​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​វិច្ឆិកា​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​បាន​សន្យាថា​នឹង​ទប់ទល់​នឹង​ការ​គំរាម​​កំហែង​នុយក្លេអ៊ែរ​របស់សហរ​ដ្ឋ​អាម៉េរិក​ជាមួយនឹង​អាវុធ​នុយក្លេអ៊ែរ ខណៈ​លោក​បាន​ត្រួតពិនិត្យ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប (ICBM)​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​សុក្រ​។​

​ប្រទេស​ឯកោ​នេះ​បាន​សាកល្បង​មី​ស៊ី​ល Hwasong-17​កាលពី​ថ្ងៃ​សុក្រ ពោល​មួយថ្ងៃ​គត់​បន្ទាប់​ពី​ព្រមាន​អំពី “​ការឆ្លើយតប​ខាង​យោធា​ដ៏​ខ្លាំងក្លា​” ចំពោះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​បង្កើន​វត្តមាន​​សន្តិសុខ​ក្នុង​តំបន់​របស់​ខ្លួន រួម​ទាំង​ទីតាំង​ទុក​អាវុធ​នុយក្លេអ៊ែរ​នានា​។​

​ចូលរួម​នៅ​ទីតាំង​បាញ់​សាកល្បង​ជា​មួយ​កូនស្រី​របស់​គាត់​ជា​លើកដំបូង លោក​គីម​បាន​និយាយថា​ការគំរាមកំហែង​ពី​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន​ក្នុង​ការជំរុញ​ឱ្យមាន​គោលនយោបាយ​​អរិភាព បាន​ជំរុញ​ឱ្យ​ប្រទេស​របស់​គាត់ “​បង្កើន​ល្បឿន​យ៉ាង​ខ្លាំង​ក្នុង​ការពង្រឹង​ការ​ទប់ទល់​នឹង​អាវុធ​នុយក្លេអ៊ែរ​ដ៏​លើសលប់​របស់​ខ្លួន​”​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ KCNA បាន​និយាយថា “​លោក គីម ជុង​អ៊ុន បាន​ប្រកាស​យ៉ាង​ឱឡារិក​ថា ប្រសិនបើ​សត្រូវ​នៅតែ​បន្ត​ការគំរាមកំហែង​…​គណបក្ស​និង​រដ្ឋាភិបាល​របស់​យើង​នឹង​ប្រតិកម្ម​​យ៉ាង​ម៉ឺងម៉ាត់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ទល់នឹង​អាវុធ​នុយក្លេអ៊ែរ និង​ការប្រឈមមុខ​ដាក់​គ្នា​ពេញទំហឹង​”​។​

KCNA បាន​និយាយថា ការបាញ់​មី​ស៊ី​ល Hwasong-17 គឺជា​ផ្នែក​មួយ​នៃ “​យុទ្ធសាស្ត្រ​កសាង​ខឿន​ការពារជាតិ​អាទិភាព​កំពូល​” របស់​កូរ៉េ​ខាងជើង ក្នុង​គោលបំណង​កសាង​”​ការ​ទប់ទល់​ដោយ​អាវុធ​​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​បំផុត​និង​ដាច់ខាត​” ដោយ​ហៅ​វា​ថា​ជា “​អាវុធ​យុទ្ធសាស្ត្រ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​”​។​

KCNA បាន​និយាយថា មី​ស៊ី​ល​នេះ​ហោះ​បាន​ចម្ងាយ​ជិត ១.០០០ គីឡូម៉ែត្រ ក្នុង​រយៈពេល​ប្រហែល ៦៩ នាទី និង ឈាន​ដល់​កម្ពស់​អតិបរមា ៦.០៤១ គីឡូម៉ែត្រ​។ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក យ៉ា​ស៊ូ​កាហ្ស៊ូ ហា​ម៉ា​ដា (Yasukazu Hamada) បាន​និយាយថា អាវុធ​នេះ​អាច​ធ្វើដំណើរ​បាន​ចម្ងាយ ១៥.០០០ គីឡូម៉ែត្រ គឺ​គ្រប់គ្រាន់​ល្មម​អាច​ទៅដល់​ទឹកដី​សហរដ្ឋ​អាម៉េរិក​៕

លោក​គីម​និង​កូនស្រី​មក​មើល​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប Hwasong-17​កាលពី​ថ្ងៃ​សុក្រ