​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ ប្រជាជន​ម៉ាឡេស៊ី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​បាន​ចេញ​ទៅ​បោះឆ្នោត​សកលក្នុង​ការប្រកួតប្រជែង​មួយ​ដែល​ទំនងជា​នឹង​មិន​បញ្ចប់​អស្ថិរភាព​នយោបាយ​អស់​ពេល​រាប់​​ឆ្នាំ​មកនេះ នៅពេល​ការស្ទង់មតិ​មិន​បាន​បង្ហាញថា​បេក្ខជន​ណា​ទទួល​បាន​សម្លេងគាំទ្រ​នាំមុខ​ដាច់​ឡើយ​។​

​មេដឹកនាំ​ប្រឆាំង​ចាស់វស្សា​និង​ជា​អតីត​នាយករដ្ឋមន្ត្រី​រង់ចាំ​ចូលកាន់​តំណែង​យូរ​បំផុត​ក្នុង​លោក លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ទទួលបាន​សម្លេង​គាំទ្រ​​នាំមុខ​នៅក្នុង​សភា តែ​នៅ​តែ​មិន​គ្រប់គ្រាន់​សំរាប់​បង្កើត​រដ្ឋាភិបាល​មួយ​តែឯង នៅ​ពេល​លោក​ប្រឈម​នឹង​ប្លុក​មួយ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី អ៊ី​ស្មេ​ល សា​ព្រី យ៉ា​អាកុ​ប​(Ismail Sabri Yaakob)​និង​អតីត​នាយករដ្ឋមន្ត្រី មូ​យីត​ឌីន យ៉ាស​ស៊ីន​( Muhyiddin Yassin)​។​

​ដោយ​គ្មាន​អ្នកឈ្នះ​ដាច់ ភាពមិនប្រាកដប្រជា​ន​យោ​បាយ​មួយ​អាច​នៅ​បន្ត​នៅពេល​ម៉ាឡេស៊ី​ប្រឈម​នឹង​សេដ្ឋកិច្ច​ធ្លាក់​ចុះ​និង​កំណើន​អតិផរណា​។ សូមបញ្ជាក់​ថា ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ មាន​នា​​យក​រដ្ឋមន្ត្រី​ដល់​ទៅ​បី​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​។​

​នាយករដ្ឋមន្ត្រី​ចាំផ្ទះ អ៊ី​ស្មេ​ល សា​ព្រី យ៉ា​អាកុ​ប ជា​ផ្នែក​នៃ​ក្រុមចំរុះ Barisan National ដែល​ត្រួតត្រា​ដោយ​គណបក្ស​UMNO

​បើសិនជា​អាន់​វ៉ា ទទួលបាន​តំណែង​កំពូល​របស់​ប្រទេស វា​នឹង​បន្ថែម​រឿងរ៉ាវ​ក្នុង​ដំណើរ​ជីវិត​នយោបាយ​គួរអោយកត់សំគាល់​មួយ ដែល​២៥​ឆ្នាំ​មកនេះ​លោក​បាន​បាន​ស្ថិត​ក្នុង​ទីតាំង​រង់ចាំ​ឡើងកាន់តំណែង​​នាយករដ្ឋមន្ត្រី​រហូត​ដល់​ការជាប់គុក ក្លាយជា​អ្នក​រង់ចាំ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ជាថ្មី​និង​ចុង​ក្រោយ​ជា​មេដឹកនាំ​ប្រឆាំង​ឡើងវិញ។​

​តែ​ក្រុមចំរុះ​ប្រជែង​គ្នា អាច​រួម​គ្នា​បង្កើត​ក្រុមចំរុះ​ធំ​មួយ​ទោះជា​អាន់​វ៉ា​ទទួលបាន​សម្លេង​គាំទ្រ​ច្រើនជាងគេ នៅពេល​ការស្ទង់មតិ​បង្ហាញ​អ្នកបោះឆ្នោត​​ជា​ច្រើននៅ​មិនទាន់​សំរេចចិត្ត​ទៅខាង​ណា​។​

​ស៊ី​វ៉ា​មូរូ​ហ្កាន ប៉ាន់​ឌៀន​(Sivamurugan Pandian)​អ្នកវិភាគ​នយោបាយ​នៅ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ម៉ាឡេស៊ី បាន​និយាយថា​«​ខ្ញុំ​មិន​គិតថា​មាន​ក្រុមចំរុះ​ណាមួយ​ឈ្នះ​បាន​សម្លេងគាំទ្រ​នាំមុខ​​គេ​ដាច់​ទេ​។​ពួកគេ​ត្រូវ​ធ្វើការ​រួម​ជាមួយ​អ្នកដទៃ​»​។​

​លោក​ថា គណបក្ស​បង្កើត​ថ្មី​ជាច្រើន​ក៏​ជួយ​បំបែក​សម្លេងឆ្នោត និង​មាន​អ្នក​បោះឆ្នោត​ថ្មី​មួយចំនួន​ធំ​ផង​ដែរ​។​

​ប្លុក​របស់​អាន់​វ៉ា ជា​ក្រុមចំរុះ​ជាតិ​សាសន៍ នៅពេល​ក្រុម​ពីរ​ទៀត​អោយ​អាទិភាព​លើ​ក្រុម​ជនជាតិ​ភាគ​ច្រើន​អ៊ីស្លាម​ម៉ាឡេ ហើយប្លុក​របស់លោក មូ​យីត​ឌីន រួមបញ្ចូល​គណបក្ស​អ៊ីស្លាម​មួយ​ដែល​អួតអាង​​អំពី​ច្បាប់​សារៀ​របស់​សាសនា​អី​ស្លាម​៕

​អ្នកបោះឆ្នោត​ម៉ាឡេស៊ី​២១,១​លាន​នាក់ រួម​មាន​អ្នក​បោះឆ្នោត​ថ្មី​៥​លាន​នាក់ នឹង​ជ្រើសរើស​សមាជិក​សភា​២២២​រូប​សំរាប់​សភា​ជាន់​ទាប​ដ៏​មាន​ឥទ្ធិពល​

​ការស្ទង់មតិ​បង្ហាញថា ក្រុមចំរុះ​របស់លោក​អាន់​វ៉ា ទទួល​បាន​ការគាំទ្រ​នាំមុខគេ តែ​មិន​ធានាថា​អាច​បង្កើត​បាន​រដ្ឋាភិបាល​នា​ពេល​ខាង​មុខ​ទេ នៅពេល​ក្រុមចំរុះ​ផ្សេងៗ​អាច​គួប​គ្នា​បង្កើត​សម្លេង​​ភាគច្រើន​ដាច់​នៅក្នុង​សភា​