ដោយៈ មុនីរ័តុ្ន / ភ្នំពេញៈ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែក ចំណេះដឹងបទពិសោធន៍ ចំនួន ៣ ចំណុច ជូនដល់សមាជិកា និងយុវតី ដែលបានចូលរួម ក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នើម”។

ចំណុចទាំងបីនោះគឺៈ ១- ចាប់ផ្តើមជួយសង្គមរបស់អ្នកពីចំណុចតូចៗទៅ, ២- រៀនពីអ្នកដទៃដើម្បីជួយខ្លួនឯង និងសង្គម, ៣- ធ្វើការអ្វីមួយ ធ្វើដោយស្ម័គ្រចិត្ត ទឹកចិត្ត និងដោយបេះដូង ដែលចំណុចទាំង ៣ នេះ គឺពិតជាអនុសាសន៍ដ៏ល្អ និងការលើកទឹកចិត្តដ៏មានឥទ្ធិពល សំរាប់កុមារី យុវតី និងស្ត្រី អាចយកទៅអនុវត្ត សម្រាប់ជីវិតការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។

លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗទាំងនេះ នៅក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នើម” ដែលប្រារព្ធធ្វើឡើង នៅខេត្តកំពត ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់លោកស្រី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល សាខាខេត្តកំពត អគ្គស្នងការស្នងការ ថ្នាក់ដឹកនាំ ក្រុមការងារ និងសមាជិកាសកម្ម ក្រុមវឌ្ឍននារី និងក្រុមកាយឫទ្ធិនារី សមាជិកា-សមាជិកគាំទ្រ ភ្ញៀវកិត្តិយស សិស្សានុសិស្ស និងនិស្សិត សរុបជាង ៤០០ នាក់។

នៅក្នុងកម្មវិធីនោះ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានបើកឱកាសឱ្យសមាជិកា និងអ្នកចូលរួម ជាពិសេសសមាជិកាសកម្មរបស់ សមាគមកាយឫទ្ធិនារីកម្ពុជា បានចូលរួមទទួលយក បទពិសោធន៍ នៃការចូលរួមកម្មវិធី បានបង្កើនបណ្ដាញទំនាក់ទំនង បានមានឱកាស បញ្ចេញភាពក្លាហាន តាមរយ:ការសាកសួរសំណួរ និងទទួលនូវសារសំខាន់ៗ ដែលលោកស្រី បានចែករំលែកដល់ពួកគាត់ ដែលជាគន្លឹះ អាចឱ្យពួកគាត់ យកទៅអនុវត្ត ដើម្បីកសាងអនាគត និងទិសដៅជិវិតប្រសើរ។ លើសពីនេះ គឺកាន់តែជំរុញទឹកចិត្តការចូលរួមស្ម័គ្រចិត្ត ចែករំលែករបស់ សមាជិកគាំទ្រ កាន់តែខ្លាំងទៀត ព្រោះសកម្មភាពពិតប្រាកដរបស់ សមាគមកាយឫទ្ធិនារីកម្ពុជា គឺពិតជាទទួលបាន ផលប្រយោជន៍ ពីការកម្មវិធីរបស់សមាគម ហើយបានអភិវឌ្ឍន៍ ចំណេះដឹង សមត្ថភាពជំនាញ សីលធម៌គុណធម៌ ដើម្បីដឹកនាំជីវិតរបស់ពួកគេ៕/V