​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ខ្លាឃ្មុំ​ភែ​ន​ដាញី​មួយ​ក្បាល​ដែល​ជា​អំណោយ​របស់​ចិន​ដល់​កោះ​តៃវ៉ាន់ ជា​និម្មិត​រូប​នៃ​ទំនាក់ទំនង​កក់ក្តៅ​មួយ បាន​ងាប់​កាលពី​ថ្ងៃ​សៅរ៍​ក្រោយ​ជួប​រោគ​ប្រគ្រីវកាច់​ជា​​បន្តបន្ទាប់ នេះ​បើ​តាម​ការប្រកាស​របស់​អាជ្ញាធរ​សួនសត្វ​តៃប៉ិ​។​

​អាជ្ញាធរ​សួនសត្វ​នេះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា « ក្រុម​គ្រូពេទ្យ​របស់​យើង​បានបញ្ជាក់​អះអាងថា បេះដូង​របស់​ទួន​ទួន​(Tuan Tuan)​ឈប់​ដើរ​នៅ​ម៉ោង​១៣​និង​៤៨​នាទី​។​សេចក្តី​​ថ្លែងការណ៍​មុននេះ​មួយ​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា ស្ថានភាព​ជំងឺ​របស់​ខ្លាំឃ្មុំ​នេះ​កាន់តែ​វិវត្ត​អាក្រក់ទៅ និង​អាច​លែង​«​រស់​ដោយ​គុណភាព​»​ទៀតហើយ​។​

​ពួក​ពេទ្យសត្វ​បាន​រាយការណ៍​ថា​ខ្លា​ឃ្មុំ ទួន​ទួន​អាយុ​១៨​ឆ្នាំ ឈឺ​ជា​លើកដំបូង​កាលពី​ខែសីហា​ពេល​វា​ចាប់ផ្តើម​រោគ​ប្រគ្រីវកាច់​និង​កាន់តែ​មិន​ស្វាហាប់​ហើយ​ស្គមស្គាំង​ទៅ​។​

​ការស្គែន​បានបង្ហាញ​ថា​វា​រលាក​ខួរក្បាល​និង​ស្ថិត​ក្រោម​ការ​មើលថែរ​ពី​ក្រុម​ពេទ្យសត្វ​រហូត​។​

​ទួន​ទួន ត្រូវបាន​ស្គែ​នរក​ជំងឺ​នៅ​សួនសត្វ​ក្រុង​តៃប៉ិ​

​ក្រុមគ្រូពេទ្យ​សង្ស័យថា ខ្លាឃ្មុំ​នេះ​ដុះ​ដុំ​សាច់​ខួរក្បាល និង​បាន​នាំ​ទៅកាន់​កន្លែង​ព្យាបាល​មួយ​កាលពី​ខែតុលា​។​

​រំលឹកថា ទួន​ទួន និង​ដៃគូ​បង្កាត់​របស់​វា​ឈ្មោះ យួន​យួន (Yuan Yuan)​ត្រូវ​ចិន​ប៉េកាំង​ផ្តល់អោយ​តៃវ៉ាន់​កាលពី​ចុងឆ្នាំ​២០០៨ ពេល​ភាគី​ទាំង​ពីរ​នៅ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​។​ពួក​វា​បាន​ក្លាយជា​​តារា​ទាក់ទាញ​ជា​ខ្លាំង​នៅ​កោះ​តៃវ៉ាន់ ហើយ​យួន​យួន​ចាប់តាំងពី​ពេលនោះ​បាន​ផ្តល់​កំណើត​កូន​ពីរ​៕