​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកគាំទ្រ​ជា​ច្រើន​ប្រទេស​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កាតា​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​វិច្ឆិកា​នៅមុន​ការប្រកួត​វើល​ខាប់​លើកដំបូង​នៅ​មជ្ឈិមបូព៌ា​ខណៈ​អ្នក​រៀប​​ចំ​បាន​ហាមឃាត់​ការលក់​ស្រា​បៀរ​នៅ​កីឡដ្ឋាន ដែល​ជា​ការសម្រេចចិត្ត​នៅ​នាទីចុងក្រោយ ដែល​បាន​ធ្វើឱ្យ​អ្នក​ឧបត្ថម្ភ​របស់ FIFA​គឺ​ស្រា​បៀ​រ Budweiser មាន​ការស្រឡាំងកាំង​ប៉ុន្តែ​ត្រូវបាន​​ស្វាគមន៍​យ៉ាង​ទូលំ​ទូលាយ​ដោយ​អ្នក​កាន់​សាសនា​អ៊ីស្លាម​អភិរក្សនិយម​របស់​ប្រទេស​នេះ ហើយ​ត្រូវបាន​អ្នកគាំទ្រ​របស់​ក្រុម​ភ្ញៀវ​មួយចំនួន​មិន​ខ្វល់​ទេ​។​

​ប្រទេស​តូច​សម្បូរ​ថាមពល ដែល​មាន​ប្រជាជន​ប្រហែល​បី​លាន​នាក់​និង​ផ្ទៃដី​ទំហំ​ប្រហែល​ប្រទេស​ហ្សា​ម៉ា​អ៊ី​ក​នេះ រំពឹង​មាន​អ្នកគាំទ្រ ១,២ លាន​នាក់​ផ្សេង​ទៀត​ហោះ​មក​ចូលរួម​មើល​ការប្រកួត​ដែល​​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា​។​

​បន្ទាប់​ពី​ការ​បន់ស្រន់​កាលពី​ថ្ងៃ​សុក្រ ការជជែក​អំពី​ទីក្រុង​ដូ​ហា​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ភ្លាមៗ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ការលក់​ស្រា​បៀរ​ទាំងអស់​នៅ​កីឡដ្ឋាន​។​

​មនុស្ស​ជាច្រើន​បាន​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​ក្នុងប្រទេស​អភិរក្សនិយម​នេះ ដែល​ធ្វើឡើង​តាម​គោលការណ៍​ច្បាប់ Wahhabi Islam នៃ​ប្រទេស​ជិតខាង​អា​រ៉ាប៊ីសាអូឌីត​ត្បិត​មាន​ការអនុញ្ញាត​​ឱ្យ​លក់​ស្រា​បៀរ​និង​ស្រា​នៅតាម​បារ​សណ្ឋាគារ​ជា​លក្ខណៈ​សម្ងាត់​ក្នុងប្រទេស​នេះ​ក៏​ដោយ​។ ប្រជាពលរដ្ឋ​ប្រហែល ៣០០.០០០​នាក់​របស់​ប្រទេស​នេះ​បាន​រិះគន់​រួចហើយ​ចំពោះ​ភាព​ហួសហេតុ​របស់​លោក​ខាង​​លិច​ក្នុងការ​អ​បសាទរ និង​បាន​ទាត់​ចោល​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ទស្សនៈ​របស់​ខ្លួន​លើ​សិទ្ធិ​ខ្ទើយ (LGBTQ) ។​

​វេជ្ជបណ្ឌិត ម៉ូ​ហា​ម៉េត អា​លី (Mohammad Ali)​អាយុ ៥០ ឆ្នាំ​មក​ពី​ទីក្រុង​សេ​ហ្វ​ហ្វៀល (Sheffield) របស់​អង់គ្លេស ប៉ុន្តែ​រស់នៅ​កាតា បាន​និយាយថា​”​ហេតុផល​ទាំងស្រុង​ដែល​ខ្ញុំ​មក​ប្រទេស​នេះ​​គឺ​ដើម្បី​ឱ្យ​ខ្ញុំ​អាច​រីករាយ​នឹង​សម្ភារៈ​បរិក្ខារ​និង​ទទួលបាន​អត្ថប្រយោជន៍​នៃ​ការរស់នៅ​ក្នុង​សេដ្ឋកិច្ច​ទំនើប ប៉ុន្តែ​ជាមួយ​នឹង​បេតិកភណ្ឌ​អ៊ីស្លាម​។ ខ្ញុំ​នឹង​មិន​ចង់​ឃើញ​របៀប​រស់នៅ​បែប​អន់ៗ​នោះទេ​”​។​

​លោក​បាន​បន្ថែមថា “​ខ្ញុំ​និង​កូនៗ​និង​ក្រុមគ្រួសារ​របស់​ខ្ញុំ​មិន​ចង់​រីករាយ​នឹង​ពេលទំនេរ​នៅ​ខាងក្រៅ ដែល​ប្រឈមមុខ​នឹង​ពួក​ប្រមឹក​ទេ ខ្ញុំ​មិន​ចង់​និយាយ​ដល់​ថ្នាក់​ថា​ជា​មនុស្ស​ឆ្កួត​ទេ ប៉ុន្ជា​មនុស្ស​ស្រ​​វឹង​ខួប​និង​គ្មាន​សណ្ដាប់ធ្នាប់​”​។​

​គ្រឿង​ស្រវឹង​នឹង​នៅតែ​មាន​លក់​នៅក្នុង​សណ្ឋាគារ បន្ទប់​ប្រណីតៗ និង​ផ្ទះ​ឯកជន​ក្នុងអំឡុង​ការប្រកួត​វើល​ខាប់​។ ក្រុមហ៊ុនស្រា​បៀរ Budweiser បាន​បន្ត​ការងារ​របស់ខ្លួន ដោយ​ប្រែក្លាយ​សណ្ឋាគារ​ប្រណីត​មួយ​ទៅ​ជា​បារ​ដ៏​ធំ​មួយ​។ វា​នឹង​មិន​ថោក​ទេ ដោយ​ស្រា​បៀរ​មួយ​ដប​ស្តង់ដារ​មានតម្លៃ​ជាង ១៥ ដុល្លារ​៕

​កាតា​ហាមឃាត់​ការលក់​ស្រា​បៀរ​នៅ​កីឡដ្ឋាន ដែល​ជា​ការសម្រេចចិត្ត​នៅ​នាទីចុងក្រោយ ដែល​បាន​ធ្វើឱ្យ​អ្នក​ឧបត្ថម្ភ​របស់ FIFA​គឺ​ស្រា​បៀ​រ Budweiser​មាន​ការស្រឡាំងកាំង​

​អ្នកគាំទ្រ​ប្រទេស​ជាច្រើន​នឹង​នៅតែ​អាច​ផឹកស្រា​នៅ​តាម​សណ្ឋាគារ​នៅ​កាតា