ដោយៈ ចាន់តូ / ភ្នំពេញ៖ ធុងសំរាមរបស់ក្រុមហ៊ុន មីសូដា នៅតាមទីសាធារណៈនានា ត្រូវបានជនមិនស្គាល់មុខ លួច ដោះកង់ យកដែកទៅលក់ឱ្យអេតចាយ ជាបន្តបន្ទាប់ និងបានដុតបំផ្លាញធុងចោលតែម្តង។

បើតាមប្រភពព័ត៌មាន បានឱ្យដឹងថាៈ នៅព្រឹកថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០២២ ធុងសំរាមរបស់ ក្រុមហ៊ុនមីសូដា ចំនួន ១០ គ្រឿង នៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិជង្រុក សង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនមិនស្គាល់មុខ ដែលគេសង្ស័យថា ជាអ្នកដើររើស អេតចាយ ពេលយប់ បានវាយបំបែកធុងសំរាម ដោះយកដែកកង់ យកទៅលក់ឱ្យអេតចាយ។ បន្ទាប់ពីត្រូវចោរលួច ខាងក្រុមហ៊ុន ក៏បានតាមរកឃើញ ដែកកង់ធុងសំរាមទាំងនោះ នៅកន្លែងទិញ-លក់ អេតចាយ មួយកន្លែង នៅភូមិជម្ពូវ័ន ហើយក៏បានដាក់ពាក្យបណ្តឹង ឱ្យនគរបាលមូលដ្ឋាន ចុះទៅដកហូតបាន ចំនួន ១០ ដើម ត្រឡប់មកវិញ។

តាមប្រភពព័ត៌មានដដែល បានឱ្យដឹងទៀតថាៈ ធុងសំរាមជាច្រើនគ្រឿងទៀត នៅតាមផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ និងនៅក្នុងខណ្ឌកំបូល ក៍ត្រូវក្រុមចោរហារយ រាតត្បាត នាំគ្នាលួចដោះកង់ យកដែកទៅលក់ដូចគ្នាផងដែរ។

ដោយឡែក នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ធុងសំរាមជាច្រើនគ្រឿង នៅតាមផ្លូវជាតិលេខ៣ ម្តុំវត្តព្រៃស្ពឺ ត្រូវបានជនមិនស្គាល់មុខ លួចដោះយកដែកកង់ យកទៅលក់ឱ្យអេតចាយ ហើយ ដុតធុងកម្ទេចចោលតែម្តង។

តាមតំណាងក្រុមហ៊ុន មីសូដា ប្រចាំខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថាៈ រយៈពេលកន្លងមក នេះ ធុងសំរាមជាច្រើន នៅតាមទីសាធារណៈ ត្រូវបានជនមិនស្គាល់មុខ វាយកម្ទេចកង់ ដោះយកដែក យកទៅលក់ឱ្យអេតចាយ ក្នុង១គីឡូក្រាម ចំនួន ៩០០ រៀល ដែលធុងនីមួយៗ តម្លៃ ៨០ ដុល្លារ។

តំណាងក្រុមហ៊ុន បានបញ្ជាក់ទៀតថាៈ ធុងដែលត្រូវចោរលួចដោះយកដែក កន្លងមកនោះ ដូចជា ក្នុងសាលាបឋមសិក្សាជម្ពូវ័ន អស់ប្រមាណជាង ១០​ គ្រឿង , នៅតាមមហាវិថីឈ្នះឈ្នះ សង្កាត់ត្រពាំងក្រសាំង ចំនួន ១០ គ្រឿង, តាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ៣ អស់ចំនួន ៦ គ្រឿង, តាមផ្លូវជាតិលេខ៣ អស់ ៥ គ្រឿង និងមួយចំនួនទៀត នៅក្នុងខណ្ឌកំបូល។

តំណាងក្រុមហ៊ុន ក៏បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ច មេត្តាជួយសហការទប់ស្កាត់ ក្រុមចោរទាំងនោះផង។ ម្យ៉ាងទៀត អ្នកទិញ-លក់អេតចាយទាំងអស់ សូមចូលរួមសហការ ហាមទិញដែកកង់ធុងសំរាមទាំងនោះ៕/V-PC