ដោយៈ​សុផល​/​ភ្នំពេញ​៖ យុវជន​ក្រីក្រ​នៅក្នុង​ស្រុក​ស្រះស្រង់​ ខេត្តសៀមរាប នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញកីឡាបាល់ទាត់ ក្រោយពី​មានការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​វិស័យ​ឯកជន​។​

​អង្គការ HFCA បាននិងកំពុង​ដំណើរកា​រ​ហ្វឹកហ្វឺន​កីឡាបាល់ទាត់​ប្រចាំ​សប្តាហ៍​នៅក្នុង​ក្រុង​សៀមរាប​ចាប់តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ ។​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ អង្គការ HFCA បានចាប់ផ្តើម​កម្មវិធី​កីឡាបាល់ទាត់​តាម​ភូមិ​នៅ​ខេត្តសៀមរាប​របស់ខ្លួន នៅក្នុង​ភូមិ​អូ​រុង​ភូមិ​ជុប​ស្មាច់ និង​ភូមិ​ស្រះស្រង់​។ អង្គការ HFCAគឺជា​អង្គការ​ដំបូង​​បំផុត​​ដែល​បាន​ដំណើរការ​កម្មវិធី​កីឡា​ជា​ផ្លូវការ​នៅក្នុង​ភូមិ​ទាំងបី​នេះហើយ​ជា​មធ្យម ក្មេងស្រី​ចំនួន ៥០​នាក់​មកពី​កម្មវិធី​ទាំងបី​កំពុង​ចូលរួម​ជាប្រចាំ​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក និង​អង្គការ Happy Football Cambodia Australia ហៅ​កាត់​ថា HFCA ប្រកាស​ភាពជា​ដៃគូ ដែល​នឹង​ធានាថា​យុវជន​នៅ​ក្នុងភូមិ​ស្រះស្រង់ ខេត្តសៀមរាប​អាច​បន្ត​លេង​កីឡាបាល់ទាត់​នៅក្នុង​បរិយាកាស​ដែលមាន​សុវត្ថិភាព​និង​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុកដាក់​។​

​លោក Paraic Grogan ដែលជា​ស្ថាបនិក​អង្គការ Happy Football Cambodia Australia​បាន​មានប្រសាសន៍ថា​៖“HFCA​មាន​កិត្តិយស​ដែល​បានរួម​សហការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ធនាគារ វី​ង បានផ្តល់​នូវ​សេវា​ដ៏​ល្អប្រសើរ​នៅ​ទូទាំងប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​១៤​ឆ្នាំ​មកហើយ ហើយ​បច្ចុប្បន្ន​ក្នុងនាម​ជា​ធនាគារពាណិជ្ជ ធនាគារ វី​ង​នឹង​បន្ត​អនុវត្ត​ការងារ​ល្អៗ​ដែល​ខ្លួន​បានចាប់ផ្តើម​។ យើង​មាន​សេចក្តី​រីករាយ​ជាខ្លាំង​ថា ធនាគារ វី​ង​នឹង​ឧបត្ថម្ភ​កម្មវិធី​កីឡាបាល់ទាត់​របស់ HFCA នៅ​ភូមិ​ស្រះស្រង់ ខេត្តសៀមរាប​​ហើយ​​ប្រការនេះ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាង​ធំធេង​​ចំពោះ​យុវជន​ក្នុងភូមិ​”​។​លោក​បាន​បន្តថា​៖​សកម្មភាព​សប្បុរសធម៌​របស់​ធនាគារ វី​ង អនុញ្ញាត​ឲ្យ HFCA​បន្តការងារ​របស់ខ្លួន​ជាមួយ​យុវជន​ក្រីក្រ​បំផុត​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប​។

​ហាក់ ស្រី​វាត (Hak Sreyveat) កីឡាការិនី​អាយុ​១៣​ឆ្នាំ​មកពី​ភូមិ​ស្រះស្រង់ បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ វី​ង ដែល​បាន​ឧបត្ថម្ភ​កម្មវិធី​របស់​យើង​និង​គាំទ្រ​ក្តី​សុបិន​កីឡាបាល់ទាត់​របស់​យើង​។​

​លោក ហាន ប៉េង​ក្វាង អគ្គនាយក​នៃ​ធនាគារ​វី​ង បាន​មានប្រសាសន៍ថា​៖ “​ភាពជា​ដៃគូ​ដែលមាន​រយៈពេល​មួយឆ្នាំនេះ គឺជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ​នៃ​ការប្តេជ្ញាចិត្ត​ដែល​ធនាគារ វី​ង​កំពុង​អនុវត្ត តាមរយៈ​ការឧបត្ថម្ភ​ដល់​សហគមន៍​នានា​នៅតាម​ជនបទ​នៃ​ប្រទេស​កម្ពុជា​ទាំង​តាមរយៈ​ផលិតផល និង​សេវា​ផ្នែក​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​ដ៏​ល្អប្រសើរ​របស់​យើង​ក៏ដូចជា​តាមរយៈ​ការផ្តល់​ការឧបត្ថម្ភ​ដ៏​ចាំបាច់​ដល់​សហគម​ន៍តា​ម​មូលដ្ឋាន​។​ការលេង​កីឡាបាល់ទាត់​មិន​ត្រឹម​តែមាន​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​របស់​យុវជន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​អាចជួយ​ឲ្យ​ពួកគេ​ធ្វើការ​ជាមួយគ្នា​ជា​ក្រុម​បាន​ទៀតផង​។​ប្រការនេះ​នឹង​នាំមក​នូវ​សាមគ្គីភាព​នៅ​ក្នុង​សហគមន៍​”​។​

​ការយកចិត្តទុកដាក់​ចំពោះ​សហគមន៍​ត្រូវបាន​ចារឹក​នៅក្នុង​ខ្លឹមសារ​ចម្បង​នៃ​ទស្សនវិស័យ​សាជីវកម្ម​របស់​ធនាគា​រ វី​ង​ហើយ​ធនាគារ​នេះ​បាន​ព្យាយាម​ជំរុញ​ឲ្យ​និយោជិត​និង​ដៃគូ​អាជីវកម្ម​របស់ខ្លួន​ចូលរួម​នៅក្នុង​សកម្មភាព​សង្គម​នានា​ជាច្រើន ។ ជា​ឧទាហរណ៍ ធនាគារ វី​ង​បាន​កំពុងឧបត្ថម្ភ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា តាមរយៈ​ផ្តល់​មូលនិធិ​និង​កៀរគរ​ជំនួយ​បន្ថែមទៀត​ពី​សាធារណជន​ដើម្បី​ឲ្យ​កុមារ​កម្ពុជា​អាច​ទទួលបាន​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​។​ការរួមចំណែក​របស់​ធនាគារ    វី​ង ចំពោះ​សហគមន៍​ក៏ត្រូវ​បានទទួល​ស្គាល់​ជា​សាធារណៈ​ផងដែរ​និង​ទទួលបាន​ពានរង្វាន់​ជា​ក្រុមហ៊ុន​ដែលមាន​ឧត្តមភាព​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​ពី​សំណាក់​សភា​ពាណិជ្ជកម្ម​អាមេរិក​ក្នុង​ឆ្នាំ​២០២១​។​

​ដោយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៥ អង្គការ HFCA​គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ដែលមាន​គោលបំណង​ផ្តល់​សិទ្ធិអំណាច​ដល់​យុវជន​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការផ្សព្វផ្សាយ​កីឡាបាល់ទាត់​។ អង្គការ HFCA ធានាថា​យុវជន​ក្រីក្រ​ទទួលបាន​ការហ្វឹកហ្វឺន​ប្រកបដោយ​គុណភាព​ខ្ពស់ គ្រូបង្វឹក ឱកាស​បង្កើត​និង​ចល័ត​​ក្រុម​។ ប្រការនេះ​គាំទ្រ​ដល់​សុខុមាលភាព សុខភាព​ផ្លូវចិត្ត ការ​ឲ្យ​តម្លៃ​ខ្លួនឯង​ហើយ​សំខាន់បំផុត​ផ្តល់នូវ​មាគ៌ា​ឆ្ពោះទៅកាន់​ឱកាស​បន្ថែមទៀត​តាមរយៈ​ការអភិវឌ្ឍ​ជំនាញ​ទន់​ដើម្បី​ជោគជ័យ​នៅក្នុង​ការអប់រំ និង​ការងារ​៕Ph