​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការផ្ទុះ​ហ្គាស​នៅក្នុង​អាគារ​លំនៅស្ថាន​មួយ​កាលពី​ថ្ងៃ​សៅរ៍​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៩​នាក់ រួម​មាន​កូនក្មេង​បួន​នាក់​នៅលើ​កោះ​សាខា​លីន​(Sakhalin)​នៅ​តំបន់​ចុង​​បូព៌ា​របស់​រុស្ស៊ី​។​

​មួយ​ផ្នែក​នៃ​អាគារ​កំពស់​ប្រាំ​ជាន់​នៅ​ក្នុង​ទីប្រជុំជន​ទី​ម៉ូ​វ​ស្កូយេ​( Tymovskoye)​បានរ​លំបាក់​បន្ទាប់ពី​ការផ្ទុះ​ធុង​ហ្គាស​នៅក្នុង​អាគារ​ផ្ទះល្វែង​មួយ​នៅ​ម៉ោង​ប្រមាណ​៥​កន្លះ​ព្រឹក​។​

​ក្រុម​ជួយសង្គ្រោះ​កំពុង​រុករក​ជនរងគ្រោះ​នៅ​ក្រោម​គំនរ​បាក់បែក​របស់​អា​គារ នេះ​បើ​តាម​អភិបាល​កោះ​សាខា​លីន​លោក​វ៉ា​ឡេរី លី​ម៉ា​រ៉េ​ន​កូ​(Valery Limarenko)​បាន​សរសេរ​បង្ហោះ​ក្នុងតេឡេ​ក្រាម​។​​លោក​បាន​បន្ថែមថា មនុស្ស​ប្រមាណ​៣៣​នាក់​ដែល​ស្នាក់​នៅក្នុង​អាគារ​នេះ​កំពុង​បាត់​ដំណឹង​នៅឡើយ​។​

​កោះ​សាខា​លីន ស្ថិតនៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខាងជើង​ជប៉ុន​។​

​យោង​តាម​លោក លី​ម៉ា​រ៉េ​ន​កូ ជនរងគ្រោះ​ពី​ការផ្ទុះ​នេះ​ត្រូវបាន​ផ្តល់​ជម្រក​បណ្តោះអាសន្ន ហើយ​គ្រួសារ​ដែល​បាត់បង់​ផ្ទះសម្បែង​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៥​សែន​រូបល៍​(៨.២០០​ដុល្លារ​) រីឯ​គ្រួសារ​ឬ​សាច់​​ញាតិ​ជនរងគ្រោះ​ដល់​ជីវិត​នឹង​ទទួលបាន​ប្រាក់​១​លាន​រូបល៍​(១៦.៤០០​ដុល្លារ​)៕

​រូបភាព​យកចេញ​ពី​វីដេអូ​បង្ហាញ​និយោជិត​ទៅ​ពី​ក្រសួង​ស្ថានភាព​គ្រាអាសន្ន​ធ្វើការ​នៅ​កន្លែងកើតហេតុ​ដើម្បី​រក​ជនរងគ្រោះ​កាលពី​ថ្ងៃ​១៩​វិច្ឆិកា​