ដោយៈម៉េងឆៃ,បូព៌ព្រឹក្ស/ភ្នំពេញ៖ក្នុងពេលឆាប់ៗនេះគណៈកម្មការទន្លេមេគង្គ(ហៅកាត់ថាMRC,អឹមអស៊ី)នឹងរៀបចំវេទិកាភាគីពាក់ព័ន្ធប្រចាំតំបន់លើក​ទី១៣​របស់ខ្លួនដែលពេលនោះMRCមិនត្រឹមតែផ្តល់ព័ត៌មានបច្ចុប្បន្នភាពពីគម្រោងទំនប់វារីអគ្គិសនីតាមដងទន្លេធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ គេក៏បង្ហាញជាពិសេសពីកិច្ចសហប្រតិបត្តិការដ៍ស៊ីជម្រៅជាមួយនឹងសកម្មជនដែលតំណាងឲ្យប្រយោជន៍នៃ ក្រុមគ្រួសារនេសាទនិងកសិកររាប់លាននាក់ក្នុងតំបន់ទន្លេមេគង្គនេះផងដែរ។នេះយោងតាមសេចក្តីប្រកាសព័ត៌មានអឹមអស៊ីពីទីក្រុងវៀងចន្ទ ប្រទេសឡាវ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ទន្លេមេគង្គ ហូរកាត់ប្រទេសចំនួន៦ (រូបថត គេហទំព័រអំពីទន្លេមេគង្គ)

ប្រភពដដែលបន្តថាវេទិកានេះចាប់ពី១២ដល់១៣ធ្នូនឹងប្រារព្ធឡើងក្នុងទីក្រុងហូជីមិញប្រទេសវៀតណាមហើយនឹងត្រូវផ្សាយបន្តផ្ទាល់ក្នុង ពេលតែមួយតាមប្រព័ន្ធអនឡាញ។ វេទិការយៈពេលមួយថ្ងៃកន្លះនេះ នឹងបើកបង្ហាញនូវបញ្ហាប្រឈមជាច្រើន ដែលអាងទន្លេកំពុងជួបប្រទះ ក៏ដូចជាដំណោះស្រាយដែលបានស្នើផងដែរ ក្នុងនោះរួមមានការធ្វើឲ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ចពីការអភិវឌ្ឍន៍ធនធានទឹក រហូតដល់ការកាត់បន្ថយផលប៉ះពាល់នានាឲ្យដល់កម្រិតទាបបំផុតលើប្រព័ន្ធអេកូឡូស៊ី ឬសហគមន៍តាមដងទន្លេ និងការគ្រប់គ្រងការខូចខាតបណ្តាលមកពីកត្តាមនុស្ស និងការប្រែប្រួលអាកាសធាតុ។

ខណៈដែលអ្នកចូលរួម នឹងទទួលបានព័ត៌មានបច្ចុប្បន្នភាពពីទំនប់វារីអគ្គិសនីមួយចំនួនតាមដងទន្លេ មេគង្គ គេក៏មានឳកាសចែករំលែកពីទស្សនៈ ការព្រួយបារម្ភ និងមតិយោបល់ផ្សេងៗរបស់គេផងដែរ។ បន្ថែមពីនេះ អង្គការសង្គមស៊ីវិល (CSOs) កំពុងរៀបចំរបៀបវារៈរួមគ្នាសម្រាប់ថ្ងៃទីពីរនៃវេទិកា ដែលនេះជាសញ្ញាមួយនៃកំណើនក្នុងការចូលរួមផ្តល់មតិយោបល់ ក្នុងការរៀបចំអាទិភាពរបស់ MRC។ វាក៏បានឆ្លុះបញ្ចាំងពីគោលបំណងរបស់ MRC ក្នុងការស្នើសុំមតិកែលម្អដែលអាចមាន និងការចូលរួមយ៉ាងស៊ីជម្រៅជាមួយនឹង CSOs។ នេះបើយោងតាមប្រសាសន៍របស់បណ្ឌិត អានុល័ក ខិធិឃួន នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC។

បណ្ឌិត ខិធិឃួន ថ្លែងថា “អ្នកមិនអាចធ្វើអ្វីមួយឲ្យបានល្អប្រសើរតែម្នាក់ឯងបានទេ ប៉ុន្តែយើងអាច ប្រសិនបើយើងធ្វើរួមគ្នា។ ទន្លេមេគង្គជាកម្មសិទ្ធរបស់ពលរដ្ឋគ្រប់គ្នា ដូច្នេះយើងមានទំនួលខុសត្រូវរួម មិនត្រឹមតែលើការអភិវឌ្ឍទន្លេនេះទេ ប៉ុន្តែថែមទាំងគាំពារវាទៀតផង”។

នៅក្រោមប្រធានបទ “ការបង្កើតដំណោះស្រាយរួមគ្នា សម្រាប់សុខភាពអាងទន្លេមេគង្គ” វេទិកានេះ តំណាងឲ្យផ្នែកមួយនៃបេសកកម្មរបស់ MRC ដែលជាស្ថាប័នអន្តររដ្ឋាភិបាល រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម មានតួនាទីជា “មជ្ឈមណ្ឌលចំណេះដឹង” ប្រកបដោយតម្លាភាពមួយ និងវេទិកាសម្របសម្រួល “ការទូតទឹក”មួយ។

ក្រៅពីមន្ត្រី MRC និងតំណាងរដ្ឋាភិបាល ដែលនឹងចូលរួមវេទិកាលើកទី១៣ នេះ អ្នកចូលរួមផ្សេងទៀត រួមមានអ្នកអភិវឌ្ឍន៍គម្រោងទំនប់វារីអគ្គិសនី ដៃគូអន្តរជាតិ អ្នកស្រាវជ្រាវ សកម្មជនមិនមែនរដ្ឋាភិបាល និងតំណាងសហគមន៍តាមដងទន្លេមេគង្គ។

ខណៈដែលកាលពីមុន គេមើលឃើញ MRC ជា “ភាគីប្រឆាំង” ថ្មីៗនេះ MRC បានខិតខំបង្កើតនូវវេទិកាជាច្រើន សម្រាប់ការយល់ដឹងរួម ការចូលរួមពីភាគីពាក់ព័ន្ធ និងដើម្បីពង្រីកមតិយោបល់ផ្សេងគ្នាៗ លើវិស័យនេះទាំងមូល។

បណ្ឌិត ខិធិឃួន បន្តទៀតថា “ខ្ញុំរីករាយនឹងបង្កើតឲ្យបានកាន់តែច្រើននូវលំហសម្រាប់ការចូលរួមកាន់តែស៊ីជម្រៅ។ យើងទទួលស្គាល់ពីតម្រូវការក្នុងការកសាងភាពជឿជាក់ និងទំនុកចិត្ត ព្រោះថាអ្នកមិនអាចធ្វើការរួមគ្នា ដោយគ្មានទំនុកចិត្ត និងការយល់ដឹងពីបញ្ហាប្រឈមនានា ដែលភាគីនីមួយៗជួបប្រទះនោះទេ។ ដូច្នេះ យើងត្រូវធ្វើការរួមគ្នា ស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាំងនេះ ដើម្បីទន្លេតែមួយគត់របស់យើង”។

នៅក្នុងចំណោមរបៀបវារៈសំខាន់ៗ សិក្ខាកាមនឹងទទួលបានព័ត៌មានពីរបកគំហើញដំបូងខ្លះៗនៃការសិក្សាស្រាវជ្រាវរួមដ៍សំខាន់ រវាង MRC និងមជ្ឈមណ្ឌលទឹកស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលតំណាងឲ្យប្រទេសតាមដងទន្លេឡាងឆាង-មេគង្គទាំង៦។ ការសិក្សានេះបានបង្ហាញនៅវេទិកាភាគីពាក់ព័ន្ធប្រចាំតំបន់លើកទី១២កាលពីខែមិថុនាដែលមានគោលបំណងស្វែងយល់ពីការប្រែប្រួលរបបរំហូរទឹកបង្កដោយអាកាសធាតុនិងការអភិវឌ្ឍ,បង្កើនការចែករំលែកព័ត៌មានពីផលប៉ះពាល់នៃប្រតិបត្តិការអាងស្តុកលើរំហូរទឹកទន្លេមេគង្គ ការបញ្ចេញទឹក និងគុណភាពទឹក, និងស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយ និងបន្សុំាទៅនឹងផលប៉ះពាល់នានា។ ទិន្នន័យបែបនេះ ក៏បានដើរតួនាទីសម្រាប់ជូនពត័មានជាមុនដល់បណ្តាលប្រទេស និងសហគមន៍នៅផ្នែកខាងក្រោមទន្លេ ដើម្បីផ្តល់លទ្ធភាពឲ្យពួកគេរៀបចំផែនការទៅតាមការប្រែប្រួលនានា ឬទាញយកប្រយោជន៍ពីឳកាសណាមួយ។

របៀបវារៈផ្សេងទៀតដែលនឹងលើកយកមកបង្ហាញពិភាក្សាក្នុងអំឡុងពេលវេទិកា រួមមាន៖ ដំណើរការរបស់បណ្តាញតាមដានស្នូលសម្រាប់ទន្លេ ការគាំពារសុខភាពទន្លេមេគង្គ, បច្ចុប្បន្នភាពពីគម្រោងទំនប់វារីអគ្គិសនីមួយចំនួន រួមទាំងទំនប់ដនសាហុង សាណាខាំ សេកុងអា និងគម្រោងទំនប់ភូងយដែលបានស្នើ, របៀបដែលការអភិវឌ្ឍទំនប់វារីអគ្គិសនីជះឥទ្ធិពលលើជលផល និងការចិញ្ចឹមជីវិត រួមទាំងយន្តការកាត់បន្ថយផលប៉ះពាល់ ប្រភពផ្សេងៗនៃប្រាក់ចំណូល និងទម្រង់ផ្សេងទៀតនៃ “ការរស់នៅប្រកបដោយចីរភាព”, វិធីពង្រឹងភាពជាដៃគូរវាង MRC, CSOs និងវិស័យឯកជន។ ជាពិសេស វិធីធ្វើការសម្រេចចិត្តឲ្យកាន់តែមានបរិយាប័ន្ន សម្រាប់គម្រោងដែលលើកកម្ពស់ភាពចម្រុះ និងសមភាពយេនឌ័រ។

បេក្ខជនដែលចាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមតាមប្រព័ន្ធអនឡាញនៅទីនេះ៖
https://forms.gle/EhD8FJJH1LbV7rLV7

ការចុះឈ្មោះចូលរួម បិទនៅថ្ងៃទី២ ខែធ្នូ។ ជំនួយហិរញ្ញវត្ថុតិចតួច មានសម្រាប់បេក្ខជនដាក់ពាក្យចូលរួមដែលមានតម្រូវការជាក់ស្តែង។ អ្នកចូលរួម ក៏ត្រូវបានស្វាគមន៍ឱ្យទស្សនាការផ្សាយបន្តផ្ទាល់សម្រាប់វេទិកានេះ តាមបណ្តាញព័ត៌មានសង្គមណាមួយរបស់ MRC រួមមានហ្វេសបុក ធ្វីធធឺរ លីនខអ៊ីន និងយូធូប។

ទន្លេមេគង្គ (Mekong River) មានប្រភពចាប់ពីតំបន់ខ្ពង់រាបទីបេ និងហូរកាត់ប្រទេសចំនួន ៦ រួមមាន ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម នៅអាស៊ីអាគ្នេយ៍។ ទន្លេមេគង្គ ជាទន្លេដែលវែងជាងគេទី ១២ (៤៩០៩ គីឡូម៉ែត្រ) លើពិភពលោក និងវែងជាងគេទី ៣ នៅអាស៊ី។ បើនិយាយពីការហូរទឹកភ្លៀងជាមធ្យមមេគង្គគឺជា ទន្លេធំជាងគេទី ១៨ នៅលើពិភពលោកដែលមានទំហំ ១៦,០០០ ម៉ែត្រគូប / វិនាទីបន្ទាប់ពីទន្លេមីស៊ីស៊ីពី (Mississippi)។ ទោះយ៉ាងណាទឹកទន្លេមេគង្គបានហក់ឡើងជារៀងរាល់ឆ្នាំក្នុងរដូវមូសុងដល់ប្រមាណ ៣៩.០០០ ម៉ែត្រគូប/ វិនាទី អាងទន្លេមេគង្គមានទំហំប្រហែលនឹងប្រទេសឈីលី (Chile)។ ក្នុងតំបន់ទន្លេមេគង្គមានជាង ៣៩៨ភាសា ដែលកំពុងប្រើប្រាស់មានតំបន់វប្បធម៌ និងស្ថានីយបុរាណវិទ្យាសំខាន់ៗ និងស្ថិតក្នុងចំណោមតំបន់ជីវចម្រុះច្រើនបំផុតនៅលើពិភពលោក។

ទន្លេមេគង្គជាធម្មតាត្រូវបានបំបែកទៅជា២គឺ អាងទន្លេមេគង្គលើនៅក្នុងប្រទេសចិន និងអាងទន្លេមេគង្គក្រោមរាប់ចាប់ពីប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ លើសពីនេះទៀតមានតំបន់ដំណើរការចំនួន ៦ ដែលពិពណ៌នាអំពីធរណីមាត្រនៃទន្លេ (ICEM, MRC SEA Report 2010) ។

គួរបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតួនាទីជំរុញលើកកម្ពស់កិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់នៅក្នុងតំបន់អាងទន្លេមេគង្គខ្សែទឹកខាងក្រោម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ផ្អែកទៅតាមកិច្ចព្រមព្រៀងទន្លេមេគង្គ រវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ស្ថាប័ននេះ បំពេញតួនាទីជាវេទិកាថ្នាក់តំបន់សម្រាប់ការទូតទឹក ក៏ដូចជាជាមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះដឹងអំពីការគ្រប់គ្រងធនធានទឹក ដើម្បីអភិវឌ្ឍន៍តំបន់នេះប្រកបដោយចីរភាព៕សរន