ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ មេដាយមាសមួយគ្រឿង ដែលសហព័ន្ធគុនដាវកម្ពុជា បានកំណត់គោលដៅរួចរាល់ គឺធ្វើយ៉ាងណា ប្រជែងយកយកឲ្យបាន សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែបើគិតមកដល់បច្ចុប្បន្ន សហព័ន្ធមួយនេះ សម្លឹងឃើញថា កង្វះបទពិសោធន៍ ជាចំណុចដែលត្រូវសិក្សា និងស្វែងរកការប្រកួតក្រៅស្រុក ឲ្យបានច្រើន ដើម្បីបណ្ដុះស្មារតីដល់ កីឡាករ-កីឡាការិនី មុនពេលព្រឹត្តិការណ៍ ដ៏សំខាន់មួយនេះ មកដល់។

លោក សាន់ សុខសីហា គ្រូបង្វឹកគុនដាវ និងជាមន្ត្រីអាជ្ញាកណ្ដាលអន្តរជាតិ បានរៀបរាប់ថាៈ បច្ចុប្បន្ន កីឡាករ-កីឡាការិនី ជម្រើសជាតិគុនដាវកម្ពុជា មានចំនួន ២៤ រូប ដែលបានប្រមូលផ្ដុំ ហ្វឹកហាត់ តាំងពីចប់ស៊ីហ្គេម នៅវៀតណាម រហូតមកដល់ពេលនេះ គឺមិនដែលសម្រាក ឡើយ។ បច្ចុប្បន្ន កីឡាករ កីឡាការិនី​ព្រមទាំងគ្រូបង្វឹក ចំនួន ៥ នាក់ បាននិងកំពុងតែដុតដៃ ដុតជើងហ្វឹកហាត់ ព្រមទាំងសិក្សា ស្វែងរកចំណុចខ្វះខាត យកមកកែប្រែ ដើម្បីធ្វើយ៉ាងណា សម្រេចឲ្យបាន តាមគោលដៅ ដែលបានកំណត់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។

លោកបានរៀបរាប់ពីចំណុចខ្វះខាត ដែលសហព័ន្ធ មើលឃើញ និងក៏កំពុងតែស្វែងរក ដំណោះស្រាយថាៈ «ខ្ញុំមើលឃើញថា បច្ចេកទេស និងកម្លាំងយើង មានគ្រប់គ្រាន់ ហើយខ្ញុំរំពឹងថា រហូតដល់ឆ្នាំ២០២៣ ចំណុចទាំងនេះ វានឹងកាន់តែល្អប្រសើរ ជាងនេះបន្ថែមទៀត។ ទន្ទឹមនឹងនេះ ខ្ញុំមើលឃើញចំណុចមួយ គឺបទពិសោធន៍ នៃការប្រកួតរបស់កីឡាករ គឺស្ថិតក្នុងចំណុច ដែលបារម្ភជារួម គឺបច្ចេកទេស និងកម្លាំងកន្លងមកល្អហើយ តែពេលឡើង វាយលើឆាកអន្តរជាតិ ហាក់ដូចមិនល្អ ដូចពេលហ្វឹកហាត់ ចំណុចនេះ ខ្ញុំអាចវាយតម្លៃបានថា ត្រូវការការចេញទៅប្រកួត នៅក្រៅស្រុកបន្ថែម គឺជាដំណោះស្រាយដ៏ធំបំផុត ដែលយើងអាច ធ្វើបាន។ ខ្ញុំសង្កេតឃើញថា នៅដើមឆ្នាំ២០២៣ មានការប្រកួតច្រើនព្រឹត្តិការណ៍ ហើយ វាពិតណាស់ ខ្ញុំនឹងបញ្ជូនអត្តពលិករបស់ខ្ញុំ ទៅចូលរួម ដើម្បីពង្រឹងបទពិសោធន៍ ឲ្យបានគ្រប់ គ្រាន់»។

គ្រូបង្វឹកដដែល បានបន្ថែមថាៈ បច្ចុប្បន្ន សហព័ន្ធ សម្រួចទៅលើ ៣ វិញ្ញាសាធំៗ ក្នុងចំណោមវិញ្ញាសា នៃការប្រកួតសរុបចំនួន១២ ដែលវិញ្ញាសាទាំងបីនេះ សហព័ន្ធ បានដាក់ក្ដីរំពឹងថា នឹងអាចយកមេដាយជូនជាតិបាន សម្រាប់ស៊ីហ្គេម ២០២៣ គឺទី១ វិញ្ញាសានារីឯកត្តជនដាវកាប់, វិញ្ញាសាទី២ គឺឯកត្តជនបុរសដាវធំ និងវិញ្ញាសាទី៣ ឯកត្តជនបុរសដាវតូច។

សម្រាប់ចិត្តរបស់កីឡាករ កីឡាការិនីទាំងអស់ គឺមានមហិច្ឆតាខ្ពស់មែនទែន ព្រោះលោក សម្គាល់ឃើញថា រាល់ពេល គ្រូដាក់លំហាត់ឲ្យធ្វើ គឺសិស្សទាំងអស់ តែងតែបង្ហាញឲ្យលើសអ្វី ដែលគ្រូបានដាក់ជាក់ស្ដែង ដូចជាការកំណត់ ៥ គីឡូម៉ែត្រ តែសិស្សទាំងអស់ តែងនាំគ្នារត់ដល់ ៧ ទៅ ៨ គីឡូម៉ែត្រ ឯណោះ៕/V-PC