ដោយៈ​សុផល​/សៀមរាប៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) (CBC)​បានរៀបចំ​សន្និសីទ​ថ្នាក់​តំបន់​ស្ដីអំពី​ការចែករំលែក​ព័ត៌មាន​ឥណទាន នៅ​ថ្ងៃ ទី ១៧-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២​ដោយ​នាំយក​ថ្នាក់ដឹកនាំ និង​តំណាង​ជាន់​ខ្ពស់ជាង ១៥០​នាក់ មកពី​ធនាគារកណ្តាល ក្រសួង ក្រុមហ៊ុន​ឥណទាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (fintech) ជាច្រើនរូប មកពី​ជាង ២០ ប្រទេស​។​

​សន្និសីទ​នេះ​ផ្តល់ជូន​នូវ​វេទិកាសាធារណៈ និង​ឯកជន​កម្រិត​អាស៊ី ដើម្បីឱ្យ​ស្ថាប័ន​ក្នុង​តំបន់​ឈាន​ឆ្ពោះទៅរក​ប្រព័ន្ធ​រាយការណ៍​ឥណទាន​ឆ្លង​ព្រំដែន​និង​ការគ្រប់គ្រង​ហានិភ័យ​ក្នុង​យុគសម័យ​នៃ​ឌីជីថល​នីយកម្ម​យ៉ាង​ឆាប់រហ័ស​។​

​ក្នុងនាម​ជា​តំណាង​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាល​រង​បាន​ថ្លែង​ក្នុង​សុន្ទរកថា​បើក​កម្មវិធី​ថា​៖ «​ប្រព័ន្ធ​ចែករំលែក​ឥណទាន​ជា​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​ដែល​អាចឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​អាច​វិភាគ​ហានិភ័យ​និង​ជំរុញ​បរិ​យាប​ន្ន​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​ជំរុញ​ឱ្ទី​ផ្សារ​ឥណទាន​ដំណើរការ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​ថ្លៃដើម​ទាប​។​ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើ​បច្ចុប្បន្ន​កម្ម​លើ​ប្រកាស​ស្ដីពី​ការចែករំលែក​ព័ត៌មាន​ឥណទាន​ឆ្លង​ប្រទេស​ក្នុង​ឆ្នាំ​២០២០​សម្រាប់​ធុរជន​ដែល​​មាន​អាជីវកម្ម​នៅ​បរទេស​អាចមាន​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បរទេស​។​»

​ជាមួយនឹង​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​និន្នាការ​សំខាន់ៗ​ដែល​ឈានទៅរក​ការចែករំលែក​ព័ត៌មាន​ឥណទាន​ឆ្លង​ប្រទេសភាព​បើកចំហ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិនិង​វិនិយោគ ទុន ភាព​ច្នៃប្រឌិត​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល​និង​បទ​ប្បញ្ញត្តិ​លើ​សហគ្រិនភាព លោកស្រី​បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) បាន​បន្ថែមថា​៖​ភូមិសាស្ត្រ​នយោបាយ​ក៏បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​លើ​ការចែករំលែក​ព័ត៌មាន​ឥណទាន​។​

 

​លោកស្រី​បណ្ឌិត បាន​បន្ថែមថា​៖«​ការចែករំលែក​ព័ត៌មាន​ឥណទាន​ឆ្លង​ប្រទេស​នឹង​អាច​សម្រេចបាន​ដោយមាន​ការសហការ​ចូល​រួម​ពិគ្រោះ​យោបល់​ក្នុងន័យ​ស្ថាបនា​សម្រាប់​និង​មាន​ភាពជាក់លាក់​ខ្ពស់​ទាំង​នៅក្នុង​ប្រទេស​ក៏ដូចជា​នៅក្រៅ​ប្រទេស​។​ដូចនេះ​ការបង្កើតឡើង​ឱ្យមាន​នូវ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នៃ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​របាយការណ៍​ឥណទាន (ICCR)​នឹង​ដើរតួ​យ៉ាងសំខាន់​សម្រាប់​បង្កើតឱ្យមាន​កិច្ចសហការ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ដ៏​ទៃ​ក្នុង​តំបន់​។​

​នៅក្នុង​អំឡុង​សន្និសីទ ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​បាន​គូសបញ្ជាក់ថា​ការវិវត្តន៍​នៃ​និន្នាការ​លើ​ការចែករំលែក​ទិន្នន័យ​និង​ព័ត៌មាន​ឥណទាន​ឆ្លង​ប្រទេស​គឺ​ជួយ​ជំរុញ​គ្នា​ទៅ​វិញទៅមក​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការកើនឡើង​លើ​ប្រព័ន្ធ​ធនាគារ​បើកចំហ​ដែលជា​កត្តា​ជំរុញ​ដ៏​សំខាន់​ដើម្បី​ជំនះ​ឧបសគ្គ​នៃ​ការធ្វើ​ប្រតិ​ប​ត្ត​ការចែករំលែក​ព័ត៌មាន​ឥណទាន​។​

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​)បាន​មានប្រសាសន៍ថា​៖«​នៅពេលដែល​យើង​ឈាន​ជើង​ចូ​ទៅក្នុង​ទសវត្សរ៍​ទី​ពីរ​នៃ​របាយ​ការ​ណ៍​ឥណទាន នៅក្នុង​ប្រទេស​កម្ពុជា​ផែនទី​បង្ហាញផ្លូវ​របស់​យើង​ផ្តោតលើ​ការទាញយក​ទិន្នន័យ​ជំនួស ដើម្បីឱ្យ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​អ្នក​ខ្ចី​ឥណទាន​ថ្មី​ក៏ដូចជា​ការប្រើប្រាស់​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ឆ្លង​ព្រំដែន​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ឥណទាន​ក្នុង​តំបន់​។​»

 

​គួរ​ជម្រាប​ថា​៖​ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ ក៏ដូចជា​អ្នកចូលរួម​ក្នុងស្រុក ដែល​តំណាងឱ្យ​និយតករ​ក្រុមហ៊ុន​ឥណទាន ក៏ដូចជា​ស្ថាប័នហិរញ្ញវត្ថុ​មកពី​តំបន់​អាស៊ាន និង​តំបន់​អាស៊ី រួមមាន​៖ ប្រទេស​ប៊ូ​តង់ នេ​ប៉ាល់ ប៉ា​គី​ស្ថាន និង​កូរ៉េ ព្រមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។ ពួកគេ​បាន​ចូលរួម​សន្និសីទ​មួយថ្ងៃ​កន្លះ​និង​បន្តដំណើរ​ទេសចរណ៍​ទៅកាន់​ប្រាសាទអង្គរវត្ត​។ សន្និសីទ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក ដែលមាន​នាយក​ប្រតិបត្តិ និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ មក​ពី​ធនាគារ​ធំៗ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចូលរួម​ក្នុង​សន្និសីទ​នេះ​ផងដែរ​។​

​សន្និសីទ​នេះ​ត្រូវបាន​គាំទ្រ ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) សមាគម​ឧស្សាហកម្ម​ព័ត៌មាន​ពាណិជ្ជកម្ម​(BIIA) បណ្តាញ​រាយការណ៍​ឥណទាន​អាស៊ី (ACRN)​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC)​និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) អ្នកជំនាញ​ជាន់ខ្ពស់​មកពី​គណៈកម្មាធិការ​អន្តរជាតិ​នៃ​របាយការណ៍​ឥណទាន (ICCR) បានបង្ហាញ​និង​ចែករំលែក​ចំណេះដឹង​ពី​អ្នកជំនាញ​របស់​ពួកគេ លើ​និន្នាការ​នាពេលខាងមុខ នៅក្នុង​ឧស្សាហកម្ម​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​៕​Ph