​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ICBM​មួ​យ​និង​ធ្លាក់​ចូល​ក្នុង​ដែនទឹក​ជប៉ុន​កាលពីថ្ងៃ​សុក្រ​នៅក្នុង​ការសាកល្បង​កាំជ្រួច​ប្រភេទ​ដូច្នេះ​ទី​ពីរ​នៅក្នុង​ខែ​នេះ​​ដែល​វា​បង្ហាញ​អំពី​លទ្ធភាព​របស់​ប្រទេស​ឯកោ​មួយ​នេះក្នុង​​ការវាយប្រហារ​សព្វាវុធ​នុយក្លេអ៊ែរ​លើ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​អាម៉េរិក​។​

​នៅពេល​គេ​នៅ​មិនទាន់​ដឹងថា​តើ​កូរ៉េ​ខាងជើង​មាន​កាំជ្រួច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រហើយ​ឬ​នៅ អ្នកជំនាញការ​ខ្លះ​បាន​និយាយថា ការបាញ់​បង្ហោះ​កាលពី​ថ្ងៃ​សុក្រ​ពាក់ព័ន្ធ​នឹង​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​​បំផុត​របស់​កូរ៉េខាងជើង ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​និង​រចនា​ឡើង​ដើម្បី​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​និង​ជម្នះ​ប្រព័ន្ធ​ខែល​ការពារ​កាំជ្រួច​របស់​ស​ហ​រដ្ឋ​អាម៉េរិក​។​

​ពួកគេ​បាន​បន្ថែមថា ការសាកល្បង​សព្វាវុធ​កាន់តែ​ញឹកញាប់​របស់​កូរ៉េ​ខាងជើង​មាន​បំណង​ជំរុញ​ឃ្លាំង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​និង​ទទួលបាន​សម្បទា​ន​កាន់តែ​ធំ​ឡើង​នៅក្នុង​កិច្ចការ​ទូត​នាពេល​​អនាគត​។​វា​កើត​ឡើង​ចំ​ពេល​ចិន​និង​រុស្ស៊ី​ប្រឆាំងនឹង​ចំណាត់ការ​របស់​អាម៉េរិក​ដើម្បី​រឹតបន្តឹង​ទណ្ឌកម្ម​ដើម្បី​ខ្ទប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​។​

​សូមបញ្ជាក់​ថា អាម៉េរិក​បាន​រួសរាន់​ថ្កោលទោស​ការបាញ់​បង្ហោះ​នេះ​និង​ប្តេជ្ញា​«​ចាត់​គ្រប់​វិធានការ​»​ដើម្បី​ធានា​សុវត្ថិភាព​ទឹកដី​របស់​ខ្លួន សម្ពន្ធមិត្ត​កូរ៉េខាងត្បូង និង​ជប៉ុន​។​អនុ​ប្រធានាធិបតី​អា​ម៉េ​​រិក​លោកស្រី កា​ម៉ា​ឡា ហារី​ស បាន​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង ជប៉ុន នូវ៉ែល​សេ​ឡង់ អូស្ត្រាលី និង​កាណាដា ដើម្បី​ពិភាក្សា​និង​ថ្កោលទោស​ទង្វើ​របស់​កូរ៉េខាងជើង​នៅ​ក្រៅ​ជំនួប​Apec​នៅ​ក្រុង​​បាងកក​កាល​ពីថ្ងៃ​សុក្រ​។​

​នាយសេនាធិការ​កង​ទ័​ព​ចំរុះ​កូរ៉េខាងត្បូង​បាន​និយាយថា ខ្លួន​​ចាប់​បាន​សញ្ញា​នៃ​ការហោះ​របស់​កាំជ្រួច​ICBM​ចេញពី​តំបន់​រដ្ឋធានី​របស់​កូរ៉េខាងជើង​នៅ​ម៉ោង​ប្រមាណ​១០​និង​១៥​នាទី​ព្រឹក​។​ជប៉ុន​បាន​​និយាយថា កាំជ្រួច​នេះ​ទំនងជា​ហោះ​ក្នុង​គន្លង​ខ្ពស់​មួយ​និង​បាន​ធ្លាក់​ចូល​សមុទ្រ​ខាងលិច​កោះ​ហុក​កៃដូ​( Hokkaido)​។​

​យោង​តាម​ការ​វាយ​តំលៃ​របស់​កូរ៉េ​ខាងត្បូង​និង​ជប៉ុន កាំជ្រួច​នេះ​បាន​ហោះ​បាន​ចម្ងាយ​១.០០០​គីឡូម៉ែត្រ​ជាមួយនឹង​កំពស់​៦.០០០​ទៅ​៦.១០០​គីឡូម៉ែត្រ​។​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​បាន​និយាយថា យោង​​លើ​ទម្ងន់​ក្បាល​គ្រាប់ កាំជ្រួច​នេះ​មាន​ចម្ងាយ​ហោះ​បាន​លើ​១៥.០០០​គីឡូម៉ែត្រ ដែល​អាច​វាយប្រហារ​ដីគោក​អាម៉េរិក​ទាំងអស់​។​

​ចំពេល​កូរ៉េខាងជើង​សាកល្បង​កាំជ្រួច​កក្រើក​ពិ​ភ​លោក ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង បាន​បង្ហាញ​រូបថត​ស្តី​ពី​យន្តហោះ​F-35​របស់​ទ័ពអាកាស​កូរ៉េខាងត្បូង​បាញ់​គ្រាប់បែក​បញ្ជា​នាំ​ផ្លូវ​ដោយ​ឡា​ហ្សែ​រ​GBU-12 ដាក់​គោលដៅ​ហ្វឹកហាត់​មួយ​នៅក្បែរ​ព្រំដែន​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​វិច្ឆិកា ឆ្នាំ​២០២២​។​

​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា យន្តហោះ​F-35​របស់​ខ្លួន​បាន​ធ្វើ​សមយុទ្ធ​វាយប្រហារ​តាម​អាកាស​ធ្វើ​ដូចជា​កំពុង​វាយប្រហារ​លើ​ទម្រ​កាំជ្រួច​កូរ៉េខាងជើង​នៅ​ក្បែរ​ព្រំដែន​របស់​ខ្លួន​ជាមួយ​កូរ៉េ​ខាង​​ជើង​។​យន្តហោះ​ប្រយុទ្ធ​ប្រាំបី​គ្រឿង​របស់​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក បាន​ធ្វើ​ការហ្វឹកហាត់​បាញ់និងទម្លាក់គ្រាប់​ដាច់ដោយឡែក​ពី​គ្នា​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ​។​

​ក្វុន យ៉ុង ស៊ូ​(Kwon Yong Soo)​អតីត​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​ការពារជាតិ បាន​និយាយថា​លោក​ជឿថា កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​Hwasong-17 ដែល​អភិវឌ្ឍ​ថ្មី​និង​អាច​បំ​​ពាក់ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពី​បី​ទៅ​ប្រាំ​គ្រាប់​និង​ហោះ​បាន​ចម្ងាយ​១៥.០០០​គីឡូម៉ែត្រ​៕

​កូរ៉េ​ខាងជើង​មាន​កាំជ្រួច​ឆ្លង​ទ្វី​ពីរ​ទៀត​គឺ​Hwasong-14 និង Hwasong-15​ដែល​សុទ្ធតែ​អាច​បាញ់​ដល់​អាម៉េរិក​តែ​Hwasong-17​មាន​ចម្ងាយ​ហោះ​ឆ្ងាយ​ជាង និង​ថែម​ទាំង​អាច​ជម្នះ​ប្រព័ន្ធ​ការ​​ពារ​កាំជ្រួច​របស់​អាម៉េរិក​ថែម​ទៀត​