​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ពិភាក្សា​បញ្ហា​កូរ៉េខាងជើង​ក្នុងជំនួប​មួយ​នៅ​ថ្ងៃចន្ទទី​២១​វិច្ឆិកា តាម​សំណើ​របស់​អាម៉េរិក​ដែល​កំពុង​ភ័យព្រួយ​ខ្លាំង​បន្ទាប់​​ពី​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ICBM​មួយ​ដែល​អាច​ហោះ​ដល់​អាម៉េរិក​ដីគោក​ទាំងមូល​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញពី​ស្ថាន​បេសកកម្ម​អាម៉េរិក​ប្រចាំ​អង្គការ​សហប្រជាជាតិបាន​និយាយថា ក្រុមប្រឹក្សា​ដែល​មាន​១៥​ប្រទេស​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការការពារ​សន្តិភាព​និង​សន្តិសុខ​ពិភព​​លោក ព្រមទាំង​របប​មិន​រីក​សាយ​សព្វាវុធ​ហើយនឹង​អនុវត្ត​សេចក្តីសំរេចចិត្ត​របស់​ខ្លួន​ណាមួយរបស់ខ្លួន​។​

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋាភិបាល​អាម៉េរិក​បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ប្រភេទ​ដែល​អាច​វាយប្រហារ​ប្រទេស​ជាច្រើន​និង​ថារដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ទាក់ទង​ចិន​និង​រុស្ស៊ី​ជាប្រ​​ចាំ​ដើម្បី​ពង្រឹង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដោយសារតែ​ការសាកល្បង​កាំជ្រួច​ជា​បន្តបន្ទាប់ តែ​ប្រទេស​ទាំង​ពីរ​តែង​រារាំង​កិច្ចខិតខំ​របស់​អាម៉េរិក​។​

​សារព័ត៌មាន​កូរ៉េ​ខាងជើង​បាន​និយាយថា មេដឹកនាំ​របស់​ខ្លួន​លោក​គីម ជុង​អ៊ុន បានត្រួត​មើល​ការបាញ់​កាំជ្រួច​ផ្លោង​កាលពី​ថ្ងៃ​សុក្រ​ដោយផ្ទាល់​និង​បាន​សន្យា​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​ដើម្បី​ទប់ទល់​នឹង​​ការ​គំរាម​ប្រើ​នុយក្លេអ៊ែរ​ពី​អាម៉េរិក​។​

​បើ​តាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ លោក​គីម ជុង​អ៊ុន​បាន​និយាយថា កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ទើប​អភិវឌ្ឍ​ថ្មី​នេះ មាន​សមត្ថភាព​ទប់ទល់​នឹង​ការ​គំរាម​ពី​ខាងក្រៅ និង​លោក​បាន​​ព្រមាន​អាម៉េរិក​រួមទាំង​សម្ពន្ធមិត្ត​អាម៉េរិក​ថា ការចាត់វិធានការ​បង្ក​រឿង​បន្ថែម​ចេញ​ពី​ពួកគេ​នឹង​នាំ​ដល់​«​ការបំផ្លាញ​ខ្លួនឯង​»​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​(KCNA) បាន​និយាយថា​លោក​គីម​បាន​ទៅ​ត្រួត​មើល​ការបាញ់​កាំជ្រួច​Hwasong-17 ដោយ​ផ្ទាល់​ជាមួយ​ភរិយា​និង​កូនស្រី​ជា​ទី​ស្រឡាញ់​របស់លោក ព្រមទាំង​ជា​មួយ​​ពួក​មន្ត្រីជាន់ខ្ពស់​របស់លោក​។​

​វា​ជា​លើកដំបូង​ដែល​សារព័ត៌មាន​កូរ៉េខាងជើង​បង្ហាញអោយឃើញ​កូនស្រី​របស់​គីម ជុង​អ៊ុន ។​ពួក​អ្នកសង្កេតការណ៍​និយាយថា ការ​ដែល​គីម​ទៅ​ត្រួត​មើល​ការបាញ់​បង្ហោះ​កាំជ្រួច​នេះ​ជាមួយ​ភរិយា​និង​កូន​​ស្រី​បែបនេះ វា​បង្ហាញ​ថា​លោក​មាន​ជំនឿ​មុតមាំ​ណាស់​លើ​សមត្ថភាព​និង​ជោគជ័យ​របស់​វា​។​

​គីម អាយុ​៣៨​ឆ្នាំ ជា​ជំនាន់​ទី​បី​នៃ​គ្រួសារ​​ដែល​បាននិងកំពុង​គ្រប់គ្រង​កូរ៉េខាងជើង​។​សារព័ត៌មាន​កូរ៉េខាងត្បូង​បាន​និយាយថា លោក​មាន​កូន​បី​នាក់​កើត​នៅ​ឆ្នាំ​២០១០ ២០១៣ និង​២០១៧​​តែ​កូនស្រី​ដែល​នាំ​ទៅកាន់​កន្លែង​បាញ់​បង្ហោះ​កាំជ្រួច​នេះ​មិន​ដឹង​ជា​កូន​ទី​ប៉ុន្មាន​ទេ​។​

​ពួក​អ្នកជំនាញ​ការបរទេស​ខ្លះ​បាន​និយាយថា កាំ​ជ្រួច​Hwasong-17​នៅ​កំពុង​អភិវឌ្ឍ​តែ​វា​ជា​កាំជ្រួច​ផ្លោង​ហោះ​បាន​ឆ្ងាយ​បំផុត​របស់​កូរ៉េខាងជើង ដែល​រចនា​ឡើង​សំរាប់​បំពា​ក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​និង​ជម្នះ​ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​អាម៉េរិ​ក​។​KCNA បាន​និយាយថា​កាំជ្រួច​នេះ​ត្រូវបាន​បាញ់​ចេញពី​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ព្យុងយ៉ាង នៅកំពង់​ប្រហែល​៦.០០០​គីឡូម៉ែត្រ និង​ហោះ​បាន​ប្រមាណ​១.០០០​គីឡូម៉ែត្រ​មុន​ធ្លាក់​លើ​តំបន់​កំណត់​ទុកជា​មុន​មួយ​ក្នុង​ដែនទឹក​អន្តរជាតិ​។​

KCNA​បាន​និយាយទៀតថា «​ការបាញ់​សាកល្បង​នេះ​បង្ហាញ​យ៉ាងច្បាស់​អំពី​ភាព​អាច​ទុកចិត្ត​បានរ​បស់​ប្រព័ន្ធ​សព្វាវុធ​ថ្មី​ដែល​តំណាង​អោយ​កងកម្លាំង​យុទ្ធសាស្ត្រ​កូរ៉េខាងជើង និង​ជា​សព្វាវុធ​យុទ្ធសាស្ត្រ​​ខ្លាំង​បំផុត​នៅក្នុង​លោក​។​លោក​គីម បាន​មានប្រសាសន៍ថា ប្រទេស​លោក​ត្រូវ​បង្ខំ​ជំរុញ​សមត្ថភាព​”​កម្លាំង​រារាំង​នុយក្លេអ៊ែរ​ដ៏​លើសលប់​”​ក្នុង​ការ​ប្រឈម​នឹង​ការ​គំរាម​យោធា​អាម៉េរិក​កាន់តែ​ខ្លាំង​ឡើ​​ង​។​គីម បាន​បញ្ជាក់​អំពី​តំរូវការ​អោយ​អាម៉េរិក​និង​សម្ពន្ធមិត្ត​ដឹងខ្លួន​ថា ចំណាត់ការ​យោធា​របស់​គេ​ប្រឆាំង​កូរ៉េខាងជើងបន្ថែម​”​នឹង​នាំ​ដល់​ការបំផ្លាញ​ខ្លួន​ពួក​គេ​” »​។​

បើតាមKCNA​លោក​គីម​បានប្រកាសថា «​បើសិនជា​សត្រូវ​បន្ត​គំរាម​កូរ៉េខាងជើង ដែល​ជារឿយៗ​និយាយ​អំពី​មធ្យោបាយ​នុយក្លេអ៊ែរ នោះ​បក្ស​និង​រដ្ឋាភិបាល​របស់​យើង​ប្រតិកម្ម​នឹង​នុយក្លេអ៊ែ​រ​​នេះ​ជាមួយនឹង​សព្វាវុធ​នុយក្លេអ៊ែរ​តប​វិញ​ហើយ​នឹង​នាំ​ដល់​ការប្រឈមមុខ​គ្នា​ពេញទំហឹង​»៕

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​គ្រៅង​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​កូរ៉េខាងជើង​នៅ​ថ្ងៃ​ចន្ទ​