ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើនបានកើតឡើង ជាពិសេសករណីសម្តេចតេជោ ហ៊ុន សែន ឆ្លងកូវីដ១៩ ក្នុងពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី រួមទាំងព្រឹត្តិការណ៍សំខាន់ៗ មួយចំនួនទៀត។

១-ព្រះមហាក្សត្រ ព្រុយណេ បំពេញទស្សនកិច្ចនៅកម្ពុជា
ព្រះមហាក្សត្រ ព្រុយណេ ព្រះចៅស៊ុលតង់ ហាស់សាណាល់ បុលគៀស ព្រះរាជបុត្រ និងមន្ត្រីជាន់ខ្ពស់របស់ប្រទេសប្រុយណេ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា បានយាងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ព្រះមហាក្សត្រ ព្រុយណេ ដែលជានាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ។ ព្រះអង្គ បានបង្ហាញនូវការពេញចិត្ត និងអបអរសាទរជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានយ៉ាងល្អ និងយ៉ាងជោគជ័យ ចាប់ពីថ្ងៃទី១០-១៣វិច្ឆិកា។ ព្រះមហាក្សត្រព្រុយណេ ក៏បានស្នើឱ្យកម្ពុជា បន្តកិច្ចសហការជាមួយព្រុយណេ លើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះ ចេញទៅប្រទេសព្រុយណេផងដែរ។

២- សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅប្រទេសថៃ
នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីរាជធានីភ្នំពេញ តាមជើងយន្តហោះពិសេសដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំទាំងពីរនេះ ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីអញ្ជើញដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចត្រូវបានធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ១៩។ ដូច្នេះសម្តេច និងគណៈប្រតិភូកម្ពុជា បានវិលត្រឡប់មកកម្ពុជាវិញ ជាបន្ទាន់ ហើយមកដល់ភ្នំពេញ ដោយសុវត្ថិភាព នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា។

ដោយឡែកកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣រដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ឡលើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

៤- កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងប្រារព្ធឡើង ក្នុងខេត្តសៀមរាប
កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំចង្អៀត ថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។ កិច្ចប្រជុំនេះ នឹងដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២។

៥-លោក ហ៊ុន ម៉ាណែត បបួលលោក សម រង្ស៊ី ភ្នាល់រឿងបន្លំនាំលុយ ៥លានដុល្លារ ចូលប្រទេសបារាំង ដើម្បីទិញទឹកចិត្តខ្មែរ

ជាថ្មីម្ដងទៀត នៅថ្ងៃទី១៦ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបបួលលោក សម រង្ស៊ី ភ្នាល់ ចំពោះរឿង ដែលលោកសមរង្ស៊ី បានលើកឡើងថា លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥លានដុល្លារ នាំចូលទៅប្រទេសបារាំង ដើម្បីទិញទឹកចិត្តខ្មែរ នៅបារាំង និងនៅទ្វីបអឺរ៉ុប ឱ្យចុះចូលគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៦។ ការប្រកាសភ្នាល់លើកនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកជីវិតនយោបាយ មកភ្នាល់ ដោយព្រមដកខ្លួនពីឆាកនយោបាយមួយជីវិត ប្រសិនបើមានរឿង ដូចការលើកឡើងរបស់លោក សម រង្ស៊ី ពិតមែន។

៦-កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស អាយឆា លើកទី២ នៅខេត្តសៀមរាប
ប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា បានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី២ ក្នុងទម្រង់នៃកិច្ចប្រជុំដោយផ្ទាល់ នៅសណ្ឋាគារ អេមព្រីសអង្គរ ក្នុងខេត្តសៀមរាប។ កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើឯកសារទស្សនទាននៃសកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ២០១៩-២០២២ បច្ចុប្បន្នភាពនៃសកម្មភាពអាទិភាពរបស់អាយឆា ពីឆ្នាំ២០១៤-២០២២ របាយការណ៍សកម្មភាពនានា ដែលបានអនុវត្តរួចហើយ វឌ្ឍនភាពនៃកម្មវិធីនានា ដែលមិនទាន់បានអនុវត្ត និងឯកសារសំខាន់ៗមួយចំនួនទៀត។

៧-សម្តេចតេជោ ហ៊ុន សែន បន្តមានសុខភាពល្អ ក្រោយរកឃើញឆ្លងកូវីត១៩
បន្ទាប់ពីឆ្លងកូវីដ១៩ ក្នុងពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេចបន្តមានសុខភាពល្អប្រសើរ។ ជាមួយនេះ មេដឹកនាំបរទេសទំាងអស់ ដែលពាក់ព័ន្ធជាមួយសម្តេចតេជោ តាមរយៈការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅភ្នំពេញ ក៏ដូចជា ប្រតិភូជាន់ខ្ពស់កម្ពុជាទំាងអស់ ដែលបានអមដំណើរសម្តេច ទៅចូលរួមកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី និង APEC ប្រទេសថៃ បានធ្វើតេស្ត រកមិនឃើញជំងឺកូវីត១៩ នោះទេ។

៨- គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ បើកកិច្ចប្រជុំត្រៀមការងារចុងក្រោយ ដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះ

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយ ភាយអាវុធមហាប្រល័យ (គ.ស.ហ)។ កិច្ចប្រជុំនេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បីវាយតម្លៃអំពីលទ្ធផលនៃសេចក្ដីសម្រេចរបស់មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ និងការដាក់ចេញទិសដៅការងារបន្ត សម្រាប់ការចុះមកពីនិត្យដោយផ្ទាល់ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ។

៩-នាយករដ្ឋមន្ត្រីអូស្ត្រាលី អរគុណសម្ដេចតេជោ បន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ា ដោះលែងសេដ្ឋវិទូអូស្ត្រាលី ម្នាក់ ពីពន្ធនាគារ

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albenese បានថ្លែងអំណរអរគុណសម្ដេចតេជោ ហ៊ុន សែន និងសមាជិកអាស៊ាន ដែលបានជួយជំរុញអោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងសាស្រ្តាចារ្យជនជាតិអូស្រ្តាលីម្នាក់ គឺលោក សៀន ធឺណែល (Sean Turnell) ពីពន្ធនាគារ។ ក្រៅពីជនជាតិអូស្ត្រាលីរូបនេះ របបយោធាភូមា ក៏បានសម្រេចដោះលែងបរទេស ៣រូបទៀត រួមទាំងអ្នកទោសនយោបាយភូមា សរុបប្រមាណជិត ៦ពាន់នាក់។

១០- ប្រេសិតប្រធានអាស៊ាន ចាត់ទុកការដោះលែងអ្នកទោសនៅមីយ៉ាន់ម៉ាទ្រង់ទា្រយធំថ្មីៗនេះ ជាសញ្ញាវិជ្ជមាន បោះជំហានទៅរកដំណោះស្រាយវិបត្តិបច្ចុប្បន្ន ដោយសន្តិវិធី

បេសកជនពិសេសនៃប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ជាសមាសភាពតែងតំាងចេញពីកម្ពុជា គឺរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានប្រកាសគាំទ្រការសម្រេចរបស់របបយោធាមីយ៉ាន់ម៉ា ដែលបានដោះលែងអ្នកទោសនយោបាយជិត ៦ពាន់នាក់ កាលពីថ្ងៃទី១៧ វិច្ឆិកា។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតប្រធានអាស៊ាន ចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះ ជាសញ្ញាវិជ្ជមាន បង្ហាញពីឆន្ទៈ ឆ្ពោះទៅរកដំណោះស្រាយនយោបាយ នៅមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងស្ថានភាពដុនដាបបច្ចុប្បន្ននេះ ដោយសន្តិវិធី។ លោកប្រេសិតប្រធានអាស៊ាន ក៏ប្រកាសថា នឹងធ្វើដំណើរទៅជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបបសឹកមីយ៉ាន់ម៉ា លើកទី៣ នៅពេលឆាប់ៗខាងមុខនេះ។

១- ស្ថានទូតកម្ពុជា កំពុងស្វះស្វែងចូលជួប និងរកមេធាវីការពារមន្ត្រីកម្ពុជាម្នាក់ ដែលអាមេរិក ចាប់ខ្លួន ពីបទសមគំនិតរត់ពន្ធសត្វស្វាក្តាម

ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានអាមេរិក ចាប់ឃាត់ខ្លួនពីបទសមគំនិតរត់ពន្ធសត្វស្វាក្តាម ពីកម្ពុជា ទៅអាមេរិក។ ការចាប់ឃាត់ខ្លួនមន្ត្រីកម្ពុជានេះ បានធ្វើឡើង ក្នុងអំឡុងពេលលោក ធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES(សាយតេស) នៅប្រទេសប៉ាណាម៉ា។ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រកាសថា ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក កំពុងស្វះស្វែងចូលជួប និងរកមេធាវីការពារមន្ត្រីកម្ពុជាម្នាក់នោះហើយ។ រីឯក្រសួងកសិកម្ម បានសម្តែងការមិនពេញចិត្ត និងចាត់ទុកថា ការចាប់ខ្លួនមន្ត្រីកម្ពុជានេះ ជារឿងគួរឱ្យហួសចិត្តជាទីបំផុត ព្រោះនៅកម្ពុជា សត្វស្វាក្តាម ជាប្រភេទសត្វសម្បូរ និងមានវត្តមាននៅទូទាំងប្រទេស ទំាងក្នុងព្រៃធម្មជាតិ ទាំងក្នុងតំបន់ជាយក្រុង និងទីក្រុង ដូចជា នៅរមណីយដ្ឋានវត្តភ្នំ ហើយសត្វស្វា ដែលនាំចូលទៅអាមេរិកនោះ ត្រូវបានចិញ្ចឹមនៅកម្ពុជា រីឯការនាំចេញពីកម្ពុជា ក៏ធ្វើតាមច្បាប់ត្រឹមត្រូវដែរ។

 

១២-ប្រធានរដ្ឋសភាវៀតណាម បំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃ នៅកម្ពុជា

ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា រយៈពេល ៥ថ្ងៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម នៅកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។ ក្រៅពីជួបថ្នាក់ដឹកនាំកំពូលៗកម្ពុជា ប្រធានរដ្ឋសភាវៀតណាម ត្រូវចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA នៅថ្ងៃទី២១វិច្ឆិកា មុនលោក អញ្ជើញទៅខេត្តកំពង់ធំ នៅថ្ងៃទី២២វិច្ឆិកា ដោយទៅទីស្នាក់ការក្រុមហ៊ុនកៅស៊ូ តាន់ បៀន ដើម្បីទស្សនាគម្រោងមួយចំនួនរបស់អាជីវករវៀតណាម នៅក្នុងខេត្តកំពង់ធំ។

១៣-សម្តេចតេជោ ហ៊ុន សែន ជាសះស្បើយពីកូវីដ ហើយចាប់ផ្តើមជួបភ្ញៀវ និងបំពេញការងារធម្មតាឡើងវិញ

កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនបងប្អូនជនរួមជាតិ ដោយសម្តេចប្រកាសថា មកដល់ពេលនេះ សម្តេចត្រូវបានធ្វើតេស្តអវិជ្ជមានមេរោគកូវីដ១៩ ទាំងស្រុងហើយ។ គ្រូពេទ្យ ដែលព្យាបាលសម្តេច បានចេញលិខិតបញ្ជាក់ពីសុខភាពរបស់សម្តេច ដែលជាសះស្បើយពីជំងឺកូវីដ១៩។ លិខិតរបស់គ្រូពេទ្យនោះ ត្រូវបានសម្តេច ផ្សព្វផ្សាយតាមហ្វេសប៊ុក និងតាមតេឡេក្រាមរបស់សម្តេច។ ចាប់ពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា និងពេញមួយសប្តាហ៍ក្រោយនេះ សម្តេចតេជោ មានកម្មវិធីពេញទាំងអស់ តែសម្តេចបញ្ជាក់ថា សម្តេចច្បាស់ជាមិនហត់ពេកនោះទេ។ សូមរម្លឹកថា សម្តេចតេជោ រកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៥វិច្ឆិកា នៅពេលសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ តែសុខភាពសម្តេច ល្អជាធម្មតា៕N