ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងមានចាប់ផ្តើមជំនួបការងារជាមួយភ្ញៀវបរទេសឡើងវិញ និងអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សេងៗចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ ។ តាមកម្មវិធីការងារដែលបានបង្ហាញនៅថ្ងៃទី២០ ខែវិច្ឆិកាស្អែកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលជួបពិភាក្សាការងារ​ជាមួយលោក វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងលោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន នៅវិមានសន្តិ ភាពទីស្តីការនាយករដ្ឋមន្រ្តី ។

នៅថ្ងៃទី២១ ខែ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣និង អញ្ជើញជាអធិបតីភាពក្នុងពិធីបើក ព្រឹត្តិការណ៍កីឡាជាតិលើកទី៣និងនៅថ្ងៃទី ២២ ខែ វិច្ឆិកា សម្តេចអញ្ជើញបិទសន្និបាតខួប៣០ឆ្នាំវិស័យសកម្មភាពមីនមនុស្សធម៌ ,នៅ ថ្ងៃទី ២៣ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន និងអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង នៅថ្ងៃទី ២៦ ខែ វិច្ឆិកាសម្តេចនឹងអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការកង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅរាជាធានីភ្នំពេញ ។

សូមបញ្ជាក់ជូនថាសម្តេចតេជោ ហ៊ុន សែន បានផ្អាកជំនួបការងារនិងអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សេងៗអស់រយៈពេលប្រមាណ៥ថ្ងៃហើយបន្ទាប់ពីរកឃើញវិជ្ជមានជំងឺ កូវីដ១៩ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២២ ខណៈអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលG20 ។

ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពីសំណាកមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ីបានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ខកខានការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20និងកិច្ចសន្ទនា ក្រៅផ្លូវការ APEC នៅក្រុងបាងកកប្រទេសថៃដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលក្នុងកម្មវិធីនេះសម្តេចតេជោ ហ៊ុន សែន គ្រោងជួបពិភាក្សាការងារ ជាមួយប្រធា នាធិបតីចិន និង ប្រធានាធិបតីបារាំងផងដែរ ។

ទោះបីរកឃើញមានកូវីដ១៩ ក៏ដោយចោះក៏ប៉ុន្តែសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន មានសភាពធម្មតា ។ នេះបើយោងតាមការសាររបស់សម្តេចតេជោ ហ៊ុន សែន ជូន ជនរួមជាតិ ៕