ដោយៈ​សុផល​/​ភ្នំពេញ​៖​បន្ទាប់ពី​ការសម្ពោធ​នាំចេញ​ជា​ផ្លូវការ នា​ខែតុលា​ឆ្នាំ​២០២២ ផ្លែ​មៀន​ស្រស់​ចំនួន ១.៣៩០​តោន​របស់​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ដោយផ្ទាល់​គិតពី​ចុងខែ​តុលា ដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។​នេះ​បើតាម​លោក កែ មុ​ន្ធី​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ និង​ភូតគាម​អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ។​

​លោក​បាន​បញ្ជាក់ថា​៖​នេះ​ជា​ដំណឹង​ដ៏​ល្អ​ដែល​ការនាំចេញ​ផ្លែ​មៀន​ស្រស់ ជា​លើកដំបូង​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន ទទួលបាន​ជោគជ័យ​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​តែប៉ុណ្ណោះ បាន​បញ្ជា​ទិញ​ផ្លែ​មៀន​ស្រស់​ពី​កម្ពុជា នាំចេញ​ទៅកាន់​ប្រទេស​ចិន ហើយ​ចាប់ពីពេលនេះ​តទៅ​ជា​រដូវ​កាល​ប្រមូល​ផល​ផ្លែ​មៀន​ស្រស់ រំពឹងថា​នឹងមាន​កំណើន​ក្នុងការ​នាំចេញ​។​

​សូមជម្រាបថា ចំការ​មៀន​ទទួលបាន​ការអនុម័ត ចុះបញ្ជី​ជា​ផ្លូវ​ការឱ្យ​នាំចេញ​ផ្លែ​មៀន​ទៅកាន់​ទីផ្សារ​ចិន មាន​ចំនួន​៧៤ ក្នុង​នៅ​នៅ​ខេត្ត​ប៉ៃលិន​ចំនួន​៤០​ចំការ បាត់ដំបង​ចំនួន ២៨​ចំការ និង​បន្ទាយមានជ័យ​ចំនួន​ប្រាំមួយ​ចំការ​។​ដោយឡែក​រោងចក្រ​វេច​ខ្ចប់​ចំនួន ប្រាំបី រួម​មាននៅ​ខេត្តកណ្តាល​ចំនួន​មួយ ខេត្តបាត់ដំបង​ចំនួន​បី ខេត្ត​ប៉ៃលិន​ចំនួន​ពីរ និង​ខេត្ត​ព្រះសីហនុ​ចំនួន​ពីរ​។ ផ្ទៃដី​ដាំ​ដុះ​មៀន​ទូទាំងប្រទេស​របស់​កម្ពុ​ជា មាន​ចំនួន ១៣.៦០៨​ហិកតា ស្ថិតក្នុង​ខេត្ត​ចំនួន​បួន​៕​