ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភ ចំពោះការចងសម្ព័ន្ធ ភាព ឬចូលពីគណបក្ស មួយទៅគណបក្សមួយ ដើម្បីប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នោះទេ។ ហើយលើកទឹកចិត្ត ឲ្យអ្នកនយោបាយ អនុវត្តនូវសិទ្ធិនយោបាយរបស់ខ្លួន ដោយទូលំទូលាយ ដោយឆន្ទៈ និងគ្មានការភ័យខ្លាច។ នេះបើតាមការបញ្ជាក់របស់លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

ការអះអាងរបស់អ្នកនាំពពាក្យ​គណបក្សប្រជាជនកម្ពុជា បានធ្វើឡើង ស្របពេលដែល គណបក្សឆន្ទៈខ្មែរ នឹងធ្វើសមាជ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ បង្ហាញអំពីគោលជំហ របស់ខ្លួន ក្នុងការចូលរួមជាមួយ គណបក្សភ្លើងទៀន។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះថាៈ ចំពោះការចងសម្ព័ន្ធភាព ឬចូលពីគណបក្សមួយ ទៅគណបក្សមួយ គឺជាសិទ្ធិនយោបាយ របស់អ្នកនយោបាយ និងគណបណក្សនយោបាយ ដោយឡែក សម្រាប់គណបក្សប្រជាជនកម្ពុជា អត់មានយល់ទាស់ អត់មានរារាំង ថ្នាំងថ្នាក់អ្វីទេ គឺលើកទឹកចិត្តឲ្យអ្នកនយោបាយអនុវត្ត នូវសិទ្ធិនយោបាយរបស់ខ្លួន ដោយទូលំទូលាយ ដោយគ្មានការភ័យខ្លាច ដោយឆន្ទៈរបស់ខ្លួន។

លោក សុខ ឥសាន បានបន្តថាៈ គណបក្សប្រជាជនកម្ពុជា មិនមានការភ័យព្រួយ ចំពោះការប្រកួតប្រជែង ជាមួយគណបក្សនយោបាយ ទាំងនោះទេ ហើយជាការធមម្មតា នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស គឺវាតែងតែមានការប្រកួតប្រជែងហើយ និងជារឿងធម្មតា នៅក្នុងសង្គមប្រជាធិបតេយ្យសេរី។

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានថ្លែងប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះថាៈ សមាជ នៅថ្ងៃទី២០ វិច្ឆិកា គឺបំពេញទៅតាមបែបបទ នីតិវិធី នៃគណបក្ស នយោបាយ ក៏ដូចជាលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នៅថ្ងៃស្អែកនេះ (២០ វិច្ឆិកា) គណបក្សឆន្ទៈខ្មែរ នឹងបង្ហាញអំពីគោលបំណងរបស់ខ្លួន ក្នុងការចូលរួមជាមួយ គណបក្សភ្លើងទៀន និងារជ្រើសរើសប្រធានគណបក្សថ្មី អនុប្រធាន អគ្គលេខាធិការ និងក្បាលម៉ាស៊ីនថ្មី សម្រាប់នៅដឹកនាំគណបក្សឆន្ទៈខ្មែរ (គណបក្សចាំផ្ទះ) ហើយដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំ មួយចំនួនរបស់គណបក្ស អាចធ្វើការលាលែង ពីគណបក្សឆន្ទៈខ្មែរ ដោយទៅចូលរួមជាមួយ គណបក្សភ្លើងទៀន។

លោកបានបញ្ជាក់ថាៈ “ រហូតមកដល់ពេលនេះ យើងមិនទាន់បានជជែកគ្នា អំពីតួនាទី នៅឡើយទេ យើងបានជជែកគ្នា អំពីការរួមគ្នា ដោយមិនមានការកំណត់ គោលការណ៍ ការដាក់លក្ខខណ្ឌ អ្វីជាមួយគ្នាទេ ។ បើយកចំណុចនឹងមកនិយាយ គឺយើងមិនអាចរួមគ្នា បានទេ។ ដូច្នេះហើយ យើងធ្វើការរួមគ្នាសិន ហើយយើងនឹងជជែកគ្នា នៅពេលដែលយើង បានចូលរួម ជាមួយគណបក្សភ្លើងទៀន។

គួរបញ្ជាក់ថា ខណៈពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឈានជិតមកដល់ មានគណបក្សនយោបាយ មួយចំនួន បានចងសម្ព័ន្ធ ជាមួយគ្នា ក្នុងការរួមកកម្លាំង ដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោត នាពេលខាងមុខនេះ​ ក្នុងនោះ មានដូចជា គណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធិ បានទៅចូលរួមជាមួយ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ។

ចំណែកគណបក្សនយោបាយ មួយចំនួនទៀត កំពុងតែស្វែងរកការបង្រួបបង្រួម ឬចងសម្ព័ន្ធ ភាព ក្នុងនោះមានដូចជា គណបក្សកែទម្រង់កម្ពុជា របស់ក្រុមលោក ប៉ុល ហំម និង អ៊ូ ច័ន្ទរ័ត្ន និងគណបក្សជាតិនិយម របស់លោក ផែង ហេង មេធាវីការពារលោក កឹម សុខា៕/V-PC