ក្រោយ​មិន​ដំណើរការ​ជាច្រើន​ឆ្នាំ ផ្លូវដែក ភ្នំពេញ​-​ពោធិ៍សាត់ ដែល​ប្រើប្រាស់​ថវិកា​ជាង​៨៣​លាន​ដុល្លារ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​

1815
ចែករម្លែក
ផ្លូវដែក​ទិសពាយ័ព្យ ភ្នំពេញ​-​ពោធិ៍សាត់ ពោធិសាត់​-​ភ្នំពេញ ដែល​ផ្អាក​ដំណើរការ​ជាង​៤៥​ឆ្នាំ និង​ស្តារឡើងវិញ ដោយ​ប្រើ​ថវិកា​ជាង​៨៣​លាន​ដុល្លារ​នោះ ទីបំផុត​បាន​ត្រូវ​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ កក្កដា ឆ្នាំ​២០១៨

ដោយ​: សុផល / ភ្នំពេញ​: ផ្លូវដែក​ទិសពាយ័ព្យ ភ្នំពេញ​-​ពោធិ៍សាត់ ពោធិសាត់​-​ភ្នំពេញ ដែល​ផ្អាក​ដំណើរការ​ជាង​៤៥​ឆ្នាំ​និង​ស្តារឡើងវិញ​ដោយ​ប្រើ​ថវិកា​ជាង​៨៣​លាន​ដុល្លារ​នោះ ទីបំផុត​បាន​ត្រូវ​ដាក់ឱ្យ​ដំណើរការ​ឡើង​វិញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ កក្កដា​ឆ្នាំ​២០១៨​។​នេះ​ជា​ការតភ្ជាប់​ដ៏​សំខាន់បំផុត​មួយ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ​ផ្លូវដែក​ទិសពាយ័ព្យ​ភ្នំពេញ​-​ពោធិ៍សាត់​ជា​បណ្ដោះអាសន្ន ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ផ្លូវដែក​ពោធិ៍សាត់​-​ភ្នំពេញ​មាន ប្រវែង ១៦៦​គ​.​ម ឆ្លងកាត់​ខេត្តពោធិ៍សាត់​-​កំពង់ឆ្នាំង​-​កំពង់ស្ពឺ​-​កណ្តាល និង​រាជធានី​ភ្នំពេញ ចំណាយ ២៣.៤ លាន​ដុល្លារ ថវិកាជាតិ​។ កំណាត់​ផ្លូវដែក​ពី​ពោធិ៍សាត់​-​ភ្នំពេញ​នេះ ប្រើ​ដែក​រ៉ៃ​ចាស់​(​បារាំង​) កំណល់​ដែក ដែល​អាច​បើកបរ​បាន​ក្នុង​ល្បឿន​៣០ គ​.​ម​ក្នុង​១​ម៉ោង និង​អាច​ទ្រ​ទំងន់​បាន ១៥​តោន ក្នុង​១​ភ្លៅ​កង់ ហើយ​មាន​ស្ថានីយ​ចំនួន ២០ រួមមាន​៖ ពោធិ៍សាត់​-​ទទឹងថ្ងៃ​-​កំ​រ៉ែ​ង​-​បំ​ណ​ក់​-​ក្តុល​-​ក្រាំង​ស្គារ​-​រមាស​-​បារាំង​-​ក្រាំង​ល្វា​-​មា​នក​(Meanork)-​ត្បែងខ្ពស់​-​ដំណាក់​ស្មាច់​-​ត្រាច​ទង​-​បាត់ដឹង​-​ទួល​លៀប​-​ត្រពាំង​ត្នោត​-​សំរោង​-​ផ្លូវបំបែក​-​ពោធិ៍ចិនតុង​-​ភ្នំពេញ​។​

សូមបញ្ជាក់ថា កំណាត់​ផ្លូវដែក​ពោធិ៍សាត់​-​ភ្នំពេញ គឺធ្វើឡើង​ដើម្បី​ត​ភ្ជាប់​ទាំងស្រុង​ផ្លូវដែក​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយប៉ែត ដែលមាន​ប្រវែង ៣៨៦​គ​.​ម​។ ផ្លូវដែក​នេះ​បានចាប់ផ្ដើម​ការ​សាង​ដំបូង​ក្នុង​ឆ្នាំ​១៩២៩ ហើយ​ត្រូវបាន​បំផ្លាញ​ដោយ​សង្គ្រាម​។ ក្រោម​នយោបាយ​ឈ្នះ ឈ្នះ និង​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្លូវដែក​នេះ​ត្រូវបាន​ចាប់ផ្តើម​ស្តារឡើងវិញ​នៅ​ឆ្នាំ​២០០៩ ដោយ​ចាប់ផ្ដើម​សាងសង់​ជា​ដំណាក់ៗ​។ ហើយ​ការតភ្ជាប់​ពី​ពោធិ៍សាត់​មក​ភ្នំពេញ​ជា​ដំណាក់កាល​ចុងក្រោយ ក្នុង​ការតភ្ជាប់​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ផ្លូវដែក​ភាគ​ខាងជើង​នេះ គឺជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​ដ៏​មាន​សក្ដានុពល​ក្នុងការ​ដឹកជញ្ជូន​ផលិតផល​នានា របស់​បងប្អូន​ទៅកាន់​ទីផ្សារ ក្នុង​តំបន់ និង​ពិសេស​លើសពីនេះទៅទៀត គឺ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាច​ដឹកទំនិញ​ពី​កម្ពុជា​ទៅ​ថៃ និង​ដឹកទំនិញ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ប្រកបដោយ​ភាពងាយស្រួល សុវត្ថិភាព​ខ្ពស់ និង​ចំណាយ​តិច ព្រោះថា ផ្លូវដែក​នេះ​នឹងត្រូវ​ត​ភ្ជាប់​ជាមួយ​ផ្លូវដែក នៃ​ព្រះរាជាណាចក្រ​ថៃ នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។ មួយផ្នែក​ទៀត ផ្លូវ​នេះ​បាន​ចូលរួម​ចុះ​ណែ​ក​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ គ្រោះ​ថា្នក់​ចរាចរណ៍ និង​ផ្ដល់​ការប្រកួតប្រជែង​ក្នុង​វិស័យ​ដឹកជញ្ជូន​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹងមាន​គម្រោង​ជាច្រើន​ទៀត ក្នុង​ការធ្វើ​ទំនើបកម្ម​លើផ្លូវ​ដែក​នេះ ដូចជា​៖ ការសាងសង់​និង​ជួសជុល​ស្ថានីយ​រថភ្លើង ព្រមទាំង​បំពាក់​ស្លាក​សញ្ញា​សុវត្ថិភាព​ផ្លូវដែក​ពី​ភ្នំពេញ​-​ប៉ោយប៉ែត ការសាងសង់​ទីលាន​កុង​តែ​ន័​រ​ផ្លូវដែក​នៅ​ស្ទឹង​បត់​ការសិក្សា ដើម្បី​រៀបចំ​ឲ្យ​មាន​រថភ្លើង​លើ​អាកាស​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​ក្រុងភ្នំពេញ ការតភ្ជាប់​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ថ្មី ការតភ្ជាប់​ផ្លូវដែក​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដូចជា​ពី​ស្ថានីយ​ទូក​មាស​ទៅ​រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង​ពី​ស្ថានីយ​វាលរេញ​ទៅ​កំពង់ផែ​កែវផុស ការជំរុញឱ្យ​មានការ​វិនិយោគ​ផ្លូវដែក​ភាគ​ខាងជើង​ភ្នំពេញ​-​ស្នូល​-​ស្ទឹងត្រែង ប្រវែង​២៤៨​គ​.​ម ការជំរុញឱ្យ​មានការ​វិនិយោគ​ផ្លូវដែក​ពី​ភ្នំពេញ​-​សៀមរាប សិរីសោភ័ណ និង​ការជំរុញឱ្យ​មានការ​វិនិយោគ​ផ្លូវដែក ត​ភ្ជាប់​ទៅ​ប្រទេស​វៀតណាម​។​

​លោក ស៊ុន ចាន់ថុល បានបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា​ការស្តារ​ឡើងវិញ​កំណាត់​ផ្លូវដែក​ពី​ភ្នំពេញ រហូតដល់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នេះ រដ្ឋាភិបាល ត្រូវ​ចំណាយ​ថវិកា​ជាង​៨៣​លាន​ដុល្លារ ក្នុងនោះ​ថវិកាជាតិ​៧០​លាន​ដុល្លារ​និង ១៣​លាន​ដុល្លារ ជា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​( ADB)​។​

​គេ​រំពឹងថា បន្ទាប់ពី​ត​ភ្ជាប់​ផ្លូវដែក​ភាគ​ពាយ័ព្យ​នៃ​ប្រទេស ពី​ភ្នំពេញ​-​ពោធិ៍សាត់ បាត់ដំបង និង​ប៉ោយប៉ែត បាន​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ ផ្លូវដែក​នេះ នឹងត្រូវ​ត​ភ្ជាប់​ជាមួយ​ផ្លូវដែក​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​អាស៊ាន ដែល​នឹង​ជួយ​ជំរុញ​ដល់​ការដឹកជញ្ជូន​ទំនិញ ក៏ដូចជា​លំហូរ​ភ្ញៀវទេសចរ​កាន់តែ​ប្រសើរឡើង​៕ ល​/MN

ទីតាំងផ្សាយពាណិជ្ជកម្ម