ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីពាក្យក្រសួងបរិស្ថាន បានថ្លែងអំពាវនាវឱ្យពលរដ្ឋ កុំបន្តចាញ់បោកក្រុមជនខិលខូច ដែលបានឃុបឃិតគ្នា បោកប្រាស់ ប្រជាពលរដ្ឋ ទិញលក់ដី នៅក្នុងតំបន់ការពារធម្មជាតិ ដោយអះអាងថា ជាដីស្រប ច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន។

លោក នេត្រ ភក្រ្តា បានថ្លែងបែបនេះ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រោយពីមន្ត្រីនៃ មន្ទីរបរិស្ថានខេត្តកំពត បានទប់ស្កាត់បាន សម្រេចលើក្រុមជនខិលខូច បង្កើតទំព័រហ្វេសប៊ុក និងបានដាក់ផ្ទៃដី នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងតំបន់អន្លង់ក្មេងលេង ស្ថិតក្នុងភូមិសាស្ត្រ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត លក់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករួចមក។

ទាក់ទិនក្នុងរឿងនេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាៈ ផ្ទៃដីដែលមានទំហំ ១.៨០០ ហិកតា ត្រូវជនខិលខូច រៀបចំផែនទី ដាក់លក់នោះ ជាផ្ទៃដីព្រៃ ស្ថិតក្នុងឧទ្យានជាតិ ព្រះមុនីវង្ស បូកគោ។ ផ្ទៃដីមួយចំនួន ត្រូវបានជនទុច្ចរិត លួចចូលឈូសឆាយ ទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ ដើម្បីលក់ដូរ ហើយត្រូវបានកសាងសំណុំរឿង នៅតុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ រួចរាល់ហើយដែរ។

សូមបញ្ជាក់ថា មន្ត្រីនៃមន្ទីរបរិស្ថាន បានធ្វើការតាមដាន និងធ្វើចំណាត់ការលើហ្វេសប៊ុកមួយ ឈ្មោះថា NL Real Estate Cambodia បានដាក់បង្ហាញផែនទី និងទីតាំងដីទំហំ ១.៨០០ ហិកតា និងរូបភាពមួយចំនួន សម្រាប់លក់។

ក្រុមមន្ត្រី បានសួរនាំភ្នាក់ងារលក់ដី ដែលធ្វើសកម្មភាពនោះ ដោយបានបញ្ជាក់ថាៈ ឈ្មោះ សុខ ម៉ាប់ ជាតំណាងម្ចាស់ដី។ តាមការបញ្ជាក់របស់ មន្ត្រីនៃមន្ទីរបរិស្ថាន ខេត្តកំពត ឈ្មោះ សុខ ម៉ាប់ នេះគឺជាជនសង្ស័យមួយរូប ក្នុងចំណោម ២ រូប ដែលមន្ទីរបរិស្ថានខេត្តកំពត បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃ ខុសច្បាប់ នៅក្នុង ភូមិអន្លង់ក្មេងលេង ឃុំតេជោ អភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាមួយឈ្មោះ ឡៅ អាន់ ដែលជាឪពុករបស់ខ្លួន។ បច្ចុប្បន្ន សំណុំរឿង បាននិងកំពុងបន្តនីតិវិធី នៅតុលាការខេត្តកំពត។

មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បានបន្តថាៈ ជាមួយភស្តុតាង​និងសាក្សីថ្មីនេះ មន្ទីរបរិស្ថានខេត្ត កំពត នឹងរៀបចំសំណុំឯកសារភស្តុតាងបន្ថែម ដាក់ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់ ដើម្បីចាត់ការលើជនទុច្ចរិត រួមនឹងបក្ខពួក នៅពីក្រោយ ដែលឃុបឃិតគ្នា ចូលរុករានទន្ទ្រាន ដីព្រៃរដ្ឋ ដោយខុសច្បាប់។

ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថាៈ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បាននិងកំពុងសហការ ជាមួយភាគី ពាក់ព័ន្ធ ដើម្បីបន្តដាក់ភស្តុតាងបន្ថែមលើសំណុំរឿង និងបានអំពាវនាវ ដល់ពលរដ្ឋ ដែលបានចាញ់បោក ក្រុមជនខិលខូចទិញដី នៅតំបន់នោះ ត្រូវទាមទារលុយរបស់ខ្លួន មកវិញព្រោះ ទីតាំងនោះ ជាដីរបស់ឧទ្យានជាតិបូកគោ ដែលត្រូវការពារ និងអភិរក្ស។

លោក រដ្ឋលេខាធិការ បានថ្លែងថាៈ «គ្មានជនណាម្នាក់ មានសិទ្ធិទិញ ឬលក់ដីធ្លី នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅតាមខេត្តនានាបានឡើយ, ក្រសួងស្នើឱ្យពលរដ្ឋ ឈប់ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូច តទៅទៀត»។

លោក បានរំឭកឡើងថាៈ មានប្រជាពករដ្ឋជាច្រើន បន្តការចាញ់បោកក្រុមជនខិលខូច ដែលលក់ដីខ្យល់ គ្មានដីពិតប្រាកដ និងគ្មានការកាន់កាប់ស្របច្បាប់។ ក្រុមជនខិលខូចមួយ ចំនួន បានដើរចង្អុលដីព្រៃ ដើម្បីលក់ និងខ្លះទៀត បង្កើតឯកសារក្លែងក្លាយ ដើម្បីយកដីព្រៃ របស់រដ្ឋ ដោយប្រឌិតថា ជាដីដែលប្រជាពលរដ្ឋ បានកាន់កាប់អាស្រ័យផល ជាយូរមក ហើយដើម្បីស្នើសុំកាត់ឆ្វៀល។

ជាមួយគ្នានេះដែរ លោក រដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថាៈ ក្រុមជនខិលខូច មួយចំនួន បន្តយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយ ក្នុងជម្លោះដណ្តើមដីរដ្ឋ និងមាន ក្រុមជនខិលខូចខ្លះ បានជួលប្រជាពលរដ្ឋ ដើម្បីតវ៉ា និងទាមទារដីជាមួយអាជ្ញាធរ ពេលចុះអនុវត្តច្បាប់។

លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាៈ “សូមកុំជឿលើជនខិលខូច ដែលអះអាងថា ទិញដីរដ្ឋ ហើយអាចធ្វើប្លង់រឹង ជាកម្មសិទ្ធិបាននោះ នេះគឺជាការបោកប្រាស់ សុទ្ធសាធ”។

លោក នេត្រ ភក្រ្តា បានលើកឡើង ដោយបញ្ជាក់បន្ថែមថាៈ កាលដែលបងប្អូនប្រជាពលរដ្ឋ មួយចំនួន បន្តចាញ់បោកមេខ្យល់ ក្នុងការទិញលក់ដូរដី ខុសច្បាប់ នឹងត្រូវប្រឈមមុខនឹងបញ្ហា ២ គឺៈ ទី១ ការខាតបង់ប្រាក់ និងទ្រពសម្បត្តិរបស់ខ្លួន និងទី២. ប្រឈមមុខនឹងច្បាប់ ជាមួយនឹងជនល្មើស ដោយសារតែការរុករាន ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ និងទិញលក់ដូរដី ព្រៃរដ្ឋ ជាទង្វើខុសច្បាប់៕​ V / N