ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះមេរោគកូវីដ-១៩ ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។ គ្រូពេទ្យដែលព្យាបាលសម្តេចបានចេញលិខិតបញ្ជាក់ដូចមានភ្ជាប់ជាមួយ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃអាទិត្យស្អែកនេះ និងពេញមួយសប្តាហ៍សម្តេចមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមអរគុណបងប្អូនជនរួមជាតិដែលបារម្មណ៍និងបានជូនពរដល់រូបសម្តេច។
យោងតាមលិខិតបញ្ជាក់របស់ក្រុមវេជ្ជបណ្ឌិតថែទាំសុខភាពសម្តេចយតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ បានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់សម្ដេចល្អជាធម្មតាបន្ទាប់ពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ និងរហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្ថានភាពសុខភាពរបស់សម្ដេចតេជោ នៅល្អជាប្រក្រតីពុំមានរោគសញ្ញាណាមួយដែលនាំឱ្យរំខានឡើយ។ បន្ទាប់ពីការដឹកនាំគណៈប្រតិភូវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ សម្ដេចតេជោ បានបន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការតាមដាននិងព្យាបាលជំងឺនៅគេហដ្ឋាន ។ យោងតាមការពិនិត្យសុខភាពប្រចាំថ្ងៃ ដោយក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថាសុខភាពរបស់ សម្ដេចតេជោ មានភាពមាំមួន និងពុំមាន សញ្ញានៃការវិវត្តនៃជំងឺកូវីដ-១៩ឡើយ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលនៃការធ្វើតេស្តរហ័ស និងតេស្ត PCR រកវីរុសកូវីដ-១៩ បានទទួលលទ្ធផលអវិជ្ជមានដូចគ្នា។

ស្របតាមលក្ខណបច្ចេកទេសវេជ្ជសាស្ត្រ និងលក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកម្រិតស្រាលធ្វើការព្យាបាលនៅតាមផ្ទះ និងការចាក់វ៉ាក់សាំងបានពេញលេញ របស់ សម្ដេចតេជោ ក្នុងនាមជាក្រុមវេជ្ជបណ្ឌិតប្រចាំការ ថែទាំសុខភាពជូន សម្ដេចតេជោ សូមគោរពធ្វើការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកម្រិតស្រាលដែលកើតមាន ចំពោះសម្តេច ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយពុំតម្រូវឱ្យបន្តធ្វើចត្តាឡីស័កក្រោយការ បញ្ចប់ការព្យាបាលឡើយ៕សរន