​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ លោក​អ៊ី​ឡុន ម៉ាស់​(Elon Musk)​បាន​ស្តារ​គណនី​ទ្វី​ត​ធឺ​(Twitter)​របស់​អតីត​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ​ឡើងវិញ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​លុបចោល​បំរាម​មួយ​​ដែល​បាន​រារាំង​មិនអោយ​លោកចូល​ប្រើ​ទំព័រ​បណ្តាញ​សង្គម​នេះ​ចាប់​តាំងពី​ពេល​ហ្វូង​អ្នកគាំទ្រ​លោក​បាន​សំរុកចូល​វាយប្រហា​រវិ​មាន​សភា​កាលពី​ខែ​មករា ឆ្នាំ​២០២១ ពេល​សភា​ប្រុង​នឹង​ប្រកាស​ជ័យជម្នះ​បោះ​​ឆ្នោត​របស់​គូ​ប្រជែង ចូ បៃ​ដិន​។​

​លោក​ម៉ាស់ ដែល​ជា​ម្ចាស់​និង​ជា​នាយក​ថ្មី​របស់​Twitter​បាន​ធ្វើការ​ប្រកាស​នៅ​ពេល​ល្ងាច​ក្រោយ​ការស្ទង់មតិ​មួយ​បាន​ស្នើសុំ​អោយ​អ្នកប្រើប្រាស់​Twitter​ចុច​”yes” ឬ “no”​អំពីបញ្ហា​ថា​តើ​គណនី​​របស់​ត្រាំ​គួរ​បើក​អោយ​គាត់​ប្រើ​ឡើង​វិញ​ឬ​អត់​។​

​ចម្លើយ​តប​”​យល់ព្រម​-yes”​ទទួលបាន​សម្លេង​៥១,៨​ភាគរយ ។​

​ម៉ាស់​បាន​សរសេរ​បង្ហោះ​ថា​« ប្រជាជន​បាន​និយាយ​ចេញ​មក​ហើយ គណនី​របស់​ត្រាំ​នឹង​ត្រូវ​បើក​អោយ​ដំណើរការ​វិញ​។​សម្លេង​ប្រជាជន ជា​សម្លេង​របស់​ព្រះ​»​។​

​ក្រោយ​ការប្រកាស​បាន​បន្តិច គណនី​របស់​ត្រាំ​ដែល​ពីមុន​ទំនងជា​ត្រូវ​ផ្អាក បាន​លេចចេញ​លើ​វេទិកា​ទាំងស្រុង​ជាមួយនឹង​សារ​មុនៗ​របស់លោកជាង​៥៩.០០០​តែអ្នកគាំទ្រ​(follower)​ពី​មុន​បាន​បាត់អស់។​​ ទោះជាយ៉ាងណាតែក្នុង​រយៈពេល​ប្រមាណ​ជាង​មួយ​ម៉ោង​វា​បាន​កើនឡើង​២​លាន​នាក់​។

​ម៉ាស់ ស្តារ​គណនី​របស់​ត្រាំ​ឡើង​វិញ​នៅ​ពេល​មិន​ដល់​មួយ​ខែ​ផង​ក្រោយ​លោក​ចូល​គ្រប់គ្រង Twitter​និង​នៅ​បួន​ថ្ងៃក្រោយ​ត្រាំ​ប្រកាស​បេក្ខភាព​សំរាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២៤​។​

​គេ​នៅ​មិនទាន់​ដឹង​ថា​តើ​លោក​ត្រាំ​នឹង​វិល​មក​ប្រើ​Twitter​វិញ​ដែរ​ឬ​អត់​។​កាលពី​មុន​លោក​ធ្លាប់បាន​និយាយ​ថា​លោក​នឹង​មិន​វិល​មក​ប្រើ​បណ្តាញ​សង្គម​នេះ​វិញ​ឡើយ​និង​បាន​ប្តេជ្ញា​បង្កើត​បណ្តាញ​​សង្គម​ផ្ទាល់ខ្លួន​មួយ​របស់​លោក​ឈ្មោះ​ថា​Truth Social៕

​កាលពី​ថ្ងៃ​សៅរ៍ ត្រាំ​បាន​និយាយថា​លោក​ដឹង​អំពី​ការស្ទង់មតិ​របស់​ម៉ាស់ តែ​លោក​ថា​លោក​មើលឃើញ​បញ្ហា​ច្រើន​នៅ​Twitter

​ការស្ទង់មតិ​របស់​ម៉ាស់ បាន​ធ្វើ​លើ​មនុស្ស​ជាង​១៥​លាន​នាក់​នៅ​រយៈពេល​២៤​ម៉ោង​

​ត្រាំ​បាត់បង់​ការចូល​ទៅ​ប្រើ​បណ្តាញ​សង្គម​Twitter​នៅ​ពីរ​ថ្ងៃ​បន្ទាប់ពី​អ្នកគាំទ្រ​លោក​សំរុកចូល​វិមាន​សភា​កាលពី​ខែ​មករា​ឆ្នាំ​២០២១