​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អនាគត​របស់ Twitter​ហាក់​កំពុង​ស្ថិត​ក្នុង​មន្ទិល​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​វិច្ឆិកា បន្ទាប់​ពី​ការិយាល័យ​របស់​ខ្លួន​ត្រូវ​បាន​ចាក់សោ​ហើយ​បុគ្គលិក​សំខាន់ៗ​បាន​ប្រ​​កាស​ពី​ការចាកចេញ​របស់​ពួកគេ ដោយ​ផ្គើន​នឹង​ឱសានវាទ​ពី​ម្ចាស់​ថ្មី អេ​ឡុន ម៉ាស​។​

​ការព្រួយបារម្ភ​បាន​កើន​ឡើង​ថា ការ​សម្រុក​ចាក​ចេញ​របស់​បុគ្គលិក​ទាំងនេះ​នឹង​គំរាមកំហែង​ដល់​អត្ថិភាព​នៃ​វេទិកា​អ៊ីនធឺណិត​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​របស់​ពិភពលោក​ដែល​បម្រើ​ជា​ឧបករណ៍​​ទំនាក់ទំនង​ដ៏​សំខាន់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកនយោបាយ ក្រុមហ៊ុន និង​តារា​ល្បីៗ​របស់​ពិភពលោក​។​

​យោង​តាម​អតីត​បុគ្គលិក​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាម៉េរិក បុគ្គលិក​រាប់រយ​នាក់​បាន​ជ្រើសរើស “​បដិសេធ​” ទៅនឹង​ការទាមទារ​របស់​លោក​ម៉ាស ដែលថា ពួកគេ “​ត្រូវតែ​ជា​បុគ្គលិក​ធ្វើកា​រងាប់​ចោល​” ឬ​មិន​អ៊ីចឹង​ត្រូវ​ចាកចេញ​ពី​ក្រុមហ៊ុន​។​

​លោក ភី​ត​ធឺ ក្លូ​វេស (Peter Clowes)​ដែល​បដិសេធ​ការព្រមាន​ចុងក្រោយ​របស់​លោក​ម៉ាស បាន​និយាយថា “​ដូច្នេះ មិត្តភក្តិ​ខ្ញុំ​បាន​ចេញ​ហើយ ចក្ខុវិស័យ​ក៏​ស្រពេចស្រពិល មាន​ព្យុះ​នៅចាំ​ខាងមុខ ហើយ​មិន​មាន​ការរំពឹង​ហិរញ្ញវត្ថុ​កើនឡើង​នោះទេ តើ​អ្នក​នឹង​ធ្វើ​យ៉ាងណា​?”​។​

​លោក​ម៉ាស ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla និង SpaceX បាន​ទទួលរង​នូវ​ការរិះគន់​ចំពោះ​ការផ្លាស់ប្តូរ​ទាំងស្រុង​នៅ​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​មួយ​នេះ​ដែល​គាត់​​បាន​ទិញ​តិច​ជាង​មួយខែ​មុន​ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ​។​

​លោក​បាន​បណ្ដេញ​បុគ្គលិក​ពាក់កណ្តាល​នៃ​បុគ្គលិក Twitter​ចំនួន ៧.៥០០ នាក់​រួច​ទៅ​ហើយ ដោយ​លុបចោល​គោលការណ៍​ធ្វើ​ការងារ​ពី​ផ្ទះ និង​ដាក់​ចេញ​ម៉ោង​ធ្វើការ​យូរ​ជាង​មុន​ខណៈ​ការ​ប៉ុន​​ប៉ង​របស់​គាត់​ដើម្បី​កែលម្អ​ក្រុមហ៊ុន​ប្រឈម​មុខ​នឹង​ការរិះគន់​និង​ការពន្យារពេល​។​

​ការព្យាយាម​រដាក់រដុប​របស់គាត់​ក្នុង​ការកែប្រែ​ការផ្ទៀងផ្ទាត់​អ្នកប្រើប្រាស់​ជាមួយនឹង​សេវាកម្ម​ជាវ​ដ៏​ចម្រូងចម្រាស​បាន​នាំឱ្យ​មាន​គណនី​ក្លែងក្លាយ និង​ពួក Prank កើត​ឡើង​យ៉ាង​ច្រើន​ហើយ​បាន​​ជំរុញ​ឱ្យ​អ្នក​ផ្សាយពាណិជ្ជកម្ម​ធំៗ​ចាកចេញ​ពី​វេទិកា​នេះ​។​

​កាលពី​ថ្ងៃ​សុក្រ លោក​ម៉ាស​ហាក់​កំពុង​បន្ត​ផែនការ​របស់​គាត់ ហើយ​បាន​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គណនី​ដែល​ត្រូវ​បាន​ហាមឃាត់​ពីមុន រួម​ទាំង​គណនី​របស់​តារា​កំប្លែង នាង ខា​ធី ហ្គ្រី​ហ្វ​ហ្វី​ន (Kathy Griffin) ដែល​ត្រូវបាន​ដកចេញ បន្ទាប់ពី​នាង​បាន​សម្តែង​ធ្វើជា​តួ​លោក​អេ​ឡុន ម៉ាស​នៅលើ Twitter​។​

​ទោះយ៉ាងណា លោក​ម៉ាស​មិន​បាន​ស្វាគមន៍​ចំពោះ​អតីត​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ​ដែល​ត្រូវ​បាន​ហាមឃាត់​ចំពោះ​ការ​ញុះញង់​ឱ្យមាន​ការវាយប្រហា​រវិ​មានកា​ពី​តូ​ល​កាលពី​ឆ្នាំមុន​ដោយ​ហ្វូង​​មនុស្ស ដែល​ព្យាយាម​លុបចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ ២០២០​។​

​លោក​បាន​និយាយថា “​ការសម្រេចចិត្ត​អំពី​លោក​ត្រាំ​មិនទាន់​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ​”៕

​លោក​ម៉ា​ស​បាន​ទទួលរង​នូវ​ការរិះគន់​ចំពោះ​ការផ្លាស់ប្តូរ​ទាំងស្រុង​នៅ​ក្រុមហ៊ុន Twitter​