​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​១៨​វិច្ឆិកា​ថា លោក ច​ន ឃើ​រី បេសកជន​កំពូល​របស់​សហរដ្ឋ​អាម៉េរិក​នៅក្នុង​កិច្ចពិភាក្សា​ស្តី​ពី​អាកាសធាតុ​​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​នេះ​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ដែល​ជា​ការដើរថយក្រោយ​មួយ​ផ្សេង​ទៀត​សម្រាប់​ការចរចា​ដែល​កំពុង​ដំណើរការ​បន្ថែម​ម៉ោង​ដោយ​គ្មាន​​លទ្ធផល​រំពឹង​កើតឡើង​។​

​អ្នកនាំពាក្យ ឈ្មោះ វ៉ា​យ​នី ស្មី​ត (Whitney Smith) បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​សុក្រ​ថា “​គាត់​ត្រូវបាន​ចាក់​ថ្នាំ​បង្ការ​ពេញលេញ និង​ចាក់ដូស​ជំរុញ​និង​ជួបប្រទះ​នូវ​រោគ​​សញ្ញា​ស្រាល​។ គាត់​កំពុងធ្វើការ​ជាមួយ​ក្រុម​ចរចា​របស់​គាត់ និង​សម​ភាគី​បរទេស​តាម​ទូរស័ព្ទ ដើម្បី​ធានាបាន​នូវ​លទ្ធផល​ជោគជ័យ​នៃ COP27″​។​

​ជំងឺ​របស់​លោក​ឃើ​រី​ប្រាកដ​ណា​ស់នឹង​បន្ថែម​ការព្រួយបារម្ភ​អំពី​ការចរចា​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​។

​អតីត​ព្រឹទ្ធសភា​សមាជិក​និង​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិកឃើ​រី​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​មេដឹកនាំ​ជុំវិញ​ពិភពលោក ហើយ​មាន​ទម្ងន់​ធ្ងន់​នៅក្នុង​កិច្ចពិភាក្សា​អន្តរជាតិ​។​កិច្ច​ពិភាក្សា​របស់​គាត់​​នៅ​ទីក្រុង​សាម​អែល​សេក (Sharm el-Sheikh) ជាមួយ​បេសកជន​អាកាសធាតុ​របស់​ចិន លោក ស៊ី ចេន​ហួ (Xie Zhenhua) ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ចំពោះ​សញ្ញា​ថា​អ្នក​បំពុល​ធំ​បំផុត​​របស់​ពិភពលោក​ទាំងពីរ​អាច​នឹង​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ដែល​នឹង​ជំរុញ​ដល់​កិច្ច​ពិភាក្សា​រួម​។​

​ការចរចា យ៉ាងហោច​នៅ​ទីសាធារណៈ មាន​សភាព​ស្ងប់ស្ងាត់​នៅ​រសៀល​ថ្ងៃ​សុក្រ ខណៈ​សន្និសីទ​សារព័ត៌មាន​និង​កិច្ចប្រជុំពេញអង្គ​ត្រូវបាន​ពន្យារពេល​ឬ​លុបចោល​។ ក្រុម​អ្នកការទូត​បាន​និយាយថា​ពួក​​គេ​សង្ឃឹមថា​នឹង​មាន​វឌ្ឍន​ភាព​នៅពេល​យប់​ជ្រៅ ហើយ​ផ្លាស់ប្តូរ​ការ​កក់​សំបុត្រ​យន្តហោះ ដូច្នេះ​ទើប​ការពិភាក្សា​អាច​បន្ត​ទៅមុខ​ទៀត​។​

​គណៈប្រតិភូ​នានា​បាន​និយាយថា​មាន​ការទម្លាយ​ភាពទាល់ច្រក​មួយចំនួន​ត្រូវបាន​ធ្វើឡើង ជាពិសេស​លើ​ចំណុច​ពិបាក​បំផុត​។ នោះ​គឺ​បញ្ហា​របស់​ប្រទេស​ឧស្សាហូបនីយកម្ម​ដ៏​មាន​ស្តុកស្តម្ភ​ផ្តល់ប្រាក់​​ដល់​ប្រទេស​ងាយ​រងគ្រោះ ដែល​ទទួលរង “​ការខាតបង់​និង​ការខូចខាត​” ដោយសារ​តែ​គ្រោះ​មហន្តរាយ​ទាក់ទង​នឹង​អាកាសធាតុ​។​

​លោក ដេវីត វ៉ា​ស្កូវ (David Waskow) នាយក​ផ្នែក​អាកាសធាតុ​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ធនធាន​ពិភពលោក​បាន​និយាយថា “​ខ្ញុំ​គិតថា​យើង​កំពុង​ធ្វើដំណើរ​លើ​ផ្លូវ​វែងឆ្ងាយ​បន្តិច​ហើយ​។​ការ​ខាត​​បង់​និង​ការខូចខាត​ស្ថិតនៅ​ចំ​កណ្តាល​នៃ​អ្វី​ដែល​ចាំបាច់​ត្រូវធ្វើ ដើម្បី​សម្រេចបាន​នូវ​ចំណុច​នេះ​”​។​

​សហរដ្ឋ​អាម៉េរិក​ហាក់​នៅ​ឯកោ​ក្នុងការ​ជំទាស់​នឹង​មូលនិធិ​សម្រាប់​ការខាតបង់​និង​ការខូចខាត​បន្ទាប់​ពី​ស​ហ​ភាព​អឺរ៉ុប​បាន​ផ្តល់​ជូន​ដ៏​ភ្ញាក់ផ្អើល​លើ​បញ្ហា​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ប៉ុន្តែ​មន្ត្រី​ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា ការចរចា​លើ​បញ្ហា​នេះ​កំពុង​បន្ត​។​

​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​គេ​ស្គាល់​ថា G-77 និង​ប្រទេស​ចិន​បាន​ទទូច​ឱ្យ​បង្កើត​មូលនិធិ​មួយ​នៅក្នុង​កិច្ចប្រជុំ​នេះ ហើយ​នៅតែ​រួបរួម​លើ​បញ្ហា​នេះ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​

​គណៈប្រតិភូ​ផ្សេងទៀត​នៅក្នុង​កិច្ច​ពិភាក្សា​បាន​សម្តែង​ក្តីសង្ឃឹម​ថា​កិច្ចព្រមព្រៀង​មួយ​អាច​នឹង​នៅតែ​អាច​ធ្វើទៅបាន​៕

​លោក ច​ន ឃើ​រី បេសកជន​កំពូល​របស់​សហរដ្ឋ​អាម៉េរិក តេស្តិ៍​វិជ្ជមាន​កូវី​ដ