណោះស្រាយ ឱ្យបានឆាប់រហ័ស។ ដោយឡែក ចំពោះក្រុមហ៊ុនសាងសង់ ត្រូវធ្វើយ៉ាង ណា អនុវត្តការងាររបស់ខ្លួន ទៅតាមផែនការ ដែលបានគ្រោងទុក ដើម្បីជៀសវាងនូវ ការពន្យារពេល សាងសង់គម្រោងផ្លូវនេះ៕/V-PC