ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីដំណើការ រយៈពេល ៩ថ្ងៃ មកនោះ វគ្គបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រមកីឡាវូស៊ូ បានបញ្ចប់ ជាស្ថាពរហើយ។

វគ្គនេះរៀបចំដោយ សហព័ន្ធកីឡាវូស៊ូ ដើម្បីពន្លឿនធនធានមនុស្ស លើផ្នែកបច្ចេកទេស មន្រ្តីសហព័ន្ធ ពីកម្រិតជាតិ ឈានដល់កម្រិតអន្តរជាតិ ត្រៀមចូលរួម ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងដំណើរឆ្ពោះទៅ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡា បានបញ្ជាក់ថាៈ វគ្គសិក្សា មានរយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១៨ ខែវិច្ឆិកា ដោយអនុវត្តតាមកិច្ចព្រមព្រៀង ស្ដីពីការអនុវត្តថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២២ សម្រាប់ពន្លឿនការអភិវឌ្ឍ សហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួម ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបញ្ចប់ ដោយជោគជ័យ។

លោកអគ្គលេខាធិការ បានបន្តថាៈ សិក្ខាកាម មានចំនួន ៣៦ នាក់ បានសិក្សាផ្ដោតសំខាន់លើ បច្ចេកទេស វិញ្ញាសាថាវលូ (សម្ដែង) និងវិញ្ញាសាសាន់ដា (ប្រយុទ្ធ) ឲ្យកើនឡើងទាំង បរិមាណ និងគុណភាព ពីកម្រិតមូលដ្ឋាន មកជាកម្រិតជាតិ និងឈានទៅកម្រិតអន្តរជាតិ ថែមទៀត ក្នុងការបង្កើនសមត្ថភាព ត្រៀមចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិ ពិសេសស៊ីហ្គេម ជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយ។

លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា បានស្នើឱ្យសិក្ខាកាម ដែលទើបតែ បញ្ចប់វគ្គបណ្តុះបណ្តាលនេះ សូមយកចំណេះដឹងនេះ ទៅចែករំលែក និងសិក្សាបន្ថែម បន្តឈានទៅ វគ្គបណ្ដុះបណ្ដាល កម្រិតអន្តរជាតិ ដើម្បីឱ្យក្លាយជាធនធានអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ សម្រាប់កម្ពុជា។

លោកអនុប្រធាន បានបន្តថាៈ ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ដូច្នេះសហព័ន្ធកីឡាជាតិ ទាំងអស់ មានភារកិច្ចចំពោះមុខ ចំនួន២គឺៈ ទី១. ការបណ្ដុះបណ្ដាល កីឡាករ កីឡាការិនី ឱ្យមានសក្តានុពល ត្រៀមប្រជែងមេដាយជូនជាតិ។ ទី២. សហព័ន្ធកីឡាជាតិ ត្រូវដើរតួនាទី ជាម្ចាស់ ក្នុងការរៀបចំការប្រកួតរៀបចំ អាជ្ញាកណ្តាល ចៅក្រម ចូលរួមកាត់សេចក្តី។

ហេតុនេះ សិក្ខាកាមទាំងអស់ គឺជាធនធាន សម្រាប់បំពេញបន្ថែម ការប្រកួតទាំងជាតិ និង អន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ជាតិលើកទី៣ ខាងមុខនេះ គឺជាឱកាសវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសជាក់ស្តែង នៅលើទីលានផ្ទាល់ ដើម្បីធានាបាននូវធនធាន ប្រកបដោយសក្តានុ ពល ត្រៀមចូលរួមរៀបចំកាត់សេចក្តី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៣។

លោក ប៉ែន វុទ្ធី​ក៏ជំរុញឱ្យសិក្ខាកាមទាំងអស់ ដែលមានភារកិច្ច ជាមន្រ្តីចូលរួម ក្នុងព្រឹត្តិការណ៍ កីឡាជាតិ សូមប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងចេះជួយគ្នា ទៅវិញទៅមក ជាធ្លុងមួយ បង្ហាញពីសាមគ្គីភាព តម្លាភាព សុក្រឹត និងយុត្តិធម៌ ដើម្បីឈានទៅជោគជ័យ នាពេលខាងមុខ នេះ ពីព្រោះ វូស៊ូ ក៏ជាប្រភេទកីឡាមួយ ដាក់ឱ្យប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ផងដែរ។

វគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីបច្ចេកទេសកីឡាវូស៊ូ ឆ្នាំ២០២២ ដែលរៀបចំដោយ សហព័ន្ធកីឡាវូស៊ូ រយៈពេល ៩ថ្ងៃ និងមានសិក្ខាកាម ចូលរួមសរុប ៣៦ នាក់ និងគ្រូឧទ្ទេស ៨ នាក់៕/V