ដោយៈ ប.ខុន / ភ្នំពេញៈ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកពញាឮ គឺលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងក្រុមការងារ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា បានអញ្ជើញចុះធ្វើការផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្ស ស្រុកពញាឮ ដោយមានសមាជិក សមាជិកា ប្រមាណ ២០០ នាក់ បានមកចូលរួម។

ក្រោយពីលោក ប្រធានគណបក្ស ស្រុកពញាឮ បានឡើងអានសេចក្តីសម្រេច ស្តីពីផែនការរួម ឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ រួចមក លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកពញាឮ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ​ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ឆ្លុះបញ្ចាំង និងបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការផ្តល់យុត្តិធម៌របស់ ប្រជាពលរដ្ឋ ចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា លើមូលដ្ឋានជ័យជំនះ ដ៏ត្រចះត្រចង់ជាថ្មីទៀត។

លោករដ្ឋមន្ត្រី បានថ្លែងបន្តទៀតថាៈ ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយ និងទប់ស្កាត់ បានទាន់ពេលវេលា ការរីក រាលដាលនៃជំងឺកូវីដ -១៩ និងពេលថ្មីៗនេះ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងការ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។ ជាមួយគ្នានេះ ដើម្បីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ  ក្រុមការងារទាំងអស់ ត្រូវបន្តខិតខំធ្វើសកម្មភាពឥតថមថយ ប្រកបដោយប្រសិទ្ធភាព ទាំងក្នុងការអនុវត្ត កម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់ បម្រើប្រជាជន ហើយបន្តដោះស្រាយ និងព្យាយាមលុបបំបាត់ កាត់បន្ថយភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការរក្សា កម្លាំងចាស់ និងពង្រីកកម្លាំងថ្មី ឈាមថ្មី ដែលគ្រប់អាយុបោះឆ្នោត ដើម្បីធានាបានមូលដ្ឋាន ដ៏រឹងមាំ សម្រាប់ជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជា៕/V-PC