ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាថាៈ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ មានសម្ពាធទាបសកម្មមួយ បានកើតនៅលើភាគខាង ត្បូង នៃសមុទ្រចិនខាងត្បូង (ខាងជើងកោះបរ័ណេអូ ឥណ្ឌូណេស៊ី) ដោយមានដំណើររំកិល ឆ្ពោះមកទិសខាងលិច ចូលក្នុងឈូងសមុទ្រថៃ នៅថ្ងៃទី២២ ខែវិច្ឆិកា។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ចាប់ពីថ្ងៃទី១៩​ ដល់ថ្ងៃទី២២ ខែវិច្ឆិកា អាចនឹងមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ដោយក្នុងនោះ នៅផ្នែកមួយចំនួន នៃរាជធានី ខេត្ត នៅតំបន់ទំនាបកណ្តាល ភាគពាយព្យ តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរ និងច្រើន ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានជូនដំណឹងស្តីពី ការព្យាករស្ថានភាព ធាតុអាកាស សម្រាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកាថាៈ នៅក្នុងមួយ សប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពល ពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធ ទាប ក្នុងកម្រិតបង្គួរ ដែលរុញទូលមកពីសមុទ្រចិន ខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ក្នុងកម្រិតខ្សោយ បង្កឱ្យរាជធានី-ខេត្ត នៅភាគខាងក្រោម (ត្បូង) អាចមានភ្លៀង ធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។ ចំណែក បណ្តាខេត្ត នៅភាគខាងជើង អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម។

ស្ថានភាពអាកាសធាតុបែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥​ អង្សាសេ  សីតុណ្ណភាពអតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ រាជធានី- ខេត្ត នៅភាគខាងក្រោម (ត្បូង) អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ។

ចំណែកឯបណ្តាខេត្ត នៅភាគខាងជើង អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម។
សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ ។ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕ V / N