ដោយៈ​សុផល​/​ភ្នំពេញ​៖ រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២២ ពោល​ចាប់ពី​ខែមករា ដល់​ខែតុលា កម្ពុជា​រកចំណូលបាន​ជាង ៣៩៦​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ នេះ​បើតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​របាយការណ៍​បាន​បញ្ជាក់ថា ចំណូល​សរុប​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២២ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ មាន​ចំនួន ៣៩៦.១៤០.៦៣៤​ដុល្លារ​ក្នុងនោះ​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន ៣៩២.៥៦៤.៥៩៧​ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ​ចំនួន ៣.៥៧៦.០៣៧​ដុល្លារ​។​ចំពោះ​បរិមាណ នៃ​ការនាំចេញ​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន ២៦៤.៩១៨​តោន ថយចុះ​ចំនួន ១.៥៥២​តោន ស្មើនឹង​១% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ រីឯ​ការនាំចេញ​ឈើ​កៅស៊ូ​វិញ​សម្រេចបាន​ចំនួន ១.៦៨៣​ម៉ែត្រគូប​។​

​សម្រាប់​តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២២ ថ្លៃ​១.៤៨២​ដុល្លារ​ក្នុង​មួយ​តោន​បាន​ថយចុះ​ចំនួន​១៨១​ដុល្លារ​ក្នុង​មួយ​តោន​ស្មើនឹង​១១%​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២២ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤.០៤៤​ហិកតា ក្នុងនោះ ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ៣១០.១៩៣​ហិកតា ស្មើនឹង​៧៧%​និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៩៣.៨៥១​ហិកតា ស្មើនឹង​២៣%​។​

​ឆ្នាំ​២០២១​កន្លងមកនេះ កម្ពុជា​រកចំណូលបាន​ជាង​៦១១​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ ក្នុងនោះ នាំចេញ​ជ័រកៅស៊ូ ចំនួន​៣៦៦.៣០០​តោន​និង​នាំចេញ​ឈើ​កៅស៊ូ ចំនួន​៤៥៤​ម៉ែត្រគូប​៕​