​ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ហើយ​បើ​មាន​ពឹងពាក់​នរណា ឬ ចង់​ចរចា​រឿង​អ្វីមួយ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​គាប់ចិត្ត​។​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង ហើយ​មានការ​ចម្រើន​លូតលាស់​គួរសម​។​ចំពោះ​ការប្រកប​របរ រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកចម្រើន​ច្រើន​រឿង ហើយ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​បាន​ហើយ ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ ។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ឈ្លក់​វង្វេង​ទៅលើ​រឿង​កាមគុណ​ប្រយ័ត្ន​ជ្រុលខ្លួន​ដក​លែងរួច នាំទុក្ខ​សោក​ដល់​ថ្ងៃ​គ្រា​ខាងមុខ​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​ថ្ងៃ​បើទោះបី​លោកអ្នក​ធ្វើ​អ្វីមួយ​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​គ្រោះ​ចូល​យាយី​ជាង​សព្វមួយដង​។​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏​តែង​ជួប​នូវ​រឿង​ខ្វាយខ្វល់​ច្រើន និង​សម្រេចចិត្ត​អ្វី​តែង​ខុស​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ប៉ុន្មាន​ទេ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស និង​បង្ករឿង​ចំពោះ​គ្នា​ច្រើនជាង​សព្វមួយដង​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​កុំ​ប្រកាន់​ចិត្ត​ឆេវឆាវ​យក​ល្អ​ត្រូវ​ចេះ រកហេតុ​ផល​ជា​បង្គោល​ទើប​ជោគជ័យ​និង​អាច​រក​សេចក្តីសុខ​ស្រួលខ្លួន​ជាង​នេះ​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ភាព​មោហៈ​ទោសៈ​កើតជា​ជម្លោះ​វិវាទ​មើលមុខ​គ្នា​មិន​ចំ​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​
សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ជាង​ការ​ជឿនលឿន​ទៅមុខ​៕

 

​ឆ្នាំរោង​

 

​រាសី​ធ្លាក់​ស្រុតចុះ​។ ថ្ងៃនេះ​លោកអ្នក​អាច​ជួប​រឿង​ខ្វាយខ្វល់ និង​ប៉ះទង្គិច​ផ្លូវចិត្ត​បន្តិចបន្តួច​កើតឡើង​។​ចំពោះ​ការ​ធ្វើវ​ដំណើរ​ចាក​ចេញពីផ្ទះ​វិញ​លោកអ្នក​មិនត្រូវ​ជួយ​យកអាសារ​គេ​ពេក​ទេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​វិញ​ប៉ុណ្ណោះ​។​ក្នុង​រយៈពេល​នេះ​ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា​មិនត្រូវ​បង្ករឿង​ឈ្លោះប្រកែក ជាមួយ​ចៅហ្វាយនាយ ឬ​ថៅកែ​ឡើយ​ពុំនោះ​អាច​នឹង​បាត់បង់​តួនាទី និង​កន្លែងធ្វើការ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ទំនាក់ទំនង​ចរចា ឬ​ទាមទារ​អ្វីមួយ​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ និង​រួមទាំង​ការគ្រប់គ្រង​រឿង​ប្រាក់កាស​ផង​គឺអាច​ចាប់ផ្តើម​អនុវត្តបាន​ពេញទី​ហើយ​។​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។
​រីឯ​គូគ្រង​ប្តី​ប្រពន្ធ និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ជួប​បញ្ហា​រកាំចិត្ត និង​អាច​កើតរឿង​រាវ​មួយចំនួន​ថែមទៀត ហើយ​ពិសេស​ក្លាយជា​ជម្លោះ​យូរអង្វែង​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ទទួលរង​ប៉ះទង្គិច ហើយ​ធ្វើ​អ្វី​ក៏​មិន​ងាយ​សម្រេច​ដល់​គោលដៅ​ឡើយ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​បញ្ហា​ក្តី​ច្រណែនឈ្នានីស​ឬ​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​
​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​ច្រើនតែ​ក៏​ងាយ​ត្រជាក់ចិត្ត​ចំពោះ​គ្នា​វិញ​ដែរ​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​ត្រូវធ្វើ​ចិត្ត​ត្រជាក់ និង​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ឡើយ ដូចនេះ​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយរ​កស្មាន​មិនត្រូវ ។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំវក

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​លោក​អ្នក​ងាយ​ទទួលផល​ប៉ះទង្គិច​ដោយសារ​ភាគច្រើន​កើត​មកពី​គំនិត និង ការប្រព្រឹត្តិ​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស និង ហោះ​រំលង​ជានិច្ច​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​របស់លោក​អ្នក​ល្អប្រសើរ​ធ្វើឱ្យមាន​ភាពស្រស់​ស្រាយ​ក្នុង​ដំណើរ​ជីវិត​ប្រពៃ​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​គួរសម ម្ល៉ោះហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ដោយមាន​ការខ្ចី​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​ចម្រុងចម្រើន​លូតលាស់ និង​បើ​ចង់​បើក​របរ​ថ្មី​ផង​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក ហើយ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​នៅ​ចំពោះមុខ​នោះ​ឃើញថា​មាន​ច្រើនជាង​សព្វមួយដង​។​ថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវ​ចងចាំ​ថាបើ​កើត​ផល​អាក្រក់​ណាមួយ​ឡើង​តោង​តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​ពី​ធំ​នឹង​ប្រែជា​តូច​ឡើងវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស និង បង្ករឿង​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត លោកអ្នក ត្រូវ​តស៊ូ​ប្រលងប្រជែង​ជាមួយ​អ្នកដទៃ​ច្រើន ម្ល៉ោះហើយ​ងាយ​កើតជា​រឿង​រាវ​និង​មាន​បញ្ហា​ចម្រូងចម្រាស់​នោះ​ក៏​ច្រើន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ត្រឹមត្រូវ​ក្រែង​ភ្លាំងភ្លាត់​ជាប់ផុង​ដកខ្លួន​មិន​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​នៅថ្ងៃនេះ​វិញ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ចាយវាយ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕