ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ប្រមុខ​អាជ្ញាធរ​កីឡា​លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជំនាញ ស្តីពី​ការរៀប​ចំការ​ប្រ​កួ​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិ លើក​ទី​១ ឆ្នាំ​២០២២ នា​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០២២ បាន​បញ្ជាក់ថា​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ឲ្យ​កាន់តែ​ខ្ពស់​នៃ​ការអនុវត្ត​ការងារ​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) គណៈកម្មាធិការ​ជាតិ CAMSOC រួមទាំង​សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៨​បាន​ឯកភាព​អនុវត្ត​យក​ទីតាំង​ប្រកួត​មួយចំនួនធំ​នៃ​ទីលាន​គោលដៅ​ស៊ី​ហ្គេម​២០២៣ មក​រៀបចំ​ការប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ លើក​ទី​៣ ពីថ្ងៃ​ទី​១៩ ដល់​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​លោក​បាន​លើក​បង្ហាញ​បួន​ចំណុច​សំខាន់ៗ​រួមមាន​៖

១. ទីតាំង​ប្រកួត​សម្រាប់​កីឡា​ស៊ី​​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ យកមក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំ​២០២២​នេះ ដើម្បី​ពិនិត្យមើល​លទ្ធភាព​ស្របតាម​និយាម​បច្ចេកទេស​ប៉ុន្តែ​ទីតាំង​ខ្លះ​មិនបាន​ស្របទៅតាម​ផែនការ​នោះទេ ដោយ សារ​ទីតាំង​ខ្លះ​ជួសជុល​មិនទាន់​ហើយ​ខណៈ​ទីតាំង​ខ្លះទៀត ដែល​ត្រូវ​រៀបចំ​កីឡា​ក្នុង​សាល នៅ​ជ្រោយចង្វារ (OCIC) ត្រូវ​រៀបចំ​៣​ខែ មុនពេល​ស៊ី​ហ្គេម ២០២៣​។​
២. សហព័ន្ធ​កីឡា​ជាតិ​ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​ការងារ​បច្ចេកទេស​ការរៀបចំ​ទីតាំង​ប្រកួត ចាត់តាំង​មន្ត្រី ដើម្បី​ដក​ពិសោធន៍​បន្ថែម ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

៣.​មន្ត្រី​បច្ចេកទេស​នៃ​ប្រភេទ​កីឡា​នានា​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ជា​បន្តបន្ទាប់​រួច​ហើយនឹង​យកចំណេះ​ជំនាញ​ទាំងនោះ​ទៅ​អនុវត្ត​ជាក់ស្តែង ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២​នេះ ដើម្បី​បង្កើតបាន​បទពិសោធន៍ ត្រៀម​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម ២០២៣​។​

​ទី​៤.​គឺពាក់ព័ន្ធ​នឹង​គណៈកម្មការ​ជំនាញ​ផ្សេងៗ​នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២​នឹង​បាន​អនុវត្ត​ការងារ​ជាក់ស្តែង​ដើម្បី​ទទួលបាន​បទពិសោធន៍​ដែល​ក្នុងនោះ​មាន​
​ដូចជា​គណៈកម្មការ​ស​ន្តិ​សុខ​សណ្តាប់ធ្នាប់​សុខាភិបាល​ដូ​ប៉ា​និង​គណៈកម្មការ​ជំនាញ​ផ្សេងៗ​ទៀត​ក្នុង​ការហាត់​ហ្វឹកហ្វឺន​ឲ្យ​មាន​ភាពល្អប្រសើរ​ឈានទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​ឆ្នាំ​២០២៣​។​ក្រៅពីនេះ​គណៈកម្មការ​ជំនាញ​ក៏​នឹង​អាច​ចេះដឹង​បន្ថែម​ពី​របៀបរបប​នៃ​ការចុះបញ្ជី​ប្រតិភូ​កីឡាករ​កីឡាការិនី​មកពី​២៥​រាជធានី​-​ខេត្ត និង​ក្រសួង​ទៀតផង​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ មាន​ប្រភេទ​កីឡា​ចំនួន​៣៨ និង​ប៉ា​រ៉ា​ឡាំ​ពិ​កមាន​ចំនួន​៧​ប្រភេទ​កីឡា (​សរុប ៤០៥​វិញ្ញាសា​)​។ ការប្រកួត​តាម​ប្រភេទ​កីឡា និង​វិញ្ញាសា​គ្រោង​នឹងធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ កែប កំពត ព្រះសីហនុ និង​ខេត្តសៀមរាប​។ ចំពោះ​ពិធី​បើក​កីឡា​ជាតិ ជា​ផ្លូវការ​នឹង​ប្រារព្ធ​ធ្វើឡើង នា​ថ្ងៃទី​២១ ខែវិច្ឆិកា និង​ពិធី​បិទ នា​ថ្ងៃទី​៣០​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​៕​