ដោយៈ សុក្ខារិន / កំពង់ឆ្នាំង: រដូវរំហើយ កូនកង្កែប ឬកូនកឺ កំពុងមានតម្លៃលើទីផ្សារ ខណៈពេលនេះ ឈ្មួញ ប្រមូលទិញយកទៅលក់បន្ត ទៅតាមកន្លែងផ្សេងៗ សម្រាប់អ្នកចូលចិត្ត។

ស្ត្រីម្នាក់ ដែលជាអ្នកប្រមូលទិញបន្ត ពីប្រជាពលរដ្ឋ នៅស្រុកកំពង់លែង បានបញ្ជាក់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដោយសុំមិនឱ្យបញ្ចេញឈ្មោះថាៈ កូនកង្កែប ឬកូនកឺនេះគាត់បានប្រមូលទិញ ពីប្រជាពលរដ្ឋ ដែលឆ្លុះនិងចាប់នៅតាមបណ្ដាស្រែ និងបឹង ឬជើងភ្នំ និងតំបន់ផ្សេងៗ ក្នុងទឹកដីស្រុកំពង់លែង ដើម្បីយកមកលក់បោះឱ្យម៉ូយបន្ត ដើម្បីដោះស្រាយជីវភាពគ្រួសារ។

ស្ដ្រីដដែលនេះ បានបញ្ជាក់បន្ថែមទៀតថាៈ កូនកង្កែប ឬកូនកឹ ដែលគាត់ប្រមូលទិញ យកមកបោះឲ្យឈ្មួញ ដឹកយកទៅលក់បន្តនេះ គឺគាត់ទិញចូលក្នុងតម្លៃ ៧.០០០ រៀល ដល់ដឹកយកមកបោះឱ្យម៉ូយបានតម្លៃ ១០.០០០ រៀល ឬ ១៥.០០០ រៀល ។

បើយោងតាមការឱ្យដឹង ពីម៉ូយដែលដឹកយកទៅលក់បន្ត នៅតំបន់ឆ្ងាយៗ ក្នុងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ កូនកង្កែប ឬកូនកឺនេះ ពួកគាត់បានទទួលទិញ ដឹកយកទៅលក់នៅតាមកន្លែងលក់ ទឹកត្នោតជូរ ស្រាបៀរ តាមកន្លែងផ្សេងៗ ព្រោះកូនកង្កែប ឬកូនកូនកឺ វាជាអាហារមួយ សម្រាប់អ្នកដែលក្លែម នៅតាមទីជនបទ ចូលចិត្តណាស់ ក្រោយពីប្រឡាក់គ្រឿងសព្វគ្រប់ហើយ ដាក់ហាល ដើម្បីលក់ទៅតាមតំបន់ និងកន្លែងផ្សេងៗ ក្នុងការជួបជុំ ដើម្បីបង្កើនចំណូលចិត្ត៕/V-PC