ដោយៈ មុនីរ័ត្ន / ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ តំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការជំនាញ ស្តីពីការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា។

លោក ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការរៀបចំ​ព្រឹត្តិការណ៍ ប្រកួតកីឡាជាតិ លើកទី៣ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងខ្នះខ្នែងខិតខំ បំពេញការងារ យ៉ាងសស្រាក់សស្រាំ ក្នុងការពន្លឿនវឌ្ឍនភាពការងារ និងត្រៀមខ្លួនរៀបចំ ការប្រកួត នា​ពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបថា កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាន អង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាជាតិ លើកទី៣ ស្នងការនគរបាល ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ តំណាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តំណាងសហព័ន្ធ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះ ចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លើទីតាំង ៥ រាជធានី ខេត្ត ដូចជា រាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ។ ចំពោះប្រភេទកីឡា ដែលដាក់ឲ្យប្រកួតប្រជែង មាន ៣៨ ប្រភេទ ស្មើនឹង ៣៥៦ វិញ្ញាសា ។ ចំណែកប្រភេទកីឡាប៉ារ៉ាអូឡាំពិក ចំនួន ៧ មាន វិញ្ញាសា ចំនួន ៤៩ ។ ក្នុងនោះ ប្រតិភូកីឡា កីឡាករ កីឡាការិនី អញ្ជើញចូលរួមចំនួន ៥.០៤៩ នាក់ មកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជធានី ខេត្ត ទាំង ២៥។

ចំពោះពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិ មរតកតេជោ៕/V-PC