ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកប្រដាល់ Kick Boxing ជម្រើសជាតិកម្ពុជា ចាត់ទុកប្រទេសថៃ និង ហ្វីលីពីន ជាគូប្រជែងមេដាយដ៏សំខាន់ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ជើងខ្លាំងឃីកបុកស៊ីង ក្នុងប្រភេទទម្ងន់ ៧២ គីឡូក្រាម ខាងលើ បាននិយាយថាៈ រូបគេ ហ្វឹកហាត់ រាល់ថ្ងៃនេះ មិនដែលអាក់ខានទេ។ បើនិយាយពីបច្ចេកទេស បច្ចុប្បន្ន អាចថាល្អជាង កាលទៅប្រកួតនៅវៀតណាមច្រើន ព្រោះកាលទៅវៀតណាម ឆ្នាំមុន រូបគេ វ៉ៃមិនសូវដឹងបច្ចេកទេស ថាវាយបែបម៉េច អាចបានពិន្ទុ វាយម៉េចខុស វាយម៉េច ត្រូវលក្ខន្តិកៈគេតែពេលនេះរូបគេ បានយល់ច្បាស់។

ឈឿន ល្វៃ ចាត់ទុកថាៈ ប្រទេសដែលរូបគេ បារម្ភបំផុតគឺ ថៃ ព្រោះអី កាលមុន គេចាញ់ថៃដែរ ទើបមិនបានមេដាយមាស គឺបានត្រឹមមេដាយប្រាក់។ ចំណែកប្រទេសមួយទៀត ដែលគេបារម្ភ ដែរនោះគឺ​ហ្វីលីពីន ព្រោះអីប្រទេសនេះ មានកីឡាករល្អៗច្រើន។

ទោះជាយ៉ាងណា ក៏ឈឿន ល្វៃ​ បានដាក់ក្ដីរំពឹងខ្ពស់ដែរ ក្នុងការប្រកួត​យកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រមួយនេះ។ អ្វីដែលជាចំណុចចាប់អារម្មណ៍ ខ្លាំងបំផុតនោះ គឺកីឡាករ មកពីខេត្តកំពង់ធំរូបនេះ បានបង្ហាញពីក្ដីសង្ឃឹម យ៉ាងមុតមាំថា នឹងអាចសងសឹក កីឡាករថៃ Thongchai Thapphli ដែលខ្លួនបានប្រកួតចាញ់ កាលនៅស៊ីហ្គេម ឆ្នាំ២០២២ ក្នុងទឹកដីប្រទេសវៀតណាម វិញបាន។

កាលពីទៅស៊ីហ្គេម នៅវៀតណាមវិញ គេបាននិយាយថាៈ បទពិសោធន៍ នៃការប្រកួត ហាក់នៅស្ទើរ ព្រោះថា ស៊ីហ្គេមនៅវៀតណាម ជាការប្រកួតលើកទី១ ក្នុងប្រភេទកីឡា Kick boxing របស់គេ។

គួររម្លឹកថា ឈឿន ល្វៃ ជាម្ចាស់មេដាយប្រាក់ ស៊ីហ្គេម នៅវៀតណាម ក្នុងប្រភេទកីឡា Kick Boxing ក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម ដែលកាលនោះ គឺចាញ់កីឡាករថៃ Thongchai Thapphli​ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឱ្យរូបគេ ទទួលបានត្រឹមមេដាយប្រាក់៕/V-PC