​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​លោក វឿ​ង ឌិ​ញ​ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​ដែល​លោក វឿ​ង ឌិ​ញ​ហ្វេ ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ជា​ផ្លូវការ និង​អញ្ជើញ​ចូលរួម មហាសន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី​៤៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​ព្រឹទ្ធសភា ។​

​ក្នុងនាម​ព្រឹទ្ធសភា និង​ខ្លួន​សម្តេច​ផ្ទាល់ សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ ការស្វាគមន៍ ដ៏​កក់ក្តៅ​ចំពោះ​លោក វឿ​ង ឌិ​ញ​ហ្វេ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ជា​ផ្លូវការ និង​អញ្ជើញ​ចូលរួម មហាសន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី​៤៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​សេចក្តី​រីករាយ ដែលមាន​ឱកាស​បាន​ជួប​លោក វឿ​ង ឌិ​ញ​ហ្វេ សារជាថ្មី​ម្តងទៀត នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​គ្នា កាលពី​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាណូយ កន្លងទៅ​ថ្មីៗ​នេះ​។ ការជួបគ្នា​ញឹកញាប់ រវាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ ពិតជា​មាន​សារៈ សំខាន់​ណាស់ ចំពោះ​សភាពការណ៍ នាពេល​បច្ចុប្បន្ននេះ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច របស់លោក វឿ​ង ឌិ​ញ​ហ្វេ និង​គណៈប្រតិភូ ក្នុងឱកាស​នេះ ពិតជា​បញ្ជាក់​ឱ្យឃើញ​ច្បាស់ អំពី​ការយកចិត្តទុកដាក់​ខ្ពស់ ដល់​ការថែរក្សា ពូន​ជ្រំ​ចំណងមិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ រវាង​ប្រទេស សភា និង​ប្រជាជន ទាំងពីរ ដែលមាន​ជា​យូរលង់​មកហើយ ឱ្យ​កាន់តែ​រឹងមាំ ស្ថិតស្ថេរ យូរអង្វែង​។​

​ក្នុងឱកាស​នោះ លោក វឿ​ង ឌិ​ញ​ហ្វេ បាន​សម្តែង​នូវ​សេចក្តី​រីករាយ ដែល​បាន​ដឹកនាំ គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ជា​ផ្លូវការ លើក​ទី​១ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា ប្រធានរដ្ឋសភា​វៀតណាម ។ ក្នុង​ដំណើរ​ទស្សនកិច្ច និង​ការចូលរួម​មហាសន្និបាត អន្តរ​សភា​អាស៊ាន លើក​ទី​៤៣ នេះ គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាងច្បាស់ អំពី​ការពង្រឹង​ពង្រីក ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ ក្នុងនាម​ជា​មិត្ត​ល្អ ជា​បងប្អូន​ល្អ ជា​អ្នកជិតខាង​ល្អ និង​ជា​ដៃគូ​ល្អ ស្របតាម​ពាក្យស្លោក “​ភាពជា​អ្នកជិតខាង​ល្អ មិត្តភាព ជា​ប្រពៃណី កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង​”​។​

​លោក​ប្រធានរដ្ឋសភា​វៀតណាម បាន​សម្តែង​នូវ ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​នានា និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា ដែល​សម្រេចបាន នាពេល​កន្លងទៅ ជាពិសេស​ប្រទេស​កម្ពុជា ទទួលបាន​ជោគជ័យ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០,៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ។
​លោក​មាន​ជំនឿ​ជឿជាក់ថាៈ សភា​កម្ពុជា នឹង​ទទួលបាន​ជោគជ័យ ក្នុង​ការរៀបចំ​មហាសន្និបាត អន្តរ​សភា​អាស៊ាន លើក​ទី​៤៣ នាពេល​ខាងមុខនេះ​។ លោក​ប្រធានរដ្ឋសភា​វៀតណាម បាន​គូសបញ្ជាក់ថាៈ អនុវត្តតាម​ស្មារតី នៃ​ជំនួប​ជាមួយ សម្តេច​ប្រធានព្រឹទ្ធសភា នាពេល​កន្លងទៅ ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ជាមួយនឹង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កម្ពុជា នាពេល​បន្តិចទៀតនេះ ដើម្បី​រួមចំណែក ក្នុងការ​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ រវាង​សភា​នៃ​ប្រទេស​ទាំងពីរ ។​

​លោក​ប្រធានរដ្ឋសភា​វៀតណាម សង្ឃឹមថាៈ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​រដ្ឋាភិបាល និង​រដ្ឋសភា​វៀតណាម ជាមួយ​សភា​កម្ពុជា និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ កាន់តែ​រីកចម្រើន​ថែមទៀត នាពេលខាងមុខ​។ លោក​បាន​បញ្ជាក់ថាៈ រដ្ឋសភា​វៀតណាម នឹង​ខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ពង្រឹងពង្រីក ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ ជាច្រើន ដើម្បី​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​៥៥ ឆ្នាំ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត និង​ឆ្នាំ​មិត្តភាព កម្ពុជា​-​វៀតណាម ។ សម្តេច​បាន​វាយតម្លៃ​ខ្ពស់ និង​អបអរសាទរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល ទាំងពីរ ក្នុង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ ដែល​បានរួម​ចំណែក​ដ៏​សំខាន់ ដល់​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​រួម​។ ជាមួយគ្នានេះ សម្តេច​ក៏បាន​អបអរសាទរ ចំពោះ​សមិទ្ធផល​ថ្មី ដែល​រដ្ឋាភិបាល​ទាំងពីរ បាន​ចុះហត្ថលេខា​លើ ឯកសារ​តូប​ករ​ណ៍​សំខាន់ៗ ចំនួន ១១ ឯកសារ​បន្ថែមទៀត ក្នុងឱកាស​ទស្សនកិច្ច ជា​ផ្លូវការ​របស់លោក នាយករដ្ឋមន្ត្រី វៀតណាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា កន្លងទៅ​ថ្មីៗ​នេះ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បានកត់សម្គាល់​ឃើញថាៈ ក្នុង​កាលៈទេសៈ​ដែល​ពិភព​លោភ កំពុង​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​សកល សន្តិសុខ​ស្បៀង និង​ថាមពល ប្រទេស​ទាំងពីរ រក្សាបាន​នូវ កំណើនសេដ្ឋកិច្ច​វិជ្ជមាន និង​នាំមុខ​នៅក្នុង​តំបន់​។ ប្រទេស​ទាំងពីរ គួរ​គប្បី​ខិតខំ​បន្ថែមទៀត ទាញយក​ប្រយោជន៍ ឱ្យអស់​សក្តានុពល ពី​យន្តការ​កិច្ចសហប្រតិបត្តិការ ដែលមាន​ស្រាប់ ដើម្បី​បង្កើន​ទំហំ​ការផ្លាស់ប្តូរ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ បន្ថែមទៀត ដើម្បី​ធានា​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់​អតិផរណា ពង្រឹង​ភាពជា​ម្ចាស់ ឯករាជ្យភាព ទប់ស្កាត់​ការជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​ពី​ខាងក្រៅ និង​ទប់ស្កាត់​ឧបាយកល​របស់​ពួក​អមិត្ត ដែល​ប៉ុនប៉ង​បំបែកបំបាក់ ចំណងមិត្តភាព សាមគ្គីភាព នៃ​ប្រទេស​ទាំងពីរ​។​

​ទន្ទឹមគ្នានេះ សម្តេច បាន​គូសបញ្ជាក់ថាៈ ប្រទេស​កម្ពុជា ចាត់ទុក​វៀតណាម គឺជា​មិត្ត​ល្អ ជា​បងប្អូន​ល្អ ជា​អ្នកជិតខាង​ល្អ និង​ជា​ដៃគូ​ល្អ តាម​ពាក្យស្លោក “​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង​”​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​ការអបអរសាទរ សភា​ប្រទេស​ទាំងបី កម្ពុជា​-​ឡាវ​-​វៀតណាម ដែល​បានសម្រេច​ដំឡើង​កម្រិត នៃ​កិច្ចប្រជុំ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ពី​កម្រិត​ប្រធាន​គណៈកម្មការ កិច្ចការបរទេស ទៅ​កម្រិត​ប្រធានសភា ដែល​កិច្ចប្រជុំ​ប្រព្រឹត្តទៅ ពីរ​ឆ្នាំ​ម្តង ហើយ​ប្រទេស​ឡាវ នឹង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​

​ក្នុងនាម​ព្រឹទ្ធសភា និង​ខ្លួន​សម្តេច​ផ្ទាល់ សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ដ៏ ជ្រាលជ្រៅ ចំពោះ​រដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ផ្តល់ជំនួយ ជា​សម្ភារៈ បរិក្ខារ​ការិយាល័យ ដល់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កម្ពុជា​។ ជំនួយ​របស់​រដ្ឋសភា វៀតណាម ក្នុងពេល​កន្លងទៅ និង​ក្នុង​ពេលនេះ បានរួម​ចំណែក​ក្នុង​ដំណើរការ​ការងារ​រប​ស់ ព្រឹទ្ធសភា​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​ព្រឹទ្ធសភា​កម្ពុជា នឹង​បន្ត​ប្រើប្រាស់​ជំនួយ​នេះ ប្រកបដោយ​គណនេយ្យភាព​។​

​ឆ្លៀត​យក​ឱកាស​នេះ សម្តេច​ប្រធានព្រឹទ្ធសភា បាន​ជម្រាប​លោក វឿ​ង ឌិ​ញ​ហ្វេ ជ្រាបថាៈ កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០, ៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ បាន​បញ្ចប់ទៅ​ប្រកបដោយ ជោគជ័យ ដើម្បី​ធានា​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ នៅក្នុង​គ្រួសារ​អាស៊ាន ក៏ដូចជា​រួមចំណែក កសាង​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់ និង​អន្តរជាតិ ទាំងមូល​ផងដែរ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ប្រសិទ្ធពរ​ជូន​លោក វឿ​ង ឌិ​ញ​ហ្វេ និង​គណៈប្រតិភូ មាន​សុខ​ភាពល្អ បរិបូរណ៍ និង​ទទួលបាន​ការរីករាយ ក្នុងពេល​ស្នាក់អាស្រ័យ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បន្ទាប់ពី​កិច្ចពិភាក្សា​ទ្វេភាគី​រួចមក សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វឿ​ង ឌិ​ញ​ហ្វេ ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា​កម្ពុជា ជាមួយនឹង​ខុ​ទ្ធ​កាល័យ​រដ្ឋសភា វៀតណាម ដែល​ចុះហត្ថលេខា​ដោយ លោក អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា​កម្ពុជា និង​លោក Bui Van Cuong ប្រធាន​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម​។​

​អនុស្សរណៈ​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​រួមចំណែក​ក្នុងការ​ពង្រឹង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា​-​វៀតណាម និង​លើកកម្ពស់​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ រវាង​សេនាធិការ របស់​សភា នៃ​ប្រទេស​ទាំងពីរ ឱ្យ​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន ព្រមទាំង​ភាគី​ទាំងពីរ បន្ត​ពង្រឹង​សាមគ្គីភាព និង​ជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុង​ទម្រង់​ផ្សេងៗ ដើម្បី​គាំទ្រ​ដល់​សភា​ទាំងពីរ និង​គណៈកម្មការ​ធិ​ការ​សភា នៃ​ប្រទេស​ទាំងពីរ ក្នុងការ​អនុវត្ត​មុខងារ និង​ភារកិច្ច ដូចដែល​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ប្រទេស​នីមួយៗ​៕/V​