​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត​បាល់ទាត់​ពិភពលោក ឬ វើល​ខា​ប់ នឹង​ចាប់ផ្តើម​នៅ​រាត្រី​ថ្ងៃអាទិត្យ​នេះ​ក្នុង​ប្រទេស​កាតា ដោយ​ការប្រកួត​បើកឆាក​គឺ​រវាង​ម្ចាស់ផ្ទះ​កាតា​មក​ពី​មជ្ឈិមបូព៌ា និង អេក្វាឌ័រ មក​ពី​ទ្វីប​អាម៉េរិក​ឡាទីន​។​

– កាតា vs អេក្វាឌ័រ (​ពូ​ល A)

* អេក្វាឌ័រ​ស៊ុត​បញ្ចូល​ទីបាន ២៧ គ្រាប់​ក្នុង​ការប្រកួត​ជម្រុះ​នៅ​អាម៉េរិក​ឡាទីន ដែល​ជា​ការ​រក​គ្រាប់​បាល់​ច្រើន​បំផុត​របស់​ពួកគេ​។​
* កាតា​របូត ៣៣ គ្រាប់​ក្នុងជំនួប ១៨ លើក​ចុងក្រោយ​របស់​ពួកគេ​ទល់​នឹង​ក្រុម​ដែល​មាន​ចំណាត់ថ្នាក់​ទី ៥០ ឡើង​ទៅ​នៅ​ក្នុង​ពិភពលោក​។​
* មានការ​ស៊ុត​បាល់​បញ្ចូល​ទី ១៧ គ្រាប់​ក្នុង​ការប្រកួត​បើកឆាក​វើល​ខា​ប់ ៤ លើកចុងក្រោយ​។​
* អេក្វាឌ័រ​បានស្មើ​៨​លើក​ក្នុងចំណោម​ការប្រកួត​១១​លើក​ចុងក្រោយ​របស់​ពួកគេ​។​

​បន្ទាប់​ពី​ការកសាង​កីឡដ្ឋាន ភាពចម្រូងចម្រាស និង​ការរិះគន់​ជាច្រើន​ឆ្នាំ កាតា​បាន​ឈាន​ជើង​ចូល​ឆាក​ពិភពលោក ខណៈ​ពួកគេ​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ក្នុង​ការប្រកួត​វើល​ខា​ប់​។ ពួកគេ​គឺជា​ក្រុម​ដំបូង​គេ​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៣០ ខណៈ​គ្មាន​ក្រុម​ថ្មីថ្មោង​ណាមួយ​បាន​ឈ្នះ​ការប្រកួត​ដំបូង​របស់​ពួកគេ​នៅ​ក្នុង​ការប្រកួត​វើល​ខាប់​នោះឡើយ ចាប់តាំងពី​សេណេ​ហ្គាល់​ក្នុង​ឆ្នាំ ២០០២​។​

​ទោះយ៉ាងណា​ក៏ដោយ ប្រទេស​ម្ចាស់ផ្ទះ​មាន​កំណត់ត្រា​ល្អ​នៅវើ​លខាប់ ជា​ពិសេស​ចាប់តាំងពី​គេ​បាន​ប្តូរ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​លេង​បើកឆាក​ក្នុង​ឆ្នាំ ២០០៦​។ អាល្លឺម៉ង់ ប្រេ​ស៊ីល និង​រុស្ស៊ី​បានឈ្នះ​ការប្រកួត​បើកឆាក​របស់​ពួកគេ ខណៈ​អាហ្វ្រិក​ខាងត្បូង​បាន​ស្មើ ១-១ ជាមួយ​ម៉ិក​ស៊ិក​។​

​នៅក្នុង​យុគសម័យ ៣២ ក្រុម​ដ៏​ទំនើប​នេះ គ្មាន​ម្ចាស់ផ្ទះ​ណា​ចាញ់​ការប្រកួត​បើកឆាក​របស់​ពួកគេ​នោះ​ឡើយ​។ ក្នុង​ឆ្នាំ ២០០២ ជប៉ុន​បាន​ស្មើ ២-២ ជាមួយ​បែលហ្ស៊ិក ហើយ​កូរ៉េខាងត្បូង​បាន​យក​ឈ្នះ​ប៉ូឡូញ ២-០ ខណៈ​បារាំង​បាន​យក​ឈ្នះ​អាហ្វ្រិក​ខាងត្បូង ៣-០ ក្នុង​ឆ្នាំ ១៩៩៨​។ តើ​កាតា ដែល​ឥឡូវ​មាន​ចំណាត់ថ្នាក់ FIFA លេខ ៥០ នៅលើ​ពិភពលោក អាច​បន្ត​ដំណើរ​ដ៏​រឹងមាំ​នេះ​បានទេ​?

​ក្នុងនាម​ជា​ការប្រកួត​បើកឆាក កាតា​ទល់​នឹង​អេក្វាឌ័រ​មិនមែន​ជា​ការប្រកួត​ដ៏​អស្ចារ្យ​ស្អី​នោះទេ​។ ទោះយ៉ាងណា គេ​មាន​ហេតុផល​ជឿថា​នឹង​មាន​គ្រាប់​បាល់​ច្រើន​នៅក្នុង​កីឡដ្ឋាន Al-Khor នៅ​ថ្ងៃអាទិត្យ​នេះ​។ ទីមួយ ក្រុម​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​កាតា​ក្នុង​ខែតុលា ឆ្នាំ ២០១៨ ដោយ​កាតា​ឈ្នះ ៤-៣ ។​

​ចាប់តាំងពី​ពេលនោះ​មក អេក្វាឌ័រ​បាន​ឆ្លងកាត់​ការកសាង​ក្រុមឡើង​វិញ ដោយ​លើក​ស្ទួយ​មនុស្ស​ជំនាន់​ថ្មី ដែល​បាន​ជួយ​ពួកគេ​ឱ្យ​ត្រឡប់​មកវើ​លខាប់​ឡើងវិញ​។ អាយុ​ជា​មធ្យម​នៃ​ក្រុម​ជម្រើសជាតិ​អេក្វាឌ័រ​ក្នុងអំឡុងពេល​ជម្រុះ​វើល​ខាប់ គឺ ២៥ ឆ្នាំ និង ៣៣៤ ថ្ងៃ ដែល​ជា​អាយុ​ក្មេង​ជាងគេ​ក្នុងចំណោម​ក្រុម​នៅ​អាម៉េរិក​ខាងត្បូង​។​

​ទន្ទឹមនឹងនេះ​ដែរ កាតា​បាន​ធ្វើតេស្តិ៍​ខ្លួន​ឯង​នៅ​ព្រឹត្តិការណ៍ Copa America, North American Gold Cup និង Asian Cup ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ពួក​គេ​លេង​ប្រព័ន្ធ​ដ៏​រលូន ៥-៣-២ ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ លោក ហ្វេ​លិច សាន់​ឆេស (Felix Sanchez) ដែល​សង្កត់ធ្ងន់​ទៅលើ​ការ​វាយបក​រហ័ស និង​ប្តូរ​ការលេង​ទៅ​ស្លាប​ដើម្បី​ដេញចាប់​គូ​ប្រកួត​។​

​ការប្រកួត​បើកឆាក​វើល​ខា​ប់បួន​លើក​ចុងក្រោយ​បាន​បង្កើត​គ្រាប់​បាល់​សរុប ១៧ គ្រាប់ ពោល​ជា​មធ្យម​មាន ៤,២៥ ក្នុង​មួយ​ប្រកួត​។ ខណៈ​កាតា​ត្រូវបាន​គេ​មើលឃើញថា​ជា​ក្រុម​ខ្សោយ​ជាង ពួកគេ​ចូលមក​ក្នុង​ការប្រកួត​នេះ​ក្នុងនាម​ជា​ម្ចាស់​ជើងឯក​អាស៊ី ពួកគេ​បាន​ធ្វើឱ្យ​សហរដ្ឋ​អាម៉េរិក​ខកចិត្ត​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Gold Cup ហើយ​ពួកគេ​បាន​ចំណាយពេល​ជា​ច្រើន​ខែ​ដើម្បី​ត្រៀម​ខ្លួន​រួមគ្នា​សម្រាប់​ការប្រកួត​បើកឆាក​នេះ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ កាតា​មិនទាន់​ប៉ះ​ក្រុម​គុណភាព​ពិតប្រាកដ​នោះទេ​។ ពួកគេ​បាន​ប្រឈម​មុខ​នឹង​ក្រុម​ចំនួន ១៨ ដែល​ស្ថិត​ក្នុង​ចំណាត់​លេខ ៥០ ឡើងទៅ ចាប់តាំងពី​ឆ្នាំ ២០១៨ ដោយ​របូត ៣៣ គ្រាប់​ក្នុង​ការប្រកួត​ទាំងនោះ​។​

​អ្វី​ដែល​ពួកគេ​មាន​គឺ​ដៃគូ​ជួរមុខ​ទាំង​ពីរ​ដ៏​អស្ចារ្យ គឺ Akram Afif ជា​អ្នកបង្កើត​ឱកាស និង Almoez Ali ជា​អ្នក​បញ្ចប់​ទី​។ Ali បាន​ស៊ុត​បាល់​បញ្ចូល​ទី​៩ គ្រាប់​ក្នុង Asian Cup ឆ្នាំ ២០១៩ ដោយ​ឈ្នះ​ស្បែកជើង​មាស និង​ស៊ុត​បាន ៤ គ្រាប់​ទៀត​ក្នុង ៥ ប្រកួត​នៅ Gold Cup ។ ដោយ​មាន​ហ្វូងមនុស្ស​ក្នុងស្រុក​ចាំមើល​និង​លើកទឹកចិត្ត រូប​គេ​ច្បាស់​ជា​អាច​រកបាន​គ្រាប់​បាល់​។​

​លទ្ធផល​ព្យាករណ៍ កាតា ២-២ អេក្វាឌ័រ​៕

ក្រុម​ម្ចាស់ផ្ទះ​វើល​ខាប់​កម្រ​ចាញ់នៅ​ថ្ងៃ​បើកឆា​កណាស់

អេក្វាឌ័រ​ស៊ុត​បញ្ចូល​ទីបាន ២៧ គ្រាប់​ក្នុង​ការប្រកួត​ជម្រុះ​នៅ​អាម៉េរិក​ឡាទីន ដែល​ជា​ការ​រក​គ្រាប់​បាល់​ច្រើន​បំផុត​របស់​ពួកគេ​